ហេតុអ្វីគួរសិក្សាជំនាញបុរាណវិទ្យា

កម្ពុជាជា​ប្រទេសដែលមានវប្បធម៌យ៉ាងចំណាស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។

 តឹកតាងប្រវត្តិសាស្ត្រជាច្រើន បាន​បង្ហាញរូបរាងនិង​កប់នៅក្នុងដី​ជាច្រើនតំបន់ នៅក្នុងប្រទេសដែលសុទ្ធតែជា​ចំណុចយ៉ាងសំខាន់សម្រាប់អ្នកជំនាញ ជាពិសេស​ជនជាតិខ្មែរដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបង្ហាញទៅកាន់ប្រជាជនជំនាន់ថ្មី ឱ្យកាន់តែលម្អិតនិងច្បាស់លាស់ពីភាពអស្ចារ្យរបស់ដូនតាខ្មែរ។

បុគ្គលបង្គោលដែលជាអ្នកមានសមត្ថភាពស្រាវជ្រាវ និងបង្ហាញ​ពីតឹកតាងប្រវត្តិសាស្រ្តទាំងអស់នោះ គឺជាអ្នកជំនាញ​បុរាណវិទ្យា។ ទាក់ទងនឹងបញ្ហានេះ បណ្ឌិត ផុន កសិកា អ្នកជំនាញបុរាណវិទ្យាតាមរយៈការផ្សព្វផ្សាយជាមួយនឹងរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា បុរាណវិទ្យាជាមុខវិជ្ជាយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ លោកថា​ការសិក្សាមុខវិជ្ជានេះ មានគោលបំណងសំខាន់ៗចំនួន៣យ៉ាងគឺ សិក្សាពីវប្បធម៌​កសាងឡើងវិញនូវជីវិត និងជីវភាពរស់នៅ​ក្នុងអតីតកាល ពន្យល់អំពី​បម្រែបម្រួលវប្បធម៌និង​ការធ្វើបុរាណវត្ថុវិទ្យាឱ្យមានទំនាក់ទំនងជាមួយបច្ចុប្បន្ន។

លោកបណ្ឌិត បានបញ្ជាក់ផងដែរថា គោលបំណងនៃការសិក្សាជំនាញដ៏សំខាន់នេះ គឺស្វែងយល់ពីរបៀបនិងមូលហេតុនៃការបម្រែបម្រួលអាកប្បកិរិយា​របស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយទៀត។ អ្នកជំនាញបុរាណវិទ្យា​ស្រាវជ្រាវ​អំពីគំរូឬលក្ខណៈនៃការវិវត្តព្រឹត្តិការណ៍​វប្បធម៌សំខាន់ៗដូចជា ការអភិវឌ្ឍវិស័យកសិកម្មការលេចរូបរាងទីក្រុង ការធ្លាក់ចុះនៃអារ្យធម៌ធំៗ។ សំខាន់នោះគឺអ្នកជំនាញបុរាណវិទ្យា ស្រាវជ្រាវ​អំពីរបៀប​ដែលអាចទស្សទាយអំពីការប្រែប្រួល​នៃវប្បធម៌​ ហើយត្រូវមានគម្រោង​ល្អៗបែប​ណាដើម្បីអនាគត។ ការស្រាវជ្រាវបុរាណវត្ថុវិទ្យាមិនត្រឹមតែសិក្សាលើអ្វីៗដែល​រៀបរាប់ខាងលើប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបេតិកភណ្ឌ និងប្រវត្តិសាស្ត្រសម្រាប់វប្បធម៌ផ្សេងៗទៀតផងដែរ។

អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ផងដែរថា យើងនឹងមិនអាចដឹងអំពីការអភិវឌ្ឍ​វប្បធម៌របស់មនុស្សនៅសម័យ​បុរេ​ប្រវត្តិបានទេប្រសិនបើមិនមានការសិក្សាតាមបែបបុរាណវត្ថុវិទ្យា។ ជាងនេះទៅទៀតបុរាណវត្ថុវិទ្យា​បង្ហាញអំពីរូបរាងនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជាអ្នកបម្រើ អ្នករករករ៉ែ និងកម្មករ​ងន្តោប្រវេសន៍​នៅសម័យកាលដំបូងៗដែលមិនមាន​កត់ត្រាល្អិតល្អន់ពីអ្នកប្រវត្តិសាស្រ្ត៕