កត្តាទាំង៧នេះ គឺជាដើមហេតុដែលធ្វើឱ្យអ្នក មានសុបិន្តអាក្រក់ញឹកញាប់

ការគេងគឺជាផ្នែកមួយដែលសារីរាង្គកាយរបស់អ្នកត្រូវការជាចាំបាច់បំផុត ជាពិសេសនោះគឺខួរក្បាលតែម្តង ដែលទាមទារឱ្យអ្នកធ្វើការសម្រាកក៏ដូចជាទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះដែរយើងសង្កេតឃើញថាការយល់សប្តិគឺជាផ្នែកមួយដែលធ្វើឱ្យមានរំការខានដល់ ការគេងរបស់អ្នក។ វានឹងធ្វើឱ្យអ្នកគេងមិនស្ងប់ឡើយពោលគឺស្មើនឹងអ្នកគេងមិនបានគ្រប់គ្រាន់ដូចគ្នាដែរ។ ម៉្យាងវិញទៀតការសុបិន្តអាក្រក់ញឹកញាប់ពេកអាចបង្ករឱ្យខួរក្បាលរបស់អ្នកចុះទន់ខ្សោយ និងប៉ះពាល់ដល់សតិអារម្មណ៍ ក៏ដូចជាសុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។

សកម្មភាព​ក៏ដូចជាទម្លាប់ប្រចាំថ្ងៃមួយចំនួនរបស់អ្នកគឺជាដើមហេតុដែលធ្វើឱ្យអ្នកមានសុបិន្តអាក្រក់។ ដូចច្នេះយើងនឹងបង្ហាញអ្នកពីកត្តាទាំង៧ដែលអាចបណ្តាលឱ្យអ្នកមានសុបិន្តអាក្រក់ញឹកញាប់។

១) ភាពតានតឹង 

ភាពតានតឹងគឺជាកត្តាមួយដែលបណ្តាលឱ្យអ្នកមានសុបិន្តអាក្រក់។បញ្ហាមួយចំនួនដែលអ្នកជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ មិនថាបញ្ហាហិរញ្ញវត្ថុ បញ្ហាស្នេហាញ្ហានៅក្នុងគ្រួសារ នៅសាលារៀន ឬនៅកន្លែងធ្វើការនោះទេ វាបានធ្វើឱ្យអ្នកមានភ័យការខ្លាចដែលបណ្តាលឱ្យអ្នកស្រ្តេស និងដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកតែម្តង។ ហេតុនេះហើយនៅពេលដែលអ្នកគេងអារម្មណ៍ដែលដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកនឹងធ្វើឱ្យលេចចេញនូវបញ្ហាទាំងនោះដែលបណ្តាលឱ្យអ្នកមានសុបិន្តអាក្រក់ជាញឹកញាប់។

ដូច្នេះអ្នកគួរតែទុកឱ្យខួរក្បាលរបស់អ្នក សម្រាកឱ្យបានច្រើន ពីព្រោះថាការគិតច្រើនពេកវានឹងធ្វើឱ្យអ្នកកាន់តែស្ត្រេសថែមទៀតទៅវិញទេ។

២)​ ការអាន និងទស្សនាភាពយន្តរន្ធត់ច្រើនពេក

ការអានរឿងក៏ដូចជាការទស្សនាខ្សែភាពយន្តបែបរន្ធត់ច្រើនពេក ក៏ជាកត្តាមួយដែលអាចបណ្តាលឱ្យអ្នកមានសុបិន្តអាក្រក់ផងដែរ។ ជាពិសេសនោះគឺ ការមើលភាពយន្តរន្ធត់មុនពេលចូលគេងតែម្តង។អារម្មណ៍ភ័យខ្លាចដែលមាននៅក្នុងខ្សែភាពយន្តនឹងអាចតាមបន្លាចអ្នកធ្វើឱ្យអ្នកគេងមិនលក់ គេងមិនស្ងប់ និងមានសុបិន្តអាក្រក់ៗកើតឡើង។ ដូច្នេះជំនួសឱ្យការដែលទស្សនារឿងបែបរន្ធត់ មុនពេលចូលគេងអ្នកគួរតែអានសៀវភៅ ឬមួយក៏មើលវីដេអូកម្សាន្ត កំប្លែង ចំណេះដឹងប្លែកៗទើបជាការល្អ។

៣) ធ្លាប់ឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់

សុបិន្តអាក្រក់មួយចំនួនត្រូវបានកើតឡើងដោយសារតែបទពិសោធន៍របស់បុគ្គលផ្ទាល់តែម្តងដែលបានជួបប្រទះហេតុការណ៍មិនល្អមួយចំនួន ធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ត និងអារម្មណ៍។វាអាចជាហេតុការណ៍ដ៏រន្ធត់គួរឱ្យខ្លាច ការបាត់បង់របស់ជាទីស្រឡាញ់ ឬភាពឈឺចាប់ខាងផ្នែករាង្គកាយនិងផ្លូវចិត្តជាដើម។បទពិសោធន៍មិនល្អទាំងនេះ បានរំខានអារម្មណ៍របស់អ្នក​ ដែលអាចឈានដល់ការយល់សប្តិអាក្រក់ជាប្រចាំឬមួយក៏គេងមិនស្កប់ស្កល់ជាដើម។ ដូច្នេះអ្នកគួរតែព្យាយាមបំភ្លេចហេតុការណ៍មិនល្អទាំងឡាយហើយគិតរឿងល្អៗ សប្បយៗឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ម៉្យាងវិញទៀតអ្នកគួរតែធ្វើយ៉ាងណា ដើម្បីជៀសវាងកុំឱ្យហេតុការណ៍ទាំងនោះកើតឡើងមកលើខ្លួនអ្នកម្តងទៀតឱ្យសោះ។

៤) ភាពភ័យខ្លាចអ្នកដ៏ទៃដឹងការសម្ងាត់របស់ខ្លួន

បុគ្គលគ្រប់រូបតែងតែមានការសម្ងាត់រៀងៗខ្លួនក៏ប៉ុន្តែអាថ៍កំបាំងខ្លះគឺវាហាក់បីដូចជាមានឥទ្ធិពលខ្លាំងពេករហូតដល់ធ្វើឱ្យអ្នកមានភាពភ័យខ្លាចក្នុងការឱ្យមនុស្សជុំវិញខ្លួននិងអ្នកដ៏ទៃដឹង  ពោលគឺមិនហ៊ានសូម្បីតែរំឮកអំពីវា។ ភាពភ័យខ្លាចឬការខ្មាស់អៀនក្នុងការប្រឈមមុខទៅនឹងការពិតគឺជាអារម្មណ៍មួយដែលតាមលងបន្លាចអ្នក និងធ្វើឱ្យអ្នកគិតច្រើនរហូតអាចឈានដល់ការសុបិន្តអាក្រក់ជាញឹកញាប់ថែមទៀតផង។ ការពិតទៅនៅលើលោកនេះ គឺគ្មានអាថ៍កំបាំងណាដែលអាចលាក់បានរហូតនោះទេពោលគឺគង់មានថ្ងៃណាមួយវានឹងលាតត្រដាងឡើងជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែរៀនសម្របខ្លួននឹងពិភពពិតជាក់ស្តែងរបស់អ្នកនិងហ៊ានប្រឈមមុខនឹងការពិតទើបជាការល្អ។

៥) បរិយាកាសជុំវិញខ្លួន

បរិយាកាសជុំវិញខ្លួនក៏ជាកត្តាមួយដែលបណ្តាលឱ្យអ្នកមានសុបិន្តអាក្រក់ញឹកញាប់ផងដែរ។​ប្រសិនបើបរិស្ថានជុំវិញខ្លួនរបស់អ្នកពោពេញទៅដោយភាពអាប់អួរមិនស្រស់បំព្រង មានសំឡេងរំខាន ឬមួយក៏មិនមានសុខសុវត្ថិភាពទៀតនោះ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អដូចជា ភ័យខ្លាច ធុញថប់និងឆាប់អស់កម្លាំងជាដើម។ ចំណុចទាំងនេះនឹងជម្រុញឱ្យអ្នកមានសុបិន្តអាក្រក់ជាញឹកញាប់។

៦) ការព្រួយបារម្មណ៍ទៅលើបញ្ហាសុខភាព

ភាពតានតឹង និងភាពភ័យខ្លាច ដែលបណ្តាលមកពីការព្រួយបារម្មណ៍ទៅលើបញ្ហាសុខភាពរបស់អ្នកដូចជាជំងឺប្រចាំកាយ ឬជំងឺកាចសាហាវណាមួយដែលតែងតែតាមយាយីរាង្គកាយរបស់អ្នក ក៏ជាផ្នែកមួយធ្វើឱ្យអ្នកមានសុបិន្តអាក្រក់ផងដែរ។វាអាចបណ្តាលមកពីសុខភាពអ្នកទន់ខ្សោយពេកឬមួយក៏អ្នកធ្លាប់បានជួបបុគ្គលដែលមានគ្រោះថ្នាក់ដោយសារជំងឺទាំងនោះទើបធ្វើឱ្យអ្នកមានការព្រួយបារម្មណ៍ និងភ័យខ្លាចរហូតដល់មានសុបិន្តអាក្រក់កើតឡើង។

៧) មនុស្សជុំវិញខ្លួន

បុគ្គលមួយចំនួនដែលនៅក្បែរខ្លួនរបស់អ្នក ក៏មានចំណែកធ្វើឱ្យអ្នកមានសុបិន្តអាក្រក់ផងដែរជាពិសេសនោះគឺបុគ្គលដែលមានការគិតបែបអវិជ្ជមានតែម្តង។ ពេលខ្លះការរិះគន់ ការមើលងាយ ឬការស្តីបន្ទោសដែលអ្នកទទួលបានពីមនុស្សជុំវិញខ្លួនគឺវាធ្ងន់ធ្ងរពេករហូតដល់ធ្វើឱ្យអ្នកមានការខូចចិត្ត ខ្មាស់អៀននិងមានបញ្ហាផ្លូវចិត្ត ដែលបណ្តាលឱ្យអ្នកគេងមិនលក់ ឬមានសុបិន្តអាក្រក់ជាដើម។ដូច្នេះអ្នកគួរតែព្យាយាមនៅក្បែរបុគ្គលដែលមានការគិតបែបវិជ្ជមានឱ្យបានច្រើន។

សរុបមកវិញកត្តាទាំង៧ខាងលើនេះ អាចធ្វើឱ្យអ្នកមានសុបិន្តអាក្រក់ជាញឹកញាប់បាន។ដូច្នេះអ្នកគួរតែជៀសវៀងនូវចំណុចទាំង៧នេះ តាមដែលអាចធ្វើទៅបាន។ម៉្យាងវិញទៀតនោះអ្នកគួរតែធ្វើខ្លួនឱ្យសប្បាយៗ នៅក្បែរបុគ្គលដែលមានការគិតវិជ្ជមានឱ្យបានច្រើនជាពិសេសនោះគឺអានសៀវភៅ និងទស្សនាភាពយន្តបែបកម្សាន្តសប្បាយៗជៀសវាងភាពយន្តណាដែលរន្ធត់ៗ ពីព្រោះថាវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នក៕