ដើម្បីអភិវឌ្ឍខ្លួនបានល្អ មនុស្សត្រូវចេះចាត់ចែងធនធានតាមវិធី៣យ៉ាង

នៅជុំវិញខ្លួនរបស់មនុស្សយើងម្នាក់ៗសុទ្ធតែជាប្រភពធនធានយ៉ាងមានសារៈសំខាន់ ​ដែលអាចជំរុញយើងឱ្យក្លាយជាមនុស្សប្រកបដោយគុណតម្លៃម្នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ូ សាវឿន អ្នកជំនាញអប់រំបានលើកឡើងថា ​មនុស្សម្នាក់ៗសុទ្ធតែមានប្រភពធនធានយ៉ាងច្រើនដែលអាចជំរុញឱ្យយើងក្លាយជាមនុស្សខ្លាំង មានសមត្ថភាព​ខ្ពស់ និងមានធនធានសំបូរបែប តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ មនុស្សជាច្រើនមិនទាន់ចេះប្រើប្រាស់ធនធានទាំងអស់នោះឱ្យអស់ពីលទ្ធភាព។

លោក សាវឿន បានបញ្ជាក់ថា ដំណាក់កាលដំបូង​ដែលមនុស្សគ្រប់គ្នាគួរដឹងគឺ វិធីសាស្រ្តក្នុងការកំណត់​សម្គាល់ពីធនធានដែលមាននៅជុំវិញខ្លួនយើង។ មនុស្សម្នាក់ៗមានធនធានច្រើនណាស់ដូចជា​ទំនាក់ទំនង ចំណេះដឹង បច្ចេកវិទ្យា ទ្រព្យសម្បត្តិ​គ្រួសារ អាចជាដីធ្លី រុក្ខជាតិនៅលើដីនោះ ស្រះទឹកនិងធនធានជាច្រើនផ្សេងទៀតដែលអាចប្រើប្រាស់បាន។ បន្ថែមពីលើនេះមនុស្សគ្រប់គ្នាក៏អាចមានធនធានសហគមន៍ សម្រាប់ប្រើប្រាស់ផងដែរ។ ហេតុនេះកាលណា​គាត់មើលឃើញពីចំណុចគោលដៅសំខាន់ៗនៃធនធាន ហើយគាត់នឹងយល់ឃើញថាគាត់មិនមែនមានតែដៃទទេនោះទេ តែគាត់មានទ្រព្យសម្បត្តិជាច្រើនដែលមិនទាន់យកមកប្រើប្រាស់។

ចំណុចសំខាន់ទី២ គឺ​ការគណនាធនធាន។ កាលណា​​មនុស្សម្នាក់ៗស្គាល់ធនធានហើយគាត់ចាំបាច់ត្រូវតែចេះរៀបផែនការក្នុងការប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ទើបធានាបានថា​យើងអាចទាញយកប្រយោជន៍ពី​ធនធានទាំងអស់នោះបានល្អ។ ផ្ទុយមកវិញប្រសិនបើយើងដឹងច្បាស់ហើយថាយើងមានធនធានច្រើន តែមិនចេះប្រើប្រាស់វាយើងអាចនឹងខ្ជះខ្ជាយធនធានទាំងអស់នោះ ហើយធ្វើឱ្យវាបាត់បង់ទៅដោយគ្មានប្រយោជន៍។

ចំណុចសំខាន់ចុងក្រោយគឺ ការគ្រប់គ្រង វាយតម្លៃនិងប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ចំណុចនេះសំខាន់ណាស់ព្រោះក្រោយរៀបចំផែនការច្បាស់លាស់ហើយយើងចាំបាច់ត្រូវតែចេះអនុវត្តផែនការទាំងអស់នោះឱ្យទៅជាសកម្មភាពប្រកបដោយភាពវិជ្ជមាន។ការអនុវត្តផែនការសកម្មភាព អាចនឹងមានកំហុស ឬបញ្ហាខ្លះត្រូវដោះស្រាយ។ ហេតុនេះនៅពេលអនុវត្តចាំបាច់ត្រូវតែសង្កេត តាមដាន និងវាយតម្លៃ ដើម្បីដឹងឱ្យបានច្បាស់ថាតើយើងប្រើប្រាស់ធនធានត្រូវគោលដៅដែរឬេទេ? កំហុសកន្លែងណាខ្លះដែលត្រូវកែសម្រួល? ហើយមានផ្លូវប៉ុន្មានទៀតដែលអាចបត់បែនបានដើម្បីធានាថា​យើងអាច​អភិវឌ្ឍខ្លួនជាមួយនឹងធនធានបានយូរអង្វែង៕