សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
សកម្មភាពឆ្គាំឆ្គងខ្លះឬជាកំហុសពីអ្នកដទៃ ដូចជាមិនសប្បាយចិត្ត ឬខឹងក្រេវក្រោធ ការទាមទារ មកលើយើងអាចមកពីឥទ្ធិពលកត្តាផ្សេងៗមកលើគេ។ ដូចនេះ ការមានពេលពិចារណាជារឿងសមហេតុផលមួយដែលយើងអាចធ្វើជាជាងការប្រតិកម្មតបដោយមិនបានដឹងរឿងគ្រប់ ឬមួយមើលតែមួយជ្រុងនៃរឿង(តែរឿងល្អ ឬរឿងមិនល្អ)។ ជាបទពិសោធ ហេតុផលបីខាងក្រោមនេះត្រូវបាន កញ្ញា Gwen Yi Wong ជាស្ថាបនិកក្រុមហ៊ុនប្រឹក្សា និងបណ្តុះបណ្តាលអប់រំផ្នែកចិត្តសាស្រ្តTribeless ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានលើកឡើងសម្រាប់ការស្វែងយល់នូវបញ្ហាខ្លះក្នុងទំនាក់ទំនងជាមួយអ្នកដទៃ៖
១. បង្ហាញដល់ពួកគេថាអ្នកពិតជាយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលពួកគេកំពុងជួបប្រឈម
ការទទួលដឹង និងយល់នៅពេលមនុស្សម្នាក់ទៀតមានអារម្មណ៍ម៉ួហ្មង មិនសប្បាយចិត្ត អ្នកអាចចំណាយពេលយកចិត្តទុកដាក់ស្តាប់បន្តិច នូវអ្វីដែលពួកគេបានជួបប្រទះ។ អាចចាប់ផ្តើមចេញពីឃ្លា"តើអ្នកមិនអីទេ?”ឬ"អ្នកមើលទៅដូចជាបារម្ភពីរឿងអ្វីមួយតើមានបញ្ហាអ្វីឬអត់?” ហើយអ្វីបន្ទាប់មកទៀតនោះគឺអ្នកគួរស្តាប់នូវអ្វីដែលពួកគេនិយាយដោយពុំមានការនិយាយលើកទឹកចិត្ត ឬប្រាប់យោបល់ពួកគេនូវអ្វីដែលត្រូវធ្វើនោះទេ ប៉ុន្តែជាការស្តាប់ដោយយកចិត្តទុកដាក់ទៅវិញ។
កញ្ញា Gwen Yi Wong
២.ស្នើសុំពីពួកគេ"តើអ្នកអាចឱ្យខ្ញុំដឹងពីបញ្ហានោះខ្លះបានទេ?”
ត្រង់ឃ្លាទំនាក់ទំនងនេះសម្តៅទៅលើសារសន្ទនាដែលអ្នកគឺមិនព្យាយាមលូកលាន់ ឬអន្តរាគមន៍ក្នុងបញ្ហាឬជីវិតគេឡើយប៉ុន្តែអ្នកនៅតែអាចស្តាប់និងបារម្ភ ហើយយល់ពីពួកគេ។ជាឧទាហរណ៍ មិត្តភក្តិម្នាក់របស់អ្នករអ៊ូរអំពីបញ្ហាការងាររបស់ពួកគេអ្នកអាចសួរថា"តើអាចប្រាប់ឱ្យខ្ញុំយល់ពីហេតុអ្វីបានជាបញ្ហានោះកើតឡើង? ឬ"តើឯងគិតយ៉ាងណាចំពោះបញ្ហានោះ?”។
៣.ចែករំលែកនូវអ្វីដែលអ្នកបានស្វែងយល់
ប្រសិនបើបញ្ហានោះទំនងពួកគេមិនអាចដោះស្រាយបានអ្នកក៏អាចប្រាប់ពួកគេនូវអ្វីដែលអ្នកធ្លាប់បានសង្កេត និងស្វែងយល់។ អ្នកអាចរំលឹកពួកគេនូវអ្វីដែលជាការលះបង់ ឬសមិទ្ធិផលរបស់ពួកគេទៅលើការងារដែលអាចជួយពួកគេនៅពេលពួកគេមានអារម្មណ៍ធ្លាក់ទឹកចិត្តហើយគួរចែករំលែកនូវការសង្កេត និងស្វែងយល់របស់អ្នកក្នុងកម្រិតមួយសមល្មមហើយយកការយកចិត្តទុកដាក់ទៅលើពួកគេ ក៏ដូចជាបទពិសោធពួកគេក្នុងការដោះស្រាយបញ្ហានោះវិញ។
ជំនួសឱ្យការនិយាយអ្នកអាចឱ្យពួកគេដឹងថាអ្នកនៅខាងពួកគេ ចាំស្តាប់ និងគាំទ្រពួកគេទៅលើរឿងត្រឹមត្រូវហើយបើទោះពេលខ្លះអ្នកមានយោបល់ល្អៗ ដែលអាចប្រាប់ទៅពួកគេតែអ្នកក៏អាចថ្លឹងថ្លែងកាលៈទេសៈណាដែលអាចប្រើដំបូន្មានទាំងនោះជួយដល់ពួកគេបាន។ បន្ទាប់ពី ការជួយផ្នែកផ្លូវចិត្ត និងស្មារតី អ្នកក៏អាចសម្រេចជួយជាសម្ភារៈជាថវិកា ឬរបស់របរខ្លះទៅតាមលទ្ធភាពដែលអ្នកធ្វើបាន៕