សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ធ្លាប់ឬទេ ចំណុចតូចៗខ្លះអាចរារាំងអ្នកមិនឱ្យទៅមុខ ឬសម្រេចចិត្តធ្វើកិច្ចការណាមួយឱ្យបានដំណើរការ ឬមិនឱ្យជីវិតដំណើរទៅមុខសោះ? ចំណុចទាំងនោះគឺលោកស្រី Kerry Thomas ជាអ្នកជំនាញប្រឹក្សាផ្នែកការរៀបចំជីវិត ជាគ្រូណែនាំដល់អ្នកដឹកនាំអង្គភាពស្ថាប័នជាច្រើននៅសហរដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅចំណងជើងLess Clutter បានលើកឡើងនូវបញ្ហាតូចៗខាងក្រោម៖
១.កិច្ចការតូចៗចំពោះមុខ
ការងារតូចៗខ្លះយើងអាចមើលរំលងឬមួយពន្យារពេលទុករហូតដល់ពេលមួយយើងពុំមានអារម្មណ៍ធ្វើវា។ ជាឧទាហរណ៍ខ្លះដូចជាការរៀបចំសម្អាតបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ការរៀបចំសួនបន្លែបង្ការនៅក្បែរផ្ទះជាដើម-ល-។ដូចនេះដំណោះស្រាយ គឺការចាប់ផ្តើមសម្រេចធ្វើការងារនោះតែម្តងនៅពេលណាដែលអ្នកគិតថាសមគួរក៏ចាប់ផ្តើមធ្វើវាតែម្តង។
២.កិច្ចការក្នុងសម័យប្រព័ន្ធឌីជីថលនេះ
ពិតមែនហើយការងារតូចៗទាំងនេះពេលខ្លះអាចជាបញ្ហាទៅវិញបើយើងបណ្តោយវាគរច្រើន។ចំណុចនេះ លោកស្រីចង់សម្តៅទៅលើសារ អ៊ីម៉ែល ឬកិច្ចការទំនាក់ទំនងក្នុងក្រុមជាដើមក្នុងយុគសម័យបច្ចេកវិទ្យា។ ប្រសិនបើកិច្ចការនោះខ្លះតម្រូវឱ្យដោះស្រាយ ឬឆ្លើយតបបានអ្នកក៏គួរគប្បីដោះស្រាយភ្លាមៗជាជាងរំលងទុកយូរដែលអាចជាបន្ទុកទៅថ្ងៃក្រោយ។ សម្រេចចិត្តដោយការគិតតាមវិធីល្អៗរបស់អ្នករួចដោះស្រាយវាដែលអ្នកនឹងមានពេលសម្រាប់បន្តកិច្ចការផ្សេងៗទៀតក្នុងជីវិត។
៣.របាំងតាមការគិត
ឧបសគ្គតូចៗខ្លះក៏កើតចេញពីការគិតរបស់អ្នកឧទាហរណ៍រឿងខ្លះដែលការពិតអ្នកអាចធ្វើបានតែការគិតជាភាពភ័យខ្លាចមិនអាចធ្វើបានក៏ធ្វើឱ្យអ្នកមិនសម្រេចកិច្ចការបានផងដែរ។ សាកល្បងធ្វើនូវរឿង ឬកិច្ចការត្រឹមត្រូវទាំងនោះសិនប្រសិនបើអ្នករិះរកអស់លទ្ធភាពហើយមិនអាចធ្វើបានអ្នកក៏អាចទៅបំពេញការងារផ្សេងៗទៀតដែលអ្នកនៅតែនឹងអាចធ្វើបាន។
៤.ការភ័យព្រួយទៅតាមអារម្មណ៍
ចំណុចនេះប្រហាក់ប្រហែលទៅនឹងចំណុចទី៣ដែរ ដែលមានន័យថាអារម្មណ៍បានរារាំងអ្នកមិនឱ្យធ្វើការទៅមុខទាំងដែលការពិតអ្នកអាចធ្វើបាន។ វាអាចជាឧទាហរណ៍ដូចជាឆ្នាំនេះខ្ញុំមិនសម្រកទម្ងន់ដូចការគ្រោងទុក ឬឆ្នាំនេះអាជីវកម្មខ្ញុំមិនដំណើរការ...។ ដរាបណា អ្នកមិនទាន់រកវិធីជម្នះអស់អ្នកក៏មិនគួរទោរទន់ទៅតាមអារម្មណ៍ភ័យខ្លាចនោះដែរ។
៥.ភ្លេចការយោគយល់សម្រាប់ខ្លួនឯង
ត្រង់ចំណុចនេះលោកស្រីក៏បានសម្តៅទៅលើគ្នាយើងខ្លះដែលច្រើនជាអ្នកពិបាកអត់ទោសឱ្យខ្លួនឯង ពោលគឺនៅពេលដែលបានធ្វើអ្វីមួយខុសច្រើនបន្ទោសខ្លួនឯងក្នុងរយៈពេលណាមួយយូរ ហើយមិនជ្រើសយកដំណើរ ឬវិធីផ្សេងទៅមុខទៀត។ លោកស្រីបានលើកទឹកចិត្តឱ្យផ្តល់សុខសន្តិភាពដល់ផ្លូវចិត្តខ្លួនឯង រៀនអត់អោននិងផ្តល់ឱកាសដល់ខ្លួនឯងសម្រាប់កិច្ចការថ្មី ឬជម្រើសថ្មីដែលធ្វើឱ្យជីវិតអ្នកបានប្រសើរជាងមុនជាជាងការកើតទុក្ខព្រួយ។
ជាចុងក្រោយលោកស្រី Kerry ជាអ្នកជំនាញប្រឹក្សាផ្នែកការរៀបចំជីវិតរូបនេះ ក៏បានគាំទ្រលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចេះរៀនប្រឈម និងយកបញ្ហាមកដោះស្រាយ។ ម្យ៉ាងទៀត ក្នុងពេលត្រូវការជំនួយក៏គួរស្នើសុំយោបល់ពីមិត្តភក្តិល្អៗអ្នកជិតស្និទ្ធិអ្នក ហើយត្រូវចេះសម្រេចចិត្តនិងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហានោះសម្រាប់ដំណើរជីវិត៕