វិធីសាស្ត្រលើកទឹកចិត្ត និងជំរុញខ្លួនឯងឱ្យរឹងមាំក្នុងពេលកំពុងជួបទុក្ខលំបាក

ឆាកជីវិតមនុស្សមិនមែនចេះតែរលូនឬជួបតែរឿងល្អៗរហូតនោះទេ។ កាលៈទេសៈលំបាកផ្សេងៗដូចជា បាត់បង់ការងារ បាត់បង់ចំណូលបាត់បង់អ្នកដែលខ្លួនស្រលាញ់ ជួបគ្រោះថ្នាក់ ឬអ្វីផ្សេងទៀតដែលសុទ្ធតែអាចធ្វើឱ្យអ្នកទៅជាបាក់ទឹកចិត្ត ហើយបើទុកយូរអាចនឹងពិបាកស្រោចស្រង់ខ្លួនឱ្យមកងើបឈរឡើងវិញបាន រហូតគិតខ្លីឬធ្វើអ្វីដែលមិនល្អ។ ដើម្បីលើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំដើម្បីក្រោកឈរក្នុងអំឡុងពេលជួបស្ថានភាពលំបាកនេះ អ្នកអាចអនុវត្តតាមចំណុចខាងក្រោមបាន។

១. ដាស់តឿនខ្លួនឯងនូវគំនិតវិជ្ជមាននិងរឿងល្អៗ

អ្វីៗគឺចាប់ផ្ដើមពីខ្លួនឯង។ដូច្នេះអ្នកដែលអាចជួយអ្នកបាននៅពេលនេះ គឺខ្លួនអ្នកនេះហើយ។ មិនថាអ្នកកំពុងស្ថិតនៅក្នុងកាលៈទេសៈលំបាកឬត្រដាបត្រដួសយ៉ាងណា អ្នកត្រូវតែឧស្សាហ៍ដាស់តឿនខ្លួនឯងនូវឃ្លាល្អៗ លើកទឹកចិត្តនិងប្រាប់ខ្លួនឯងឱ្យដើរទៅមុខ មិនចុះចាញ់។ ចូរបោះចោលឱ្យអស់នូវគំនិតអគតិដែលនឹងកាន់តែរុញច្រានខ្លួនអ្នកឱ្យធ្លាក់ជ្រោះកាន់តែជ្រៅងើបលែងរួច។ ប្រសិនបើអ្នកមិនស្រលាញ់ខ្លួនឯងផង តើអ្នកណាមកស្រលាញ់ខ្លួនឯងបាននោះ។

២.ក្រឡេកមើលអ្នកនៅជុំវិញខ្លួន

ការសម្លឹងមើលអ្នកនៅជុំវិញខ្លួនអាចជួយឱ្យអ្នកមើលឃើញថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលណា ព្រោះអ្នកអាចនឹងមើលឃើញមានអ្នកដែលល្អជាងខ្លួន ប៉ុន្តែក៏នៅមានអ្នកដែលមានកម្រិតទាបជាងខ្លួនផងដែរ។ ការសម្លឹងមើលអ្នកដែលតូចទាបជាងខ្លួន ឬលំបាកជាងខ្លួនអាចជួយលួងលោមចិត្តរបស់អ្នកថា “មិនអីទេ! នៅមានអ្នកលំបាកជាងយើងទៀត!មិនមែនមានតែយើងទេដែលលំបាក”។ នេះអាចជាឃ្លាលើកទឹកចិត្តខ្លួនអ្នកមិនឱ្យបោះបង់ ហើយនៅតែបន្តដើរទៅមុខបន្តទៀតបាន។

៣. មើលគំរូមនុស្សរឹងមាំផ្សេងទៀត

គន្លឹះមួយទៀតដែលអ្នកអាចយកមកពិចារណាបាន គឺសម្លឹងមើលគំរូរបស់អ្នកដែលរឹងមាំ ធ្លាប់ឆ្លងកាត់កាលៈទេសៈមុនៗដើម្បីទុកជាមេរៀន និងអនុវត្តតាមដើម្បីដុសខាត់ចិត្តឱ្យចេះអត់ធ្មត់ និងដើរទៅមុខ។ ​ទម្រាំបានជោគជ័យ ពួកគេត្រូវឆ្លងកាត់ទុក្ខលំបាកច្រើន ពេលខ្លះក៏មានការបាក់ទឹកចិត្តដូចអ្នកពេលនេះដែរ។ ដូច្នេះចូរសម្លឹងមើលភាពខ្លាំងនិងភាពរឹងមាំរបស់អ្នកទាំងនោះ ហើយយកមកជំរុញខ្លួនឯង ជាជាងមើលឃើញតែភាពជោគជ័យរបស់គេ ហើយយកមកដាក់សម្ពាធ ឬធ្វើឱ្យខ្លួនឯងកាន់តែបាក់ទឹកចិត្ត ព្រោះតែការប្រៀបធៀបខ្លួននឹងគេ។

៤. នឹកដល់មនុស្សដែលស្រលាញ់និងធ្លាប់លះបង់ដើម្បីអ្នក

មុននឹងសម្រេចចិត្តធ្វើអ្វីដែលនឹងចូលមកបំផ្លាញខ្លួនឯង ឬគិតអ្វីអវិជ្ជមានចូរនឹកដល់មនុស្សដែលស្រលាញ់ និងធ្លាប់លះបង់ដើម្បីអ្នកដោយស្មោះត្រង់ដូចជា ឪពុកម្ដាយក្រុមគ្រួសារជាមុនសិន។ អ្នកទាំងនេះសុទ្ធតែរំពឹងចង់ឃើញអ្នករស់នៅដោយមានក្ដីសុខហើយព្រមលះបង់អ្វីគ្រប់យ៉ាងដើម្បីឃើញអ្នកជោគជ័យ និងរីកចម្រើនទៅមុខ។ ដូច្នេះចូរស្រមៃទៅមើលថា ប្រសិនបើអ្នកបែរជាទន់ជ្រាយ ឬងាយបោះបង់ ធ្វើបាបខ្លួនឯងតើអ្នកទាំងនោះនឹងត្រូវខូចចិត្តយ៉ាងណា៕