តួនាទីសំខាន់ៗ៤យ៉ាងដែលមិនអាចខ្វះបាន សម្រាប់អ្នកដឹកនាំ

ការដឹកនាំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ស្ថាប័ន និងសង្គមជាតិ។ កាលណា​ស្ថាប័នមួយមានអ្នកដឹកនាំល្អ នោះស្ថាប័ននឹងរីកចម្រើន អភិវឌ្ឍបានយ៉ាងប្រសើរតែប្រសិនបើស្ថាប័ន​នោះ មានអ្នកដឹកនាំ​មិនល្អវិញច្បាស់ណាស់ថាប្រាកដជាជួបរឿងរ៉ាវបរាជ័យមិនចេះចប់មិនចេះហើយ។

លោក ឡាយ ឈុន អ្នកបណ្តុះបណ្តាលធនធានមនុស្សមួយរូបបានលើកឡើងថា អ្នកដឹកនាំ​ជាបុគ្គលយ៉ាងសំខាន់សម្រាប់ស្ថាប័ន ព្រោះគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុមការងារទាំងមូល​អាច​ដំណើរការទៅបានយ៉ាងរលូន។ អ្នកអប់រំខាងលើបានកំណត់ចំណុចសំខាន់ៗចំនួន៤យ៉ាង សម្រាប់អ្នកដឹកនាំ គឺទី១ កំណត់ទិសដៅ ទី២តម្រង់​ទិសមនុស្ស ទី៣ ពង្រឹង​អំណាច លើកទឹកចិត្ត និងទី៤ គឺដោះស្រាយទំនាស់។

ការកំណត់ទិសដៅសំខាន់ខ្លាំងណាស់សម្រាប់​ស្ថាប័ននីមួយៗ គ្រប់សកម្មភាព​ទាំងអស់ត្រូវតែអនុវត្តទៅតាមទិសដៅឬផែនការដែលបានកំណត់ទុកសម្រាប់ឆ្នាំនីមួយៗ។ ហេតុនេះអ្នកដឹកនាំ ត្រូវតែចេះកំណត់និង​ដឹងទិសដៅឱ្យបានច្បាស់​បំផុត ដោយដឹងទាំងទិសដៅរយៈពេលវែងនិងដឹងពី​ផែនការសកម្មភាពល្អិតៗនៅក្នុងនោះថែមទៀតផង។

បន្ទាប់ពីស្គាល់ទិសដៅច្បាស់ហើយ អ្នកដឹកនាំ​ត្រូវតែ​ចេះតម្រង់ទិសឬរៀបចំផែនការសកម្មភាពឱ្យបានល្អិតល្អន់ដើម្បីធ្វើយ៉ាងណា​ចាត់ចែងអ្នកនៅក្រោមបង្គាប់​ ឱ្យ​ដឹងពីវិធីដើម្បីដើរឱ្យត្រូវគោលដៅរបស់ស្ថាប័ន។ បន្ថែមពីលើនេះ កាលណាបុគ្គលិក​ធ្វើសកម្មភាពខុសពីអ្វីដែលស្ថាប័នបានកំណត់ អ្នកដឹកនាំក៏ជាអ្នកទាញមកវិញនូ​វ​សកម្មភាពទាំងអស់នោះ ឱ្យស្របទៅនឹងអ្វីដែលបានកំណត់ទុកដើម្បីធានាថា​ដល់រយៈពេល​ក្រុមការងារនឹងដល់ទិសដៅដូចគ្នា។

ចំណុចសំខាន់ទី៣ គឺពង្រឹងអំណាច និងលើកទឹកចិត្ត។ អ្នកដឹកនាំ ត្រូវតែចេះបត់បែនឱ្យបានល្អបំផុតពួកគេត្រូវតែ​ចេះ​ទាំងការអនុវត្តវិន័យឱ្យតឹងតែង និង​ត្រូវតែ​ចេះ​រៀបចំផែនការសកម្មភាពលើកទឹកចិត្តដើម្បីជំរុញសកម្មភាពឱ្យកាន់តែបានលឿន។ កាលណាផែនការសកម្មភាពធូរលុងពេក ក្រុមការងារទាំងមូលនឹងមិនអាចជោគជ័យបាននោះទេតែប្រសិនបើតឹងតែងហើយគ្មានការ​លើកទឹកចិត្តសោះ ក្រុមការងារក៏គ្មានកម្លាំងចិត្តដើម្បីអភិវឌ្ឍដែរ។ ហេតុនេះត្រូវតែចេះតុល្យភាព និងបង្កើតកត្តាជំរុញដោយវិជ្ជមាន។

ចំណុចសំខាន់ចុងក្រោយរបស់អ្នកដឹកនាំគឺដោះស្រាយទំនាស់។ ច្បាស់ណាស់ក្រុមការងារមួយចាំបាច់ត្រូវតែមាន​ការយល់ខុសគ្នារវាងសមាជិកម្នាក់ៗ។ហេតុនេះ ទំនាស់ប្រាកដជាកើតឡើង។ អ្នកដឹកនាំខ្លាំងគឺជាអ្នកដែលមានសមត្ថភាព​ខ្លាំង ក្នុងការដោះស្រាយទំនាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគ្រប់គ្នាមើលឃើញពីរូបភាពរួមមួយ​ និងអនុវត្តប្រកបដោយសាមគ្គីភាព៕