សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
កូវីដមិនទាន់ស្រាកស្រាន្តការប្រកាន់ភ្ជាប់វិធានការការពារខ្លួនជារឿងមិនអាចភ្លេចបានពិសេសការនៅជាមួយកូនៗកុមារតូចអ្នកអាចដឹកនាំពួកគេឱ្យចេះវិធានការទាំងនោះ ពិសេសអ្វីដែលពួកគេអាចធ្វើបានដូចជាពាក់ម៉ាសលាងសម្អាតដៃជាដើម។ ជាមួយគ្នានេះមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(UNICEF) បានបង្ហាញវិធីខ្លះៗដែលអ្នកនាំក្មេងៗអនុវត្តការលាងសម្អាតដៃជាទម្លាប់និងចេះបង្កើតបរិយាកាសរីករាយសម្រាប់កុមារចេះអនុវត្តទម្លាប់អនាម័យនេះសម្រាប់ការពារខ្លួនទៀតផង៖
១.បង្កើតភាពងាយស្រួលដល់កុមារក្នុងការលាងដៃ
អ្នកអាចរៀបចំកន្លែងលាងដៃដែលមានភាពងាយស្រួលនិងសុវត្ថិភាពដល់ក្មេងៗដែលគេអាចលាងដៃដោយខ្លួនឯងបាន។ មានទឹក និងសាប៊ូគ្រប់គ្រាន់ដាក់នៅទីនោះសម្រាប់ពួកគេអាចលាងសម្អាតដៃហើយក៏អាចនាំពួកគេចេះរាប់យ៉ាងហោចណាស់បាន២០វិនាទីសម្រាប់ការលាងដៃឱ្យបានស្អាតល្អ។
២.បង្កើតភាពសប្បាយរីករាយ
អាចនាំពួកគេចេះច្រៀងចម្រៀងABC ឬបទថ្ងៃកំណើត"Happy Birthday” ខណៈពេលកំពុងលាងដៃ។ ការច្រៀងនេះគឺអាចនាំឱ្យក្មេងៗរីករាយនឹងការសម្អាតដៃឱ្យស្អាតហោចណាស់រយៈពេល២០វិនាទី។ ប្រើសាប៊ូណាដែលមានព័ណ៌ទាក់ទាញសម្រាប់កូនក្មេង ក្លិនស្រាលល្អ និងមានរាងគួរឱ្យស្រលាញ់សម្រាប់ក្មេងៗ។
៣.បង្កើតជាទម្លាប់
នាំពួកគេបង្កើតជាទម្លាប់លាងដៃដូចជាពេលដែលកូនៗអ្នកមកដល់ផ្ទះមុនពេលញ៉ាំអាហារ ឬចូលគេង។ ហើយក៏ត្រូវប្រាកដថាពួកគេត្រូវលាងដៃក្រោយពេលពួកគេកណ្តាស់ ឬក្អក។
៤.ជួយពួកគេឱ្យយល់ដឹង
បង្រៀនពួកគេឱ្យដឹងថាមេរោគដែលមើលមិនឃើញ ប៉ុន្តែវាអាចនៅគ្រប់ទីកន្លែងហើយអាចធ្វើឱ្យយើងឈឺ។ នៅពេលកូនក្មេងយល់ហេតុផលថាហេតុអ្វីដែលពួកគេត្រូវលាងដៃដូចនេះទម្លាប់នេះពួកគេនឹងបន្តអនុវត្តជាប់រហូត។
៥.បង្កើតវាជាទម្លាប់របស់គ្រួសារ
បង្កើតជាគំរូល្អដល់ពួកគេដោយយើងផ្ទាល់ជាអ្នកលាងដៃរីឯសមាជិកគ្រួសារជាមនុស្សធំឯទៀតក្នុងគ្រួសារក៏គួរចូលរួមលាងដៃ ជាឧទាហរណ៍ដល់កូនក្មួយដែលជាគន្លឹះសំខាន់ក្នុងការអនុវត្តអនាម័យទាំងអស់គ្នានៅក្នុងគ្រួសារ៕