សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
មនុស្សយើងកើតមកតែងមានតម្លៃផ្ទាល់ខ្លួនដែលខ្លួនឯងជាអ្នកបង្កើត។ ហើយជីវិតដែលកើតមកនេះ យើងអាចសួរខ្លួនឯងថាតើនឹងធ្វើអ្វីជាមួយជីវិតមួយនេះឱ្យមានតម្លៃ និងបានជាគោលដៅមានប្រយោជន៍ទៅដល់មនុស្សផងគ្នា?ដែលនេះសុទ្ធសឹងជាខ្លឹមសារប្រៀបដូចជាគោលដៅមួយដែលអ្នកអាចបង្កើតបាន៖
១.បង្កើតនូវគំនិតជាពន្លឺសម្រាប់ជីវិត
ធាតុសំខាន់បីសម្រាប់បង្កើតនិងអាចសម្លឹងឃើញជាលទ្ធផលអនាគតនោះគឺ៖ទីមួយអ្នកស្គាល់ខ្លួនអ្នកជានរណាកំពុងឈរទីណា (ជីវិតរស់នៅបែបណា)? អ្វីទៅជាជំនឿមុតមាំរបស់អ្នកហើយអ្វីទៅដែលអ្នកកំពុងធ្វើបច្ចុប្បន្ននេះ?ដែលធាតុទាំងបីនេះគឺជាមូលដ្ឋានសំខាន់បំផុតសម្រាប់សម្រួចទៅកាន់ទីដៅដែលអ្នកប្រាថ្នាដូច្នេះអ្នក នឹងស្វែងយល់បានច្រើនបន្ថែមសម្រាប់រក្សា និងភ្ជាប់ចំណុចទាំងបីនេះដើម្បីដល់គោលដៅ។
២.ទទួលស្គាល់នូវបញ្ហាប្រឈមខ្លះ
រាល់ដំណើរជីវិតតែងជួបបញ្ហាជួបឧបសគ្គជានិច្ចមិនមែនត្រង់រហូតនោះទេ។ ចំណុចនេះក៏ចង់បង្ហាញឱ្យយើងថ្លឹងថ្លែងរកដំណើរដើមហេតុផលនៃឧបសគ្គនោះប្រសិនបើជាឧបសគ្គមួយមិនអាចកែខៃបាន ឬថ្លឹងថ្លែងឃើញថាមិនអាចដោះស្រាយបានអ្នកក៏ចេះសម្រេចចិត្តនៅជាមួយបញ្ហានោះបន្តទៅ ឬរិះរកគោលដៅផ្សេងវិញ(ប្តូរគោលដៅ) ដែលអាចបន្តទៅមុខបាន។ អត្ថន័យនេះសម្តៅទៅលើការទទួលស្គាល់ពីបញ្ហាខ្លះដែលកើតឡើងមិនអាចដោះស្រាយបានដែលយើងត្រូវទទួលស្គាល់ព្រោះវាមិនអាចគ្រប់គ្រងបានទាំងស្រុង។
៣.បំផុសចេញនូវគំនិតណាមួយនៃជីវិតដែលធ្វើឱ្យអ្នករីករាយ
ចំណុចនេះមានន័យថាអ្នកមានការងារប្រាកដមួយមានប្រភពចំណូលរឹងមាំអាចរស់នៅបានដោយមិនមានការបារម្ភច្រើន។ ដូចនេះអ្នកក៏អាចបន្ថែមអត្ថន័យដល់ជីវិតរបស់អ្នកបានដែរតាមរយៈសកម្មភាពដែលជាចំណូលចិត្តរបស់អ្នកដូចជាការសរសេរសៀវភៅ ឬការជិះកង់ឆ្លងកាត់តំបន់ទីកន្លែងផ្សេងៗ ជាដើម-ល-ទៅតាមចំណូលចិត្តអ្នកដែលការងារការរកស៊ីចិញ្ចឹមជីវិតអ្នកនៅតែអភិវឌ្ឍនៅតែធ្វើឱ្យបានប្រសើរហើយទន្ទឹមនឹងនោះអ្នកក៏អាចឆ្លៀតរីករាយនឹងសកម្មភាពដែលអ្នកធ្លាប់ប្រាថ្នាមិនថាចំណុចតូចៗ ឬធំតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។
៤.រកគំរូដើមណាមួយរួចស្វែងយល់ពីបទពិសោធន៍នោះ
អ្នកអាចនឹងមានគំនិតច្រើនសម្រាប់បំពេញអត្ថន័យឱ្យជីវិតរបស់អ្នកហើយនឹងអាចជ្រើសរើសយកជម្រើសណាមួយ។ជាជំហានបន្ទាប់នោះគឺយើងអាចសាកសួរបទពិសោធផ្ទាល់ពីបុគ្គលដែលពួកគាត់បាន ឬអាចថាកំពុងរស់នៅក្នុងក្តីសុបិន្តមួយរបស់យើង។ ឬមួយអ្នកអាចសាកល្បងចាប់ផ្តើមនូវចំណុចតូចមួយនៃជីវិតមួយនោះ។ជាឧទាហរណ៍ អ្នកធ្លាប់ស្រមៃថានឹងធ្វើជាចុងភៅមួយរូបនៅពេលណាមួយដែលអ្នកដល់អាយុចូលនិវត្តន៍ពីការងារបច្ចុប្បន្ន។ ដូចនេះអ្នកអាចសាកសួរចំណេះបទពិសោធខ្លះៗពីអ្នកជំនាញធ្វើម្ហូប ឬអាចឆ្លៀតពេលទំនេរខ្លះអនុវត្តធ្វើម្ហូបដោយខ្លួនឯងផ្ទាល់ដែលសុទ្ធជាការបំពេញន័យដល់ជីវិតដែលអ្នកប្រាថ្នា។
៥.ផ្តល់អត្ថន័យដល់ជម្រើសដែលអ្នកជ្រើសរើស
នៅពេលសម្រេចចិត្តយើងអាចកើតក្តីបារម្ភ ឬភ័យខ្លាចថាយើងជ្រើសជម្រើសជីវិតមិនបានត្រឹមត្រូវ ឬបារម្ភថា ជម្រើសនោះមិនបានល្អបំផុត។ យ៉ាងណាមិញ អ្នកគួរពិចារណាវិញថាមុនអ្នកបានជ្រើសរើសអ្នកបានវិភាគបានល្អិតល្អន់និងសម្រេចជ្រើសរើសរួចរាល់ហើយទៅលើជីវិតមួយណា ឬបែបណាដែលអ្នកចង់បានដែលអ្នកស្រលាញ់។ ដូចច្នេះចំណុចនេះ គឺមានន័យថា អ្នកគួរគប្បីស្មោះត្រង់ចំពោះខ្លួនឯង និងផ្តល់តម្លៃដល់ជម្រើសរបស់អ្នកដែលអ្នកជ្រើសរើសដូចនេះអ្នកមិនខ្វល់ខ្វាយលើជម្រើសផ្សេងទៀតឡើយ ដោយផ្តោតសំខាន់ទៅលើអត្ថន័យនៃជីវិតដែលអ្នកបានសម្រេចជ្រើសរើស៕