សៀមរាប សម្រេចបិទ២ភូមិទៀតជាបណ្ដោះអាសន្ន ដែលពាក់ព័ន្ធកូវីដ១៩

សៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ ចំពោះករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ 

ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង អ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬ បានចូលទៅកាន់ ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤/០៧៧ ៧៨៩០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕