ភ្លៀងនឹងបន្តធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីមធ្យមទៅច្រើន នៅសប្ដាហ៍នេះ

រាជធានីភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើ ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខ្យល់ប្តូរទិសជាបណ្តើរៗមកពីទិសនិរតី ដែលជាសញ្ញា បង្ហាញថា រដូវវស្សានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ខាងមុខនេះ ។

ផ្អែកលើស្ថានភាពវិវត្តនៃអាកាសធាតុនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤ទៅ២៦ °C និងសីតុណ្ហភាពអតិបរមា ពី ៣១ទៅ៣៣ °C ហើយនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀងនិងមានកម្រិតបរិមាណទឹកភ្លៀងច្រើន ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣ទៅ២៥ °C និងសីតុណ្ហភាពអតិបរមាពី ៣១ទៅ៣៣ °C ហើយនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៤ទៅ២៦ °C និងសីតុណ្ហភាពអតិបរមាពី ៣០ទៅ៣២ °C ហើយនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

ក្រសួងធនធានទឹកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេស នៅបណ្តាខេត្តនៃតំបន់វាលទំនាបកណ្តាល ៕