ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន ហើយពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណាដែលអាចប្រើដើម្បីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ មានប្រសិទ្ធភាព១០០% នោះឡើយ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនីមួយៗ គឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍របស់រដ្ឋាភិបាលប្រទេសនោះ។
ឯកឧត្តម ហ៊ុន ម៉ានី ៖ នៅចំពោះមុខ ការមិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នាក្នុងអតីតកាល យើងពិតជាមានសំណាងដែលមានមេដឹកនាំម្នាក់ និងសហការីដែលពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ-១៩នេះ។ ជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។ «គាត់គឺជាមេដឹកនាំដែលយើងតែងផ្តល់ទំនុកចិត្តលើគាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថា គាត់គ្មានហេតុផលណាមួយនឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី»៕