អ្នកមានវិជ្ជមានកូវីដ១៩ បើស្រាលនឹងត្រូវទុកព្យាបាលនៅតាមផ្ទះ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ រៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលច័តនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ «បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»

សម្ដេចតេជោ បានស្នើឱ្យក្រុមការងាររៀបចំនូវ ក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។

សម្តេចតេជោបន្តថា៖ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះ ត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ៕