សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
នៅក្នុងទំនាក់ទំនងស្នេហាគឺតែងកើតបញ្ហាខ្វែងគំនិតគ្នាខ្លះ ឬជាជម្លោះខ្លះដែលដៃគូស្នេហាអាចកើតមានមិនអាចចៀសរួច។ ជាមួយគ្នានេះលោកGary W. Lewandowski សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យMonmouth រដ្ឋNew Jersey សហរដ្ឋអាមេរិក បានណែនាំជាចំណុចខ្លះសម្រាប់ទំនាក់ទំនងដៃគូនៅពេលជួបបញ្ហានោះដែលត្រូវដោះស្រាយឱ្យបានប្រសើរទៅមុខ។ ចំណុចទាំងនោះមានដូចខាងក្រោម៖
១.បញ្ជាក់ឱ្យច្បាស់នូវមន្ទិល
ពេលមានទំនាស់គំនិតកើតឡើងហើយដៃគូអ្នកក៏បាននិយាយរៀបរាប់ឡើងពីបញ្ហាដូចនេះអ្នកគួរប្រាកដអ្នកបានស្តាប់គាត់ឱ្យបានប្រាកដនូវអ្វីដែលគាត់និយាយ។ ហើយដើម្បីកម្ចាត់សង្ស័យអ្នកអាចសួរសំនួរដូចជា"នៅពេលអូន/បងនិយាយថា....តើចង់មានន័យថា..?“តើបង/អូន(អ្នកផ្ទាល់)និយាយត្រូវ ឬអត់ថា...ជាគន្លឹះនៃបញ្ហា?”ឬ"តើអូន/បងអាចឧទាហរណ៍ពីចំណុចត្រង់...?។
២.រំពឹងមើលពីអារម្មណ៍របស់ដៃគូ
នៅពីក្រោយការរៀបរាប់របស់ដៃគូក្នុងពេលមានបញ្ហាខ្វែងគំនិតជាមួយយើង គឺជាអារម្មណ៍មួយដែលគេចង់ឱ្យអ្នកយកចិត្តទុកដាក់។ នៅពេលអ្នកទទួលដឹងអារម្មណ៍របស់ដៃគូអ្នកអ្នកអាចសួរទៅគេនូវឃ្លាខ្លះៗដូចជា "បង/អូនមើលទៅដូចជាចង់ប្រាប់ថា...”“បង/អូន(អ្នកផ្ទាល់)ស្តាប់មើលទៅដូចជាអូន/បងចង់ថា..”“តើអូន/បងមានអារម្មណ៍ថា...មែនទេ?ដូចនេះដៃគូអ្នកនឹងអាចពន្យល់ប្រាប់អ្នកបន្ថែមឱ្យបានច្បាស់នូវអ្វីដែលពួកគេចង់បង្ហាញប្រាប់។
៣.ស្មារតីយកចិត្តទុកដាក់
ស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលដៃគូអ្នកនិយាយជាឧទាហរណ៍អ្នកអាចសម្លឹងមើលភ្នែកដៃគូនូវអ្វីដែលគេចង់បង្ហាញ(EyeContact) ឬអង្គុយក្បែរដៃគូអ្នកហើយលុបចោលការណាត់ជួបខ្លះ ឬការខ្លះដែលអាចមានពេលស្តាប់ដៃគូអ្នកដោយយកចិត្តទុកដាក់។ ការមានពេលយកចិត្តទុកដាក់ស្តាប់សម្រាប់ដៃគូអ្នកនឹងអាចរកឬសគល់នៃបញ្ហានិងដោះស្រាយបញ្ហានោះបានយ៉ាងល្អ។
៤.សង្ខេបឡើងវិញ
អ្នកអាចនិយាយសង្ខេបអត្ថន័យដែលដៃគូអ្នកបានរៀបរាប់ប្រាប់ដល់អ្នកដោយលើកឡើងវិញតាមពាក្យនិយាយរបស់អ្នកផ្ទាល់។ ការសង្ខេបឡើងវិញនេះផ្តល់ប្រយោជន៍ពីរធំគឺ៖មួយវាបង្ហាញថាអ្នកបានយកចិត្តទុកដាក់ស្តាប់នូវសន្ទនារបស់អ្នកនិងដៃគូ ទីពីរគឺស្គាល់ថាការសង្ខេបរបស់អ្នកគឺជម្រុញឱ្យអ្នកយកចិត្តទុកដាក់និងយល់ពីដៃគូ។
៥.សំនួរបើកដែលគួរមាន
ការសួរសំនួរបើកជួយឱ្យដៃគូអ្នកបន្តនូវអារម្មណ៍ដែលពួកគេបង្ហាញ។ សំនួរបើកទាំងនោះដូចជា"តើអូន/បងចង់បង្ហាញគំនិតដូចម្តេចទៅលើបញ្ហានោះ?”“តើអូន/បងនឹងគិតយ៉ាងណាខ្លះដើម្បីសម្រេចទៅលើបញ្ហានោះ?”“តើអូន/បងគិតរកវិធីដោះស្រាយដែលប្រសើរបែបណា?”
សំនួរទាំងនេះគឺផ្តោតលើបញ្ហា ប៉ុន្តែជាសំនួរបើកដែលអនុញ្ញាតឱ្យដៃគូអាចរៀបរាប់បង្ហាញនូវអ្វីដែលជាដំណោះស្រាយលើបញ្ហាហើយអ្នកទាំងពីរក៏អាចសម្របសម្រួលលើបញ្ហានោះបានតាមការយោគយល់គ្នាផងដែរ។
សម្រាប់ចំណុចទាំងអស់ខាងលើនេះគឺការផ្តោតលើការយកចិត្តទុកដាក់នូវអ្វីដែលដៃគូលើកឡើងដើម្បីដោះស្រាយបញ្ហាហើយអ្នកអាចចាំថាក្នុងទំនាក់ទំនងមិនថាដៃគូស្នេហា ឬទំនាក់ទំនងមិត្តភក្តិឬទំនាក់ទំនងផ្សេងៗទៀតតែងមានឧបសគ្គឬជាបញ្ហាខ្លះប៉ុន្តែការស្តាប់គឺជាជម្រើសមួយល្អបំផុត។ បន្ថែមពីនោះការហ៊ានលើកយកបញ្ហានោះមកនិយាយជាមួយគ្នារកដំណើរដើមហេតុហើយដោះស្រាយគឺជាក្តីសង្ឃឹមប្រសើរបំផុតទៅលើការធ្វើឱ្យប្រសើរក្នុងទំនាក់ទំនងស្នេហាអ្នក៕