កុមារជាធនធានយ៉ាងមានសារៈសំខាន់សម្រាប់អនាគតសង្គមជាតិ ពួកគេនឹងក្លាយជាប្រជាជនសកម្មឬអាចក្លាយជាអ្នកជំនាញលើគ្រប់វិស័យទាំងអស់នៅថ្ងៃខាងមុខ។ ហេតុនេះហើយ ទើបការយកចិត្តទុកដាក់ក្នុងការគាំពារកុមារគឺជារឿងសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។
អង្គការទស្សនៈពិភពលោក (world vision) បានលើកឡើងថាការការពារកុមារជាកត្តាចាំបាច់ដើម្បីឱ្យកុមារអភិវឌ្ឍក្នុងបរិយាកាសវិជ្ជមាននិងមានសុខភាពល្អ។ លើសពីនេះ ការអប់រំបែបវិជ្ជមាន និងគ្មានអំពើហិង្សាទៅកាន់កុមារជាគន្លឹះក្នុងការអនុញ្ញាតឱ្យពួកគេលូតលាស់ប្រកបដោយសុខភាពល្អនិងប្រាជ្ញាឈ្លៀសវៃ។ កិច្ចការងារសំខាន់នេះចាំបាច់ត្រូវការការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គម ជាពិសេសពីសំណាក់អាណាព្យាបាលដែលជាអ្នកនៅស្និទ្ធជាមួយនឹងកុមារផ្ទាល់។
ខាងក្រោមនេះជាគន្លឹះ៤យ៉ាងសម្រាប់ជួយកុមារឱ្យមានសុវត្ថិភាព៖
១. ត្រូវដឹងពីព័ត៌មានពីការរំលោភបំពាន ឬហិង្សា
អាណាព្យាបាលគួរព្យាយាមស្វែងយល់ឱ្យបានដឹងពីព័ត៌មានអំពីការរំលោភបំពានឬអំពើហិង្សាដែលកើតឡើងទៅលើកុមារឱ្យបានច្រើន ដើម្បីជួយកុមារឱ្យជៀសផុតពីការរំលោភបំពានក៏ដូចជាជៀសវាងការអនុវត្តសកម្មភាពណាដែលអាចជាទម្រង់នៃអំពើហិង្សាចំពោះកុមារ។កាលណាកុមារមិនទទួលបានការរំលោភបំពាន និងអំពើហិង្សាធ្ងន់ធ្ងរជីវិតរបស់គេក៏អាចរីកលូតលាស់ប្រកបដោយការអភិវឌ្ឍជាវិជ្ជមានផងដែរ។
២.បង្រៀនកុមារឱ្យចេះការពារខ្លួន
ស្ថាប័នខាងលើបានបញ្ជាក់ថា ឪពុកម្តាយឬអ្នកថែទាំកុមារត្រូវនិយាយជាមួយកូនអំពីរបៀបការពារខ្លួនដោយប្រើប្រាស់វិធានការបីយ៉ាងគឺឆ្លើយថាទេចំពោះសកម្មភាពទាំងឡាយណាដែលអូសទាញឱ្យកុមារទទួលរងនូវការបៀតបៀនហើយជំរុញពួកគេឱ្យទៅប្រាប់អ្នកដែលអាចជួយពួកគេបានដើម្បីធានាពីសុវត្ថិភាពផ្ទាល់ខ្លួន។
៣. អាណាព្យាបាលគួរដឹងពីអ្វីដែលកំពុងកើតឡើងក្នុងសង្គម
World Vision បញ្ជាក់ថាឪពុកម្តាយត្រូវដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍ និងសង្គមជាតិ។នៅពេលអាណាព្យាបាលបានដឹងពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងគាត់អាចនឹងពិចារណាដើម្បីធ្វើយ៉ាងណាជំរុញឱ្យកូនៗរបស់គាត់សុវត្ថិភាពពីព្រឹត្តិការណ៍មិនល្អដែលកំពុងកើតឡើង។
៤.ទាក់ទងជំនួយនៅពេលមានការរំលោភបំពាន
សម្រាប់ទំនាក់ទំនងដើម្បីសុំជំនួយនៅពេលដែលមានការរំលោភបំពានឬអំពើហិង្សាលើកុមារ សាធារណជននិងអាណាព្យាបាលអាចទាក់ទងទៅកាន់បណ្តាញទូរស័ព្ទជំនួយកុមារលេខ ១២៨០ឬអាចទាក់ទងទៅអង្គការនានាដែលគាំពារកុមារ៕