អ្នកជំនាញ ៖ បញ្ហាកូវីដ១៩នៅកម្ពុជាបច្ចុប្បន្ន មិនទាន់អាចធ្វើឱ្យវិស័យអចលនទ្រព្យជួបវិបត្តិធ្ងន់ធ្ងរខ្លាំងនោះទេ

ភ្នំពេញ៖ អ្នករកស៊ីក្នុងវិស័យអចនទ្រព្យមួយចំនួន​ មានការព្រួយបារម្ភពីការអូសបន្លាយពេលយូរនៃការរីករាលដាលជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលអាចនឹងធ្វើឱ្យវិស័យអចលនទ្រព្យទទួលរងនូវវិបត្តិកាន់តែធ្ងន់ធ្ងរ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យមួយនេះមើលឃើញថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនៅតែមានចរន្ត និងឱកាសងើបឡើងវិញក្នុងល្បឿនលឿន។

លោក សន សៀប អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងកម្មវិធីស្តីពីការប្រឹក្សាយោបល់អាជីវកម្មអចលនវត្ថុ តាមប្រពន្ធអនឡាញនៅចុងសប្តាហ៍នេះបានពន្យល់ថា ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជាក្នុងពេលមានវិបត្តិនេះ គឺចលនាមួយដែលអាចជួយជំរុញ និងគាស់ឱ្យវិស័យអចលនទ្រព្យកម្ពុជាងើបឡើង និងមានសន្ទុះវិញក្នុងល្បឿនមួយលឿន។ 

លោកថា ក្នុងរយៈពេលដែលបញ្ហាកូវីដកំពុងរាតត្បាត រដ្ឋាភិបាលមិនមានការផ្អាកនោះទេ ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាគម្រោងផ្លូវក្រវាត់ក្រុងទី៣ ផ្លូវចំនួន៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប គម្រោងផ្លូវជាតិលេខ៥ គម្រោងពង្រីកផ្លូវជាតិលេខ២ និងគម្រោងសាងសង់ព្រលានយន្តហោះជាដើម ដែលទាំងនេះសុទ្ធតែជួយជំរុញទៅលើវិស័យអចលនទ្រព្យ។

លោកបន្តថា “ក្រៅពីនេះ រដ្ឋាភិបាលក៏មានផែនការចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ផ្សេងទៀតទៅតាមដំណាក់កាលឱ្យបានកាន់តែច្រើន”។

លោក សន សៀប ថ្លែងបន្តថា “អីចឹងយើងឃើញថាហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំង និងកំពុងតែអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៥ក៏កំពុងត្រូវបានពង្រីក។ យោងតាមហេតុផលទាំងអស់ហ្នឹងហើយ គឺ នៅពេលដែលស្ថានភាពជំងឹកូវីដ១៩ បានធូស្បើយ ខ្ញុំជឿថាសេដ្ឋកិច្ចនឹងដំណើរការឡើងវិញ”។

លោកបានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់ជាមួយនឹងប្រទេសចិនភាគច្រើន និងតំបន់អាស៊ាន ហើយក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅចិន គឺគេដំណើរការឡើងវិញហើយ  ដែលនេះនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការល្អឡើងវិញផងដែរ។   

លោក គាម សៀកឡុង ទីប្រឹក្សាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ថា ទោះក្នុងកាលៈទេសៈណាក៏ទីផ្សារអចលនទ្រព្យកម្ពុជានៅតែដំណើរទៅមុខ ម៉្យាងទៀតទោះបីជួបបញ្ហាដូចសព្វថ្ងៃក៏ដោយក៏តម្លៃ មិនមានការធ្លាក់ថ្លៃខ្លាំងនោះដែរ។ ម្យ៉ាងទៀត ធនាគារ ក៏នៅតែបន្តផ្តល់កម្ចីជូនដល់អតិថិជនសម្រាប់ប្រើប្រាស់នៅក្នុងវិស័យអចលនទ្រព្យ ដែលនេះនៅតែធ្វើឱ្យស្ថានភាពវិស័យអចលនទ្រព្យនៅតែដំណើរការ និងវិលមករកភាពល្អប្រសើរវិញ។

លោក បន្តថា “កម្ពុជា កាលពីពេលថ្មីនេះចេញប្រកាសថា បានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេងនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី ហើយនឹងបន្តចាក់ជូនពលរដ្ឋទៀត។ មួយទៀតដំណើរការក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅចិនដំណើការឡើងវិញ និងការស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់មិនត្រូវបានផ្អាក”។

លោក គាម សៀឡុង ថ្លែងបន្តថា “នៅពេលដែលយើងបានទប់ស្កាត់ការរាលដាល បន្តដំណើរការនៃការចាក់វាក់សំាង និងស្ថានភាពពីខាងក្រៅវាល្អឡើងវិញជាបន្តបន្ទាប់ ហើយបូករួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសល្អ នោះវានឹងទាក់ទាញការវិនិយោគពីបរទេសបន្ថែមពីលើការវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកទៀតជាមិនខាន”៕