មនុស្សគ្រប់គ្នារស់នៅជាមួយនឹងពាក្យថា រៀនប្រសិនបើមនុស្សមិនរៀនទេ យើងមិនអាចមានជីវិតដូចពេលបច្ចុប្បន្ននោះទេ។ គ្រាន់តែកើតមកភ្លាមមនុស្សត្រូវរៀនសព្វគ្រប់បែបយ៉ាង រាប់ចាប់តាំងពីរៀនទទួលទានអាហាររៀនប្រាស្រ័យទាក់ទង រៀនដើរ រៀនរស់នៅ និងរៀនលើចំណុចជាច្រើនទៀត។
ការរៀនចាំបាច់ត្រូវតែរៀនមួយជីវិត ហើយដើម្បីឱ្យការរៀននោះកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងចាំបាច់ត្រូវតែរៀន និងអភិវឌ្ឍជាប់ជាប្រចាំ។
លោក Steven R. Covey អ្នកនិពន្ធសៀវភៅ 7 Habits of Highly Effective People បានលើកឡើងថា មនុស្សម្នាក់ៗចាំបាច់ត្រូវតែដុះខាត់សមត្ថភាពជាប់ជាប្រចាំ ទើបអាចធានាថាយើងអាចរស់នៅប្រកបដោយភាពសំខាន់ជាប់ជានិច្ច។ ពីមួយថ្ងៃទៅមួយថ្ងៃសម័យកាល និងពិភពលោកប្រែប្រួលជាប់ជានិច្ច ហេតុនេះសមត្ថភាពរបស់មនុស្សក៏ចាំបាច់ត្រូវតែអភិវឌ្ឍឥតឈប់ឈរទៅតាមនោះដែរ។ ចំណុចសំខាន់៣ យ៉ាងដែលលោកជំរុញឱ្យមានការអភិវឌ្ឍនោះគឺ ចិត្ត កាយ បញ្ញា និងស្មារតី។
លោក Steven R. Covey បាននិយាយថា៖ «ទោះបីជាមនុស្សមានចំណេះដឹងច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានការអនុវត្តទេ ចំណេះដឹងទាំងអស់នោះ នឹងរលាយបាត់បង់ទៅវិញជាក់ជាមិនខាន។ ហេតុនេះ មនុស្សម្នាក់ៗចាំបាច់ត្រូវតែប្រើប្រាស់ចំណេះដឹងទាំងអស់នោះ ហើយថែមទាំងបន្តអភិវឌ្ឍឱ្យអស់ពីសមត្ថភាព»។
លោកបានបញ្ជាក់ផងដែរថា ហេតុផលដែលមនុស្សជាច្រើនមិនព្រមបន្តអភិវឌ្ឍ ដោយសារតែពួកគេមិនរវល់ខ្លាំងពេកជាមួយនឹងការងារចរន្តប្រចាំថ្ងៃ ហើយមិនព្រមសម្រួចចំណេះដឹងពាក់ព័ន្ធនឹងអាជីព និងការរស់នៅ។ ជាក់ស្តែងមនុស្សភាគច្រើន តែងតែយកហេតុផលថារវល់ជាមួយនឹងការងារ រវល់ជាមួយនឹងអាជីវកម្ម ឬរវល់ជាមួយនឹងការងារបន្ទាន់ជាច្រើនផ្សេងទៀតទើបមិនអាចបន្តរៀនបាន។
ហេតុផលនេះ ទំនងជាមិនសូវសមហេតុផលនោះទេ ព្រោះប្រសិនបើយើងប្រៀបធៀបជីវិតជាមួយនឹងការបើកបរយើងនឹងឃើញថាស្ថានភាពនេះមិនខុសគ្នានោះទេ។ គ្រប់ពេលដែលយើងធ្វើការងារ និងរវល់ប្រៀបបានទៅនឹងយើងកំពុងព្យាយាមបង្កើនល្បឿនយានយន្តដើម្បីឱ្យចំទិសដៅ។ ការធ្វើបែបនេះជារឿងល្អ តែប្រសិនបើយើងរវល់ពេករហូតភ្លេចចាក់សាំងនោះយើងនឹងត្រូវគាំងកណ្តាលផ្លូវ។ ជាក់ស្តែងជីវិតរស់នៅរបស់យើងប្រចាំថ្ងៃក៏ដូចគ្នាដែរ។ ប្រសិនបើយើងផ្តោតខ្លាំងពេកលើភាពរវល់ប្រចាំថ្ងៃ ហើយភ្លេចអភិវឌ្ឍខ្លួន យើងនឹងជួបបញ្ហាលំបាកនៅថ្ងៃណាមួយជាក់ជាមិនខាន៕