មនុស្សម្នាក់ៗគួរ​ចេះផ្សារភ្ជាប់ក្តីស្រមៃរបស់ខ្លួន ជាមួយនឹងស្ថាប័នដែលខ្លួនធ្វើការ

ក្នុងជីវិតការងារ មនុស្សម្នាក់ៗតែងមានគោលបំណងនិងគោលដៅផ្សេងៗគ្នាទាំងអស់។ មានអ្នកខ្លះចូលបម្រើការងារដើម្បីជីវភាព លុយកាក់ឬ​ដើម្បីកុំឱ្យទំនេរ ខណៈអ្នកខ្លះទៀតចូលបម្រើការងារដើម្បីអភិវឌ្ឍខ្លួន ឬដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនជាដើម។

លោក Steven R. Covey អ្នកនិពន្ធសៀវភៅ 7 Habits of Highly Effective People បានលើកឡើងថា មនុស្សម្នាក់ៗគួរ​ចេះផ្សារភ្ជាប់ក្តីស្រមៃរបស់ខ្លួន ជាមួយនឹងស្ថាប័នដែលខ្លួនធ្វើការងារ ទើប​អាចរីកចម្រើនជាមួយភាពឈ្នះៗ។ ​ភាពឈ្នះៗនៅកន្លែងនេះមានន័យថា កាលណាបុគ្គលិកគ្រប់គ្នាមាន​គោលដៅជីវិតស្របជាមួយនឹងគោលដៅរបស់ស្ថាប័ននោះក្រុមហ៊ុន​ ឬស្ថាប័ន​នឹងទទួលបានភាពរីកចម្រើនដោយសារតែមានបុគ្គលិកធ្វើការងារអស់ពីសមត្ថភាព និងថែមទាំង​មានឆន្ទៈក្នុងការបន្តការងារ ​ដោយមិន​ត្អូញត្អែថែមទៀតផង។ ស្របជាមួយគ្នានេះដែរ បុគ្គលិកខ្លួនឯងវិញ​ ក៏ទទួលបានការរីកចម្រើន និងមោទកភាព​ដោយសារតែ​គាត់​ទទួលបាន​ទាំងថវិកា និងទាំង​ការសម្រេចក្តីស្រមៃរបស់ខ្លួន ជាមួយនឹង​សមិទ្ធផលរបស់ស្ថាប័ន។

លោក Steven R. Covey បាននិយាយថា អ្នកដឹកនាំស្ថាប័ន​ទាំងអស់ត្រូវតែដឹងឱ្យបានច្បាស់ ពីគោលដៅនិងបុព្វហេតុជីវិតរបស់បុគ្គលិកម្នាក់ៗ ព្រោះកាលណាអ្នកដឹកនាំបានដឹងពួកគាត់អាចនឹង​ព្យាយាមគ្រប់លទ្ធភាព ​ដើម្បីដាក់មនុស្សឱ្យត្រូវកន្លែងដែលគាត់ចង់ធ្វើ។ ការធ្វើបែបនេះ អាចនឹង​ធ្វើឱ្យ​ផលិតភាពការងារកើនឡើង​ជាលំដាប់ ដែលធ្វើឱ្យស្ថាប័នក៏រីកចម្រើនឥតឈប់ឈរដែរ។

លោក Steven R. Covey បានបញ្ជាក់ផងដែរថា សម្រាប់បុគ្គលិកគ្រប់គ្នាក៏ចាំបាច់ត្រូវតែដឹងផងដែរពីគោលដៅរបស់ខ្លួន មុនពេលចូលទៅក្នុងស្ថាប័នណាមួយ។ បុគ្គលិកចាំបាច់ត្រូវតែដឹងឱ្យបានច្បាស់លាស់ផងដែរ នូវគោលដៅជីវិតរបស់ខ្លួន ព្រោះប្រសិនបើយើងខ្លួនឯងមិនមានសូម្បីតែគោលដៅជីវិតខ្លួនឯង ច្បាស់ណាស់ថាយើងមិនអាច​ជួយក្រុមហ៊ុន ឬស្ថាប័នឱ្យសម្រេចគោលដៅបាននោះទេ។ បន្ថែមពីលើនេះការងារដែលយើងធ្វើ ក៏អាចនឹងឆាប់​ធ្លាក់ចុះដល់ចំណុច​អសកម្មដែរ ព្រោះយើងគ្មាន​ព្រលឹងវិជ្ជាជីវៈ និងមិនមាន​សក្តានុពល​ដើម្បី​ជំរុញសម្មិទ្ធផល​ប្រកបដោយថាមពលបាននោះទេ៕