ដឹងឬអត់ថា ឥទ្ធិពលនៃវីរុស Covid 19 បានផ្លាស់ប្តូរអត្តចរិត និស្សិតរៀនតាមអនឡាញអ្វីខ្លះ

បច្ចុប្បន្ន នៅទូទាំងពិភពលោកកំពុងជួបវិបត្តិកូវីត១៩ ដែលតម្រូវឱ្យផ្អាក សកម្មភាពប្រចាំថ្ងៃជាច្រើន ដូចជា ការធ្វើការនៅការិយាល័យ មកជាធ្វើការនៅតាមផ្ទះរៀងខ្លួន ដោយការកាត់បន្ថយបុគ្គលិកនៅក្នុងក្រុមហ៊ុន។ ដោយឡែកចំពោះសិស្សនិស្សិតទាំងអស់ ដែលធ្លាប់តែរៀននៅសាលា បានប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសុវត្ថិភាពសុខភាព។ ដូច្នេះហើយ តើការប្ដូរមករៀនតាមអនឡាញ បានផ្លាស់ប្ដូរសិស្សនិស្សិតដូចម្ដេចខ្លះ?

១.ពិបាកទំនាក់ទំនង៖ ការរៀនតាមប្រព័ន្ធអនឡាញ ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ពិបាកបង្កើនមិត្តភាព និងមិនមានភាពស្និទ្ធស្នាលរវាងគ្រូនិងសិស្ស។ ម្យ៉ាងវិញទៀតការសិក្សារៀនសូត្រ ក៏មិនសូវបានដិតដល់ដូចនៅក្នុងសាលាឡើយ ដែលត្រូវពឹងផ្អែកមួយផ្នែកធំលើបច្ចេកវិទ្យាដូចជា ទូរស័ព្ទ និងប្រព័ន្ធអ៉ីនធឺណិតជាដើម ។

២.ពិបាកសម្របខ្លួន៖ អំឡុងពេលរៀនតាមអនឡាញ គ្រប់គ្នាបានផ្លាស់ប្ដូរទម្លាប់មួយ ដែលលែងក្លាយជាការពិបាកដូចដំបូង ប៉ុន្តែវាពិបាកនៅពេលដែលចាប់ផ្ដើមចូលរៀនវិញ យើងមិនសូវទម្លាប់ មិនសូវហ៊ាននិយាយស្ដី ដោយផ្ទាល់ជាមួយអ្នករៀនជាមួយគ្នា ហើយថែមទាំងធ្វើឱ្យអ្នកពិបាក និងចាប់ផ្ដើមទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកដទៃ។

៣.មិនមានឱកាសចូលរួមការងារស្ម័គ្រចិត្ត៖ ជីវិតសំខាន់បំផុត គឺការបានភ្លក់រសជាតិ ដើរសិក្ខាសាលា ការចូលរួមការងារស្ម័គ្រចិត្តជាមួយសាលា ការចូលរៀនវគ្គសិក្សាខ្លីៗដើម្បីបង្កើនចំណេះដឹង ការចេញទៅស្វែងរកឱកាសល្អៗមកកាន់ជីវិតអ្នក ។

៤.មិនបានចុះអនុវត្តការងារ៖​​​ មានជំនាញជាច្រើន ដែលតម្រូវឱ្យនិស្សិតបានចុះអនុវត្តផ្ទាល់ ជារៀងរាល់សប្ដាហ៍ ឬរៀងរាល់ខែ ក៏ប៉ុន្ដែនៅពេលដែលនិស្សិតត្រូវប្ដូរមករៀនតាមអនឡាញ ការចុះអនុវត្តក៏ចាប់ផ្ដើមលែងសូវមាន ឬក៏គ្មានតែម្ដង​ ជាហេតុធ្វើឱ្យនិស្សិតខ្វះជំនាញអនុវត្តជាក់ស្ដែង តែយើងក៏ឃើញមានការងារមួយចំនួនតូចដែលមិនតម្រូវឲ្យជួបមនុស្សផ្ទាល់ក៏ដោយ។

៥.ខ្វះការសហការជាក្រុម៖ ជាធម្មតាប្រសិនបើនិស្សិតកំពុងរៀនតាមសាលា គឺគ្រូតែងតែដាក់ការងារជាក្រុមដល់ក្រុមនិស្សិតនីមួយៗ ចូលរួមសហការជាមួយគ្នាដើម្បីធ្វើកិច្ចការតែមួយដូចៗគ្នា ដូច្នេះហើយនិស្សិតអាចមានឱកាសបានធ្វើការជាក្រុម បង្កើនមតិយោបល់ ពិភាក្សាគ្នាបាន ហើយថែមទាំងអាចនៅចុះសម្រុងគ្នាទៀតផង។

ទាំង៥ចំណុចខាងលើ គឺសុទ្ធសឹងតែជាបញ្ហាអវិជ្ជមានដែលកើតឡើងចំពោះនិស្សិតដែលប្ដូរមករៀនតាមប្រព័ន្ធអនឡាញ ក៏ប៉ុន្តែការអនុវត្តរៀនតាមអនឡាញនេះ គឺជាមធ្យោបាយល្អមួយ ដែលអាចការពារដល់សុវត្ថិភាពរបស់សិស្សនិស្សិតនៅទូទាំងប្រទេសឱ្យរួចផុតពីជម្ងឺឆ្លងកូវីត១៩តែប៉ុណ្ណោះ ដូច្នេះហើយ យើងត្រូវតែចូលរួមសហការជាមួយក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីរួចផុតពីជម្ងឺកាចសាហាវមួយនេះ និងឆាប់បានស្ថានភាពសង្គមឆ្ពោះទៅរកភាពធម្មតាវិញ៕