មានមនុស្សមិនតិចទេ ដែលចង់ក្លាយជាអ្នកសរសេរសៀវភៅឬបង្កើតស្នាដៃមួយបានជោគជ័យ តែមានមនុស្សមិនច្រើនទេដែលសម្រេចកិច្ចការងារនេះ។
នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ក្រមា ប៉ុស្តិ៍ យល់ថាវាអាចជាដំណាក់កាលដ៏ល្អ ក្នុងការស្វែងរកភាពស្ងប់ស្ងាត់ដើម្បីសម្រេចក្តីស្រមៃទាំងអស់។ ហេតុនេះហើយ ទើបយើងខ្ញុំសូមលើកយកចំណុចសំខាន់ៗចំនួន៣យ៉ាងដើម្បីសរសេរសៀវភៅឱ្យសម្រេច។
១. អានឱ្យបានច្រើន
ការអានច្រើន ជាវិធីសាស្រ្តយ៉ាងសំខាន់ក្នុងការបញ្ចូលព័ត៌មានទៅក្នុងខួរក្បាល និងក៏ជាវិធីសាស្រ្តក្នុងការជំរុញឱ្យជីវិតរបស់យើងពោរពេញទៅដោយចំណេះដឹងសម្រាប់អភិវឌ្ឍដំណើរជីវិត។ លើសពីនេះទៅទៀត ការអានច្រើនក៏ជាវិធីសាស្រ្តយ៉ាងល្អផងដែរដើម្បីធ្វើឱ្យយើងចាប់ផ្តើមចូលចិត្តសៀវភៅ។
នៅពេលយើងចូលចិត្តសៀវភៅ យើងនឹងអាចចូលកាន់តែជ្រៅលើដំណើរនៃការផលិតស្នាដៃនីមួយៗដែលយើងបានអាន។ ជាឧទាហរណ៍ យើងនឹងអាចចងចាំពីឈ្មោះអ្នកនិពន្ធ ដំណើរជីវិតរបស់ពួកគាត់ វិធីសាស្រ្តដែលគាត់សរសេរឬរចនាបទ រួមទាំងផ្នត់គំនិត និងទម្រង់ដែលពួកគាត់បង្កើតឡើងថែមទៀងផង។ មិនយូរមិនឆាប់គ្រាន់តែឃើញអត្ថបទ អ្នកអាចស្គាល់បានថាជាអ្នកនិពន្ធរូបណាថែមទៀតផង។ នៅពេលនោះយើងនឹងយល់កាន់តែស៊ីជម្រៅលើការតែងនិពន្ធនិងអាចសិក្សាពីភាពចម្រុះនៃសិល្បៈនិពន្ធដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបានយ៉ាងល្អ។
២. ចាប់ផ្តើមស្វែងរកបញ្ហាដែលយើងអាចដោះស្រាយបាន
អ្នកនិពន្ធ មិនមែនគ្រាន់តែជាអ្នកបង្កើតស្នាដៃបានដោយគ្មានអត្ថន័យ និងគ្មានតម្លៃសម្រាប់មនុស្សនោះទេ តែពួកគាត់ជាអ្នកអប់រំយ៉ាងសំខាន់ ដែលអាចផ្លាស់ប្តូរជីវិតមនុស្សឱ្យប្រសើរឡើង។ ហេតុនេះ ដើម្បីក្លាយជាអ្នកអប់រំដ៏ល្អម្នាក់ យើងចាំបាច់ត្រូវតែក្លាយជាអ្នកដោះស្រាយបញ្ហាមនុស្សដ៏ប៉ិនប្រសព្វជាមុនសិន។
ដូច្នេះហើយ សូមអ្នកទាំងអស់គ្នាដែលចង់ក្លាយជាអ្នកនិពន្ធសាកល្បងពិនិត្យមើល លើចំណុចខ្លាំងរបស់ខ្លួនឯងថាយើងជាមនុស្សដែលស្ថិតក្នុងពិភពណានៅកន្លែងណា និងមានគុណសម្បត្តិអ្វីខ្លះ។ បន្ទាប់មកយើងអាចស្វែងរកចំណុចសំខាន់ណាមួយដែលយើងចង់ចំណាយពេលមួយជីវិតរបស់យើងដោះស្រាយវាឱ្យបាន។ បន្ទាប់មក បន្សីគ្នារវាងបញ្ហាទាំងអស់នោះ ជាមួយនឹងចំណេះដឹង បទពិសោធន៍ជីវិតនិងការស្រាវជ្រាវបន្ថែមដើម្បីបង្កើតស្នាដៃមួយសម្រាប់ដោះស្រាយវាឱ្យបានកាន់តែប្រសើរនៅក្នុងសង្គម។
៣. ចាប់ផ្តើមសរសើរដោយកុំរំពឹងខ្ពស់ពេក
ចាប់ផ្តើមសរសេរដំបូង អ្នកអាចនឹងមានអារម្មណ៍រវើរវាយច្រើន បន្តិចចង់នេះ បន្តិចចង់នោះ។ ស្ថានភាពនេះនឹងធ្វើឱ្យមាតិការរឿងរបស់អ្នករីកធំទៅៗ រហូតវង្វេងផ្លូវ។ ហេតុនេះសូមសម្រួចការគិតឱ្យបានមុតស្រួចបំផុតលើបញ្ហាដ៏ធំទូលាយក្នុងសង្គមឬក្នុងជីវិតជាក់ស្តែង។
ជាការពិតណាស់ គ្រប់បញ្ហាមិនមែនត្រូវដោះស្រាយដោយផ្នែកណាមួយនោះទេ វាមានរឿងជាច្រើនដែលត្រូវដោះស្រាយ។ ហេតុនេះសូមចាប់យកចំណែកណាមួយមកដោះស្រាយទៅតាមលំដាប់លំដោយ។ នៅពេលនោះយើងនឹងអាចកំណត់ដែនកំណត់របស់ខ្លួនឯង ដើម្បីបង្កើតស្នាដៃដែលជាមូលដ្ឋានមុននឹងបន្តភាគទៅដោះស្រាយផ្នែកផ្សេងៗរហូតសម្រេចគោលគំនិតរបស់យើង៕