ចំនួនអ្នកឆ្លងកូវីដ១៩ បន្តកើនឡើង ៦៩នាក់ និងជាសះស្បើយ ១៦នាក់

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី២មេសានេះបានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ៦៩នាក់ និងអ្នកជាសះស្បើយ ១៦នាក់ ។ 

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស ពីក្រសួងសុខាភិបាល ២៨៨ ៦៨៤នាក់ក្រសួងការពារជាតិ ១៤១ ៤៣៣នាក់ ​និងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស បានចាប់ផ្ដើមកាលពីថ្ងៃទី១មេសា។ 

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ចំនួន៣ប្រភេទគឺមាន Sinopharm(១.៣លានដូស), AstraZeneca (ជាង៣សែនដូស) និង Sinovac (១.៥លានដូស) ហើយរដ្ឋាភិ​បាល បានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន​១២៧០នាក់ និងអ្នកដែលបានជាសះស្បើយ ១២៥៦នាក់ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តស្វាយរៀង(មានករណីឆ្លងច្រើន តាមតួលេខថ្ងៃនេះ)។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប១៦នាក់ (ដោយមានអ្នកជម្ងឺ២នាក់ បានទទួលមរណភាពក្នុងថ្ងៃទី១មេសា) ហើយដែលក្នុងនោះមានជនជាតិខ្មែរ ១៥នាក់ និងជនជាតិចិនម្នាក់ និងដែលភាគច្រើននៃអ្នកស្លាប់គឺជាស្រ្ដី៕