សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ខ្លះមកហើយអំពីកីឡាករបាល់ទាត់អន្តរជាតិល្បីៗដូចជាកីឡាករជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាដើមដែលខ្សែជីវិតរបស់ពួកគេសុទ្ធសឹងតែឆ្លងកាត់រឿងរ៉ាវប្រវត្តិតស៊ូជាច្រើនរហូតបានក្លាយជាកីឡាករឆ្នើមលំដាប់ពិភពលោកមកទល់សព្វថ្ងៃនេះ។
ដោយឡែកសម្រាប់ពេលនេះ ក្រមាប៉ុស្ត៍ក៏សូមនាំអារម្មណ៍ប្រិយមិត្តទៅដឹងពីរឿងរ៉ាវខ្លះៗរបស់កីឡាករជម្រើសជាតិមួយរូបរបស់ប្រទេសអង់គ្លេសគឺកីឡាករ Jamie Vardy ដែលប្រិយមិត្តវិស័យបាល់ទាត់ខ្លះប្រាកដជាស្គាល់។ ចង់ដឹងថាកីឡាករធ្លាប់មានជីវិតជាបុគ្គលិករោងចក្ររូបនេះ ដែលស្រលាញ់កីឡាបាល់ទាត់ហើយបន្តជំនាញមួយនេះសម្រាប់ជាអាជីព និងបានក្លាយជាកីឡាករជម្រើសជាតិអង់គ្លេសបានឆ្លងកាត់អ្វីខ្លះ សូមប្រិយមិត្តរីករាយអានទាំងអស់គ្នា៖
ផ្តើមចេញពីយុវជនស្រលាញ់ចូលចិត្តបាល់ទាត់
ផ្តើមចេញពីយុវជនអង់គ្លេសវ័យ១៦ឆ្នាំម្នាក់ដែលធ្លាប់លេងបាល់ទាត់យុវជននៅក្លឹបកីឡាបាល់ទាត់ Sheffield Wednesday រួចបន្តប្រលូកក្នុងវិស័យកីឡានេះនៅក្នុងក្លឹប Stocksbridge Park Steels ក្លឹប Halifax Town និងក្លឹប Fleetwood Town នៅអង់គ្លេសដែលជាក្លឹបកីឡា៤ដំបូងសម្រាប់ជីវិតបាល់ទាត់នៅមុនពេលរូបគេបានឈានចូលទៅកាន់ក្លឹបធំដែលស្ថិតក្នុងលំដាប់ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស គឺPremier League សព្វថ្ងៃនេះ។
បើទោះបីជាមានឈ្មោះល្បីក្នុងការប្រកួតបាល់ទាត់លេងក្នុងក្របខ័ណ្ឌខាងក្រោមក្របខ័ណ្ឌកំពូលក៏ដោយ សមត្ថភាពរបស់ Jamie Vardyពុំទាន់ត្រូវបានអ្នកគាំទ្របាល់ទាត់ជាច្រើននាក់ស្គាល់គេនៅឡើយដែលកាលនោះក្នុងឆ្នាំ២០១១ រូបគេបានស៊ុតបញ្ចូលទីក្រុមគូប្រកួតបាន៣១គ្រាប់ក្នុងការបង្ហាញខ្លួន៣៦លើក លេងឱ្យក្រុម Fleetwood Town។
អភិវឌ្ឍខ្លួនឈានជើងចូលក្នុងក្លឹបបាល់ទាត់ធំ
ទោះជាយ៉ាងណាដោយសារការស្រលាញ់វិស័យបាល់ទាត់បើទោះជាពេលនោះ យុវជន Vardy ត្រូវធ្វើការងារក្រៅម៉ោងជាបុគ្គលិករោងចក្រផលិតសម្ភារៈបិរក្ខារពេទ្យ ដើម្បីជីវភាពក៏ដោយនៅឆ្នាំ២០១២ កីឡាករដែលមានដើមកំណើតនៅទីក្រុង Sheffield ប្រទេសអង់គ្លេសរូបនេះក៏បានចុះកុងត្រាលេងឱ្យក្លឹបបាល់ទាត់ Leicester Cityដែលកាលនោះក្លឹបបាល់ទាត់នេះពុំទាន់ឡើងទៅក្នុងក្របខ័ណ្ឌកំពូល Premier League នៅឡើយទេពោលគឺស្ថិតនៅលំដាប់ក្របខ័ណ្ឌក្រោមក្របខ័ណ្ឌកំពូលដដែល។
ជួយក្លឹបឡើងទៅឈ្នះពានក្របខ័ណ្ឌកំពូល
Jamie Vardy ចាប់លេងឱ្យក្លឹប Leicester Cityចាប់ពីរដូវកាលឆ្នាំ២០១២-២០១៣ដោយជួយក្រុមឈ្នះក្នុងការប្រកួតហើយអ្វីដែលពិសេសនោះគឺនៅរដូវកាល២០១៣-២០១៤ដែល Vardyបានស៊ុតឱ្យក្រុមបាន១៦គ្រាប់ដែលធ្វើឱ្យក្រុម Leicester City ស្ថិតនៅកំពូលតារាងប្រកួតក្របខ័ណ្ឌដែលនាំឱ្យក្រុមបានគ្រប់លក្ខខណ្ឌមានឈ្មោះទៅកាន់ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស។អ្វីដែលមិននឹកស្មានគឺនៅរដូវកាលឆ្នាំ២០១៥-២០១៦គឺ Vardyរួមទាំងមិត្តរួមអាជីពក្នុងក្រុមបានទទួលជ័យជម្នះលើការប្រកួតជាមួយក្លិបបាល់ទាត់កម្រិតខ្លាំងៗ។
អ្វីដែលកត់សម្គាល់នោះគឺ២៤គ្រាប់របស់ Vardyបានជួយរុញឱ្យពិន្ទុLeicester Cityទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌកំពូល។ដោយសារពិន្ទុនៅតែខ្ពស់ដាច់គេទោះមានការប្រកួតជាបន្តបន្ទាប់ក៏ដោយនោះពានរង្វាន់ក្របខ័ណ្ឌកំពូលបានប្រគល់ដល់ក្លឹបLeicester Cityក្នុងនាមជាអ្នកឈ្នះដែលជាលើកទី១ក្នុងប្រវត្តិសាស្រ្ត១៣២ឆ្នាំរបស់ក្លឹបនិងបានធ្វើឱ្យពិភពអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលជាប្រវត្តិសាស្រ្តនឹងអំណរសាទរចំពោះជ័យជម្នះរបស់ក្លឹបដែលបានវិវឌ្ឍខ្លួនឡើងរហូតដល់បានកាន់ពានរង្វាន់កំពូលនេះ។ សម្រាប់ការស្ថិតក្នុងដំណែងពានរង្វាន់នេះដែរគឺបានឱកាសនាំឱ្យក្លឹបទៅកាន់ការប្រកួតពានរង្វាន់កម្រិតខ្លាំងក្នុងកម្រិតតំបន់មួយទៀតគឺពានរង្វាន់ក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League។
ជ័យជម្នះពីការខិតខំប្រឹងប្រែងរហូតត្រូវកោះហៅក្នុងបញ្ជីប្រកួតតំណាងឱ្យប្រទេសជាតិ
នៅថ្ងៃទី២១ ឧសភា ២០១៥ កីឡាករ Jamie Vardy ត្រូវបានកោះហៅមានឈ្មោះក្នុងបញ្ជីលេងឱ្យជម្រើសជាតិអង់គ្លេស។ ពេលនោះ Vardyបានប្រកួតតំណាងឱ្យជាតិ(ប្រទេសអង់គ្លេស)ទាំងប្រកួតមិត្តភាពប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ UEFA Euro 2016 និងបានជាប់ក្នុងបញ្ជីជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីផងដែរ(2018 FIFA World Cup)។
Jamie Vardy បានស៊ុតគ្រាប់ទីមួយក្នុងនាមតំណាងជាតិរបស់ខ្លួននៅថ្ងៃទី២៦ ខែមីនា២០១៦ទល់នឹងជម្រើសជាតិអាល្លឺម៉ង់ដោយលទ្ធផលអង់គ្លេស៣-២អាល្លឺម៉ង់(អង់គ្លេសយកឈ្នះអាល្លឺម៉ង់៣ទល់នឹង២គ្រាប់) នៅលើទឹកដីកីឡដ្ឋាន Olympiastadion Berlin ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់៕
ប្រភព៖ LCFC, BBC