សាស្រ្តាចារ្យ ព្រើន សុវង្ស បង្ហាញ​សេចក្តីសុខ៤យ៉ាងតាមបែបព្រះពុទ្ធសាសនា

មនុស្សម្នាក់ៗសុទ្ធតែចង់រស់នៅក្នុងសេចក្តីសុខនិងសុភមង្គល មិនថាអ្នកមាន អ្នកក្រ ឬស្ថិតនៅទីណានោះទេតែអ្វីដែលជាបញ្ហា គឺពួកគេ​មិនយល់និយមន័យច្បាស់លាស់​នៃសេចក្តីសុខ។ ហេតុនេះហើយទើបមនុស្សមួយចំនួន​ធំកាន់តែខិតខំប្រឹងប្រែងស្វែងរកសេចក្តីសុខ ជីវិតរបស់ពួកគេបែរជាកាន់តែជួបសេចក្តីទុក្ខទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ សាស្រ្តាចារ្យ ព្រើនសុវង្ស អ្នកជំនាញផ្នែកអប់រំតាមបែបព្រះពុទ្ធសាសនា បានលើកឡើងថា ព្រះពុទ្ធសាសនា​ជាសាសនាដែលបង្រៀនប្រជាជនឱ្យ​ចេះរស់នៅ ប្រកបដោយសន្តិភាពផ្លូវចិត្តនិង​ចេះបង្កើតសុភមង្គលតាមរយៈទង្វើ។

តាមទស្សនទានព្រះពុទ្ធសាសនា សេចក្តីសុខរបស់មនុស្សត្រូវបានបែងចែកជា៤ផ្នែកសំខាន់ៗគឺ៖

១-សេចក្តីសុខដោយការមានទ្រព្យ(អត្ថិសុខ) ដូចជាមានសុខភាព ទ្រព្យសម្បត្តិ អាយុវែង សម្រស់ សេចក្តីសប្បាយ កម្លាំងគុណវិសេស កូនជាដើម។

២-សេចក្តីសុខហូរចេញមកពីសេចក្តីសប្បាយ ដោយសារការមានទ្រព្ យ(ភោគសុខ) តាមធម្មតា មនុស្សប្រុស-ស្រីប្រាថ្នាចង់បានសេចក្តីសប្បាយសម្រាប់ខ្លួនឯង។ ព្រះពុទ្ធទ្រង់មិនបានទូន្មានឱ្យមនុស្សទាំងលះបង់សេចក្តីសប្បាយលោកីយ៍ហើយថយខ្លួនទៅនៅម្នាក់នោះទេ។ សេចក្តីសប្បាយដោយមានទ្រព្យធនមិនមែនស្ថិតតែក្នុងការប្រើប្រាស់ទ្រព្យធនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងការចែករំលែកទ្រព្យធននោះសម្រាប់សុខមាលភាពរបស់អ្នកដទៃផងដែរ។អ្វីដែលយើងបរិភោគគឺគ្រាន់តែជាវត្ថុចម្អែតបណ្ណោះអាសន្នប៉ុណ្ណោះ។ 

អ្វីដែលយើងរក្សាទុកយើងចាកចោលវាហើយយើងទៅបាត់។ អ្វីដែលយើងឲ្យ រមែងតាមយើងទៅ។ យើងត្រូវបានគេនឹកឃើញជានិច្ចដោយសារតែអំពើល្អដែលយើងបានធ្វើជាមួយទ្រព្យធនលោកីយ៍របស់យើងហ្នឹងឯង។

៣-ការចិញ្ចឹមជីវិតឥតក្តីបន្ទោស (អនវជ្ជសុខ) គឺជាប្រភពមួយដ៏ប្រសើរបំផុតនៃសេចក្តីសុខសម្រាប់ គ្រហស្ថ។មនុស្សដ៏សុក្រឹត ឥតក្តីបន្ទោស គឺជាគុណសម្បត្តិសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃ។

៤-សេចក្តីមិនជាប់ជំពាក់ចិត្ត ឬការឆ្លងផុតពីសេចក្តីសប្បាយខាងសម្ភារៈ (អាមិស្សសុខ) គឺជាសេចក្តីសុខចំពោះអជ្ឈត្តិកចិត្ត។ បរមសុខក្នុងព្រះនិព្វាន ដែលជាបរមសុខនៃការផុតចាកទុក្ខគឺជាទ្រង់ ទ្រាយនៃសេចក្តីសុខដ៏ខ្ពង់បំផុត។ មនុស្សភាគច្រើនក្នុងពិភពលោកនេះ រីករាយក្នុងការស្វែងរក សេចក្តីសប្បាយ ចំណែកមនុស្សផ្សេងទៀតស្វែងរកសេចក្តីរីករាយក្នុងការលះបង់សេចក្តី សប្បាយទាំងនោះ៕