មាន ១០ចំណុចនេះក្នុងខ្លួន ទើបគេហៅមនុស្សពូកែពិតប្រាកដ

ជាទូទៅយើងតែងតែសង្កេតឃើញថា មនុស្សពូកែច្រើនតាមផ្នែកផ្សេងៗអ្នកខ្លះរៀនពូកែ ប៉ុន្តែពេលចេញធ្វើការបែរជាមិនសូវជោគជ័យ។ រីឯអ្នកខ្លះឆ្លាតប៉ុន្តែនៅតែធ្វើការឲ្យគេរហូតដល់ចាស់រៀងខ្លួន ចំណែកអ្នកខ្លះទៀតពូកែរកសុីវាងវៃស្របពេលដែលខ្លួនសម្បូរអ្នកស្អប់ និងគំុគួនដោយសារតែអត្តចរិតក្រអឺតក្រទម តាមបែបមនុស្សដែលគិតថាខ្លួនពូកែលើសគេ។ ដូច្នេះខាងក្រោមនេះយើង នឹងនិយាយពីសញ្ញាដែលអាចបង្ហាញថាមនុស្សម្នាក់នោះពិតជាពូកែពិតប្រាកដមែន។

១. មនុស្សគ្រប់គ្រងអារម្មណ៍បានល្អ

មនុស្សដែលពូកែពិតប្រាកដមិនត្រឹមតែឆ្លាតខាង IQ នោះទេសូម្បីតែ EQ ក៏ពូកែដែរ។ ជាមួយគ្នានេះដែរគេអាចដឹងខ្លួនគេថា គេកំពុងខឹង កំពុងសប្បាយចិត្តឬកំពុងពិបាកចិត្ត ហើយគេតែងតែជ្រើសរើស វិធីផ្សេងៗ មិនបង្ហាញចេញមកក្រៅងាយៗឡើយ។ការគ្រប់គ្រងនេះច្រើនបានផលល្អ ព្រោះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចការងារ ឬមនុស្សជុំវិញខ្លួនគេ។

២. មនុស្សពូកែចរចារសម្របសម្រួល

មនុស្សពូកែខាងផ្លូវអារម្មណ៍ និងសតិបញ្ញាគេតែងតែដឹងថាដើម្បីសម្រេចកិច្ចការងារនេះ គេគួរនិយាយរបៀបម្តេច ផ្តើមរបៀបម្តេចនិងបញ្ចប់ទៅដោយរបៀបម្តេចទើបល្អបំផុត។ មនុស្សពូកែគេមិនប្រើច្បាប់ព្រៃ និងប្រើតែអំណាចមកចរចារនោះទេ។

៣. ពូកែធ្វើការងារជាក្រុម

មនុស្សពូកែមិនឈរតែម្នាក់ឯងទេ ពួកគេច្រើនពូកែធ្វើការជាក្រុមដើរទៅមុខជាក្រុមហើយ ចេះជម្រុញសមាជិកក្នុងក្រុមគេបានយ៉ាងល្អ គែពូកែដឹកនាំលើកទឹកចិត្ត បណ្តុះបណ្តាលចែករំលែកគ្នា ហើយតែងតែទទួលបានការគោរពស្រឡាញ់ពីក្រុមនិងមនុស្សជុំវិញទៀតផង។

៤. មានគំនិតទស្សនៈវិជ្ជមាន

មនុស្សពូកែមិនមានអំណួតលើសពីការពិតនោះទេ ប៉ុន្តែពួកគេគិតថាអ្វីក៏អាចធ្វើបានដែលអោយតែមានការតាំងចិត្ត ពេលជួបបញ្ហាគេព្យាយាមដោះស្រាយ ជាងបន្ទោសនេះបន្ទោសនោះហើយប្រសិនបើពួកគេដោះស្រាយមិនបាន ភាគច្រើនពួកគេទុកវាជាមេរៀនហើយចៀសវាងបញ្ហាបែបនោះទៀតនៅពេលក្រោយ។

៥. ពូកែស្តាប់

ជាទូទៅមនុស្សចូលចិត្តនិយាយជាងស្តាប់ព្រោះពេលនិយាយធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេជាអ្នកចេះខ្លាំងពូកែ ប៉ុន្តែមនុស្សពូកែ ស្តាប់ពិតប្រាកដហើយរៀនសូត្រពីការស្តាប់នោះទេ។ ដោយក្នុងនោះផងដែរក៏ព្រោះការនិយាយគឺជាការបង្ហាញចេញពីផ្នែកគំនិតខាងក្នុងរបស់ពួកគេ រីឯការស្តាប់ គឺការទទួលហេតុនេះទើបអ្នកពូកែស្តាប់ហើយចេះច្រើនជាងអ្នកដែលពូកែតែនិយាយ។

៦. ចេះដាក់ខ្លួន

មនុស្សពូកែ ច្រើនមិនសូវទទួលយកការសរសើរពីអ្នកដទៃនោះទេ ពួកគេច្រើនអៀនៗពេលមានអ្នកលើកសរសើរពីខ្លួន ហើយតែងតែលើកពីគុណសម្បត្តិរបស់អ្នកនេះ អ្នកនោះ ឬមិត្តរួមក្រុមរបស់ពួកគេថាជាស្នាដៃក្រុមច្រើនជាងទទួលយកការសរសើរតែម្នាក់ឯង។

៧. មាន Growth Mindset ចេះធ្វើខ្លួនជាទឹកកន្លះកែវជានិច្ច

មនុស្សពូកែតែងតែធ្វើខ្លួនដូចជាទឹកកន្លះកែវ ពួកគេហ៊ានទទួលស្គាល់ចំណុចដែលខ្លួនខ្វះខាត ហើយតែងតែអភិវឌ្ឍន៍ខ្លួនជានិច្ច។ ក្នុងនោះផងដែរមនុស្សពូកែរៀនច្រើនស្តាប់ច្រើន ធ្វើច្រើន និងអនុវត្តច្រើនជាងនិយាយ។

៨. ដឹងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ

មនុស្សពូកែដឹងច្បាស់ថា អ្វីដែលធ្វើទៅចំណេញ ឬខាតបង់អ្វីដែលធ្វើរួចហើយផ្តល់ផលមិនល្អដល់ខ្លួនគេ និងមនុស្សជុំវិញ ពួកគេនឹងមិនធ្វើដាច់ខាត។ ខុសពីមនុស្សដែលពូកែតែសម្បកក្រៅ ឬអំណួតចូលចិត្តធ្វើអ្វីដែលបង្ហាញថា ខ្លួនខ្លាំង មានអំណាចទាំងដែលបង្ហាញទៅមិនត្រឹមតែធ្វើឲ្យពួកគេមិនចូលចិត្តនោះទេ ថែមទាំងអាចផ្តល់ផលអវិជ្ជមានទៅថ្ងៃក្រោយទៀតផង។

៩. ចេះបែងចែកភាពសំខាន់

មនុស្សមានពេល ២៤ម៉ោងដូចគ្នា  ប៉ុន្តែអ្នកខ្លះបែរជាមិនសូវចេះប្រើវាឲ្យសមស្របនោះទេ។មនុស្សពូកែដឹងថា មួយណាពិតជាសំខាន់ ហើយត្រូវធ្វើមុនធ្វើក្រោយតាមលំដាប់លំដោយ ពួកគេមិនចង់ខ្ជះខ្ជាយពេលវេលាធ្វើនេះផងនោះផងក្នុងពេលតែមួយនាំឲ្យខូចការនោះទេ។

១០. ការសម្រេចចិត្តធ្វើរឿងសំខាន់បានយ៉ាងត្រឹមត្រូវ

រឿងសំខាន់ៗជាច្រើនដែលមនុស្សយើងគ្រប់គ្នាធ្លាប់ឆ្លងកាត់ហើយត្រូវសម្រេចចិត្តមិនថារឿងរើសជំនាញ រឿងការងារ ឬរឿងគ្រួសារនោះទេ។ មនុស្សពូកែមានចក្ខុវិស័យវែងឆ្ងាយ ដឹងថាខ្លួនចង់បានអ្វីត្រូវការអ្វីហើយសម្រេចចិត្តលើរឿងទាំងនោះបានយ៉ាងល្អ៕