ក្នុងរយៈពេលនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នេះ អ្នកធ្វើការងារជាច្រើនត្រូវបង្ខំចិត្ត ធ្វើកាងារនៅផ្ទះរៀងៗខ្លួនដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺឆ្លង។
ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យមនុស្សមួយចំនួនត្រូវប្រឈមជាមួយនឹងបញ្ហាផលិតភាពការងារ ដោយសារតែការធ្វើការងារនៅផ្ទះ មិនមានបរិយាកាសនិងស្ថានភាពអំណោយផលដូចនៅការិយាល័យនោះទេ។
នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមធ្វើការបង្ហាញវិធីសាស្រ្តសំខាន់ៗចំនួន២យ៉ាង ដើម្បីជំរុញឱ្យការធ្វើការងារនៅផ្ទះមានប្រសិទ្ធភាព ហើយថែមទាំងអាចធ្វើឱ្យផ្លូវចិត្តមានភាពនឹងនរ និងវិជ្ជមានថែមទៀតផង។
១.រៀបចំឱ្យដូចការិយាល័យ
មនុស្សជាច្រើនតែងតែគិតថាគ្រាន់តែធ្វើការងារនៅផ្ទះ មិនចាំបាច់ត្រូវរៀបចំកន្លែងធ្វើការងារនិងស្លៀកពាក់ដូចទៅធ្វើការងារនោះទេ ព្រោះនៅផ្ទះគ្មានរដ្ឋបាលចាំមើល គ្មានក្រុមការងារនិងគ្មានភ្ញៀវត្រូវបង្ហាញខ្លួននោះទេ។ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេព្រោះនៅផ្ទះគ្មានអ្នកដទៃមើល តែយើងខ្លួនឯងអាចជាអ្នកដែលត្រូវមើលមកខ្លួនឯង។ មែនទែនទៅការគ្រប់គ្រងខ្លួនឯងនេះ សំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅ និងការធ្វើការងារ។
តាមការបញ្ជាក់របស់ស្ថាប័ន Psychology Today បានបញ្ជាក់ថា ការបង្កើតបរិយាកាសនិងរបៀបរបបសម្រាប់ខ្លួនឯងឱ្យបានត្រឹមត្រូវជារឿងល្អដែលអាចជួយឱ្យផ្លូវចិត្តរបស់យើងរឹងមាំនិងមានរបៀបរៀបរយ។ ហេតុនេះ ការធ្វើការងារនៅផ្ទះគួរតែស្លៀកពាក់ឱ្យបានស្អាតបាត និងរៀបចំកន្លែងធ្វើការងារឱ្យមានរបៀបរៀបរយ ដូចនៅកន្លែងធ្វើការដើម្បីឱ្យអារម្មណ៍របស់យើងស្រស់ស្រាយនិងមានវិន័យល្អ។
២.រៀបចំផែនការឱ្យបានច្បាស់លាស់ (checklist)
ការរៀបចំផែនការគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការងារ ព្រោះបើគ្មានផែនការច្បាស់លាស់ទេ មនុស្សម្នាក់ៗប្រាកដជាមិនអាចធ្វើការងារ ឱ្យមានប្រសិទ្ធភាពបាននោះទេ។ ជាក់ស្តែង បុគ្គលិកខ្លះទៅដល់កន្លែងធ្វើការងារហើយនៅមិនទាន់ដឹងនៅឡើយថាខ្លួនឯងត្រូវធ្វើអ្វី។ ចុះទម្រាំនៅផ្ទះ?
ហេតុនេះ ទោះបីជានៅទីណាក៏ដោយដើម្បីកុំឱ្យខាតពេល យើងចាំបាច់ត្រូវតែរៀបចំផែនការឱ្យបានតាមលំដាប់លំដោយថាតើក្នុងមួយថ្ងៃនេះយើងត្រូវធ្វើអ្វីខ្លះ។ បន្ទាប់មករៀបចំវាជាតារាងអាទិភាពដោយចាប់ផ្តើមធ្វើការងារណាដែលជាការងារអាទិភាពមុនគេបំផុត៕