ទម្លាប់ទាំង ៧ ជួយឲ្យអ្នកមានឥទ្ធិពលក្នុងចំណោមមនុស្ស

ចរិយាមារយាយនិងអត្តចរិតរបស់អ្នក ដើរតួយ៉ាងសំខាន់ ដើម្បីធ្វើឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលមានឥទ្ធិពលដល់អ្នកដទៃ។ទោះបីជាភាពទាក់ទាញខាងរូបសម្បត្តិ ចំណេះដឹង និងជំនាញទំនាក់ទំនងល្អមានសារៈសំខាន់ក៏ដោយក៏វាមិនទាន់គ្រប់គ្រាន់ ដើម្បីកសាងនូវឥទ្ធិពលដ៏យូរអង្វែងដល់អ្នកដទៃបានដែរ។ខាងក្រោមនេះជាទម្លាប់ទាំង ៧:

១.ភាពជឿជាក់ ឬជំនឿចិត្តលើខ្លួនឯង

នេះគឺជាទម្លាប់សំខាន់បំផុតមួយដើម្បីក្លាយជាមនុស្សមានឥទ្ធិពលម្នាក់នៅក្នុងចំណោមមនុស្សម្នា។ ការជឿជាក់លើខ្លួនឯងគឺជាមូលដ្នានគ្រឹះមួយសម្រាប់អ្នកដទៃចាប់ផ្តើមជឿជាក់មកលើអ្នក។ នៅពេល ដែលអ្នកមានអារម្មណ៍ជឿជាក់ជាពិសេសលើគម្រោងការងារមនុស្សជុំវិញ អ្នកនឹងចាប់ផ្តើមចាប់អារម្មណ៍មកលើអ្នក។

២.គោរពគេ ដូចយើងចង់ឲ្យគេគោរព

នៅក្នុងបរិបទជាក់ស្តែងសកម្មភាព ឬទង្វើវាមានសារសំខាន់ជាងពាក្យសម្តី។ នៅពេលអ្នករាប់អាន មនុស្សជុំវិញអ្នកដោយការគោរពមានន័យថា អ្នកកំពុងបង្ហាញផ្នែកមួយនៃកិរិយាមារយាទរបស់ អ្នកដែលមានតម្លៃខ្លាំងសម្រាប់អ្នកនិងអ្នកដទៃ។ ការគោរព គឺគុណតម្លៃមួយក្នុងចំណោមគុណតម្លៃ សំខាន់ៗជាច្រើនទៀតនៅក្នុងជីវិត។មនុស្សជាច្រើនទំនងជាជឿជាក់ និងឲ្យតម្លៃអ្នកប្រសិនបើអ្នកគោរពពួកគេ។

៣.មានភក្តីភាព

ថើម្បីក្លាយជាមនុស្សមានឥទ្ធិពលម្នាក់វាមានហេតុផលដ៏ត្រឹមត្រូវរបស់វា។ ភាពស្មោះត្រង់ទាំងពាក្យសម្តី និងសកម្មភាពទង្វើនឹងផ្តល់ឪកាសជាច្រើនសម្រាប់អ្នកបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរឡើង ជាមួយមនុស្សគ្រប់ប្រភេទ។ហេតុដូច្នេះហើយអ្នកត្រូវប្រាកដថា អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើគឺដើរស្របជាមួយគ្នា។

៤.បង្ហាញចំណាប់អារម្មណ៍របស់អ្នកទៅកាន់អ្នកដទៃ

សូមចាំថាគ្មានឡើយកន្លែងសម្រាប់ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបំពេញតែតាមចិត្តអ្នក ចង់បានប្រសិនបើគោលដៅរបស់អ្នកចង់ក្លាយជាមនុស្សមានឥទ្ធិពលម្នាក់នេះ។ តើអ្នកអាចមានឥទ្ធិពលទៅអ្នកដទៃដោយរបៀបណាបើអ្នកមិនបានយល់អារម្មណ៍ ឬយកចិត្តទុកដាក់ចំពោះពួកគេផងនោះ? ចំណុចសំខាន់មួយនៅទីនេះដែលបញ្ជាក់បានថា អ្នកបានចាប់អារម្មណ៍លើពួកគេនោះគឺថាអ្នកត្រូវស្តាប់នូវអ្វីដែលពួកគេនិយាយ។ អ្នកត្រូវផ្លាស់ប្តូរមតិយោបល់និងគំនិតគ្នាទៅវិញទៅមក។ អ្នកត្រូវចាំថា មនុស្សចូលចិត្តនរណាដែលឲ្យតម្លៃ និងយល់ពីពួកគេ។

៥.ភាសានិយាយសមរម្យ

នៅពេលទំនាក់ទំនងជាមួយនរណាម្នាក់ឬនៅក្នុងចំណោមក្រុមមនុស្ស អ្នកត្រូវធ្វើឲ្យពួកគេយល់ច្បាស់ពីអ្វីដែលអ្នកកំពុងនិយាយនិងធ្វើឲ្យពួកគេមានអារម្មណ៍មូលតក់នៅក្នុងការសន្ទនានោះ។ ម្ល៉ោះហើយអ្វីដែលអ្នកត្រូវធ្វើមុនគេអ្នកគួរជៀសវាងប្រើភាសាកាយវិការ ឬពាក្យសម្តីសមរម្យ ហើយមិនត្រូវធ្វើខ្លួនដូចដឹងអ្វីគ្រប់យ៉ាងនោះទេ។សូមប្រើភាសាណាដែលសុភាព ទន់ភ្លន់ មិននិយាយក្បុតៗដើម្បីធ្វើឲ្យអ្នកទាំងនោះស្តាប់ទៅពេញត្រចៀក និងងាយយល់។

៦.ញញឹមឲ្យបានច្រើន

ស្នាមញញឹមគឺជាមន្តស្នេហ៍ដ៏ទាក់ទាញមួយជួយឲ្យមនុស្សជុំវិញអ្នកមានអារម្មណ៍កក់ក្តៅនៅពេលដែលបានជួបអ្នក។សូមធ្វើឲ្យស្នាមញញឹមរបស់អ្នកកាន់តែស្រស់ស្រាយឡើង និងភាពសប្បាយរីករាយ។ជាមួយគ្នានេះដែរអ្នកត្រូវចេះយកចិត្តទុកដាក់ទៅកាន់មនុស្សជុំវិញខ្លួន ប្រសិនបើអ្នកប្រើស្នាមញញឹមមិនត្រឹមត្រូវបង្កប់ដោយអត្ថន័យឌឺដងឬបន្ទាប់តម្លៃដល់អ្នកដទៃ ឪកាសបង្កើតឥទ្ធិពលនៅក្នុងទំនាក់ទំនងរបស់អ្នក ជាមួយពួកគេក៏ធ្លាក់ចុះទៅតាមនោះដែរ។

៧.ជួយជ្រោមជ្រែងអ្នកដទៃតាមលទ្ធភាពដែលយើងមាន 

មិនថានៅកន្លែងការងារ ឬនៅក្នុងជីវភាពប្រចាំថ្ងៃក្តី អ្នកគួរឆ្លៀតពេលវេលាណាមួយដើម្បីជួយអ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការជួយអ្នកដទៃមិនទាមទារឲ្យអ្នកត្រូវតែមានលុយនោះទេ។ ការជួយចែករំលែកចំណេះដឹងការជួយធ្វើកិច្ចការផ្សេងៗ និងការជួយនៅពេលមានទុកធុរៈជាដើម ទោះបីជាតិចក្តី ច្រើនក្តីសុទ្ធសឹងតែជួយកសាងគុណសម្បត្តិនិងកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យកាន់តែមានឥទ្ធិពលខ្លាំងឡើង៕