សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ការផ្តល់តម្លៃឱ្យខ្លួនឯងគឺជាពេលវេលាមួយដែលផ្តោតការយកចិត្តទុកដាក់លើខ្លួនឯង តាមដាន និងអប់រំឱ្យបានប្រសើរនូវចំណុចដែលខ្វះខាត ឬចំណេះជំនាញដែលត្រូវសម្រួចបន្ថែម។ តាមរយៈចំណុចខ្លះៗខាងក្រោមនេះជាការផ្តល់នូវតម្លៃដល់ខ្លួនឯងខ្លះ ក្នុងការសាងស្ពានរឹងមាំមួយទៅកាន់គោលដៅខាងមុខជាបន្តបន្ទាប់៖
១.អត់ទោសឱ្យខ្លួនឯង
អ្នកមិនមានបំណងធ្វើឱ្យខុសនោះទេតែពេលខ្លះប្រហែសបន្តិច ឬភ្លាំងភ្លាត់បង្កឱ្យមានកំហុសយ៉ាងណាមិញ បើរឿងខុសនោះកើតឡើងហើយក៏គួរទទួលស្គាល់ និងហ៊ានទទួល។ ទទួលដឹងថាកំហុសកើតមានគឺជាការរំលឹកខ្លួនឯងឱ្យអត់ឱនខ្លួនឯង រួចព្យាយាមម្តងទៀតទៅមុខម្តងទៀតដោយមិនប្រមាថលើកិច្ចការ ឬសកម្មភាពណាមួយ។ ការអត់ទោសឱ្យខ្លួនឯងដោយក្តីមេត្តា ជារឿងល្អមួយផងដែរគឺឱ្យអ្នកបានរៀនពីកំហុសយកជាមូលដ្ឋានសម្រាប់ការដើរទៅមុខដោយការប្រុងប្រយ័ត្ន។
២.អនុវត្តការទទួលស្គាល់អំពីខ្លួនឯង
ពេលខ្លះអ្នកអាចនឹងអន់ចិត្តនឹងខ្លួនឯងដោយសារគិតថាមានអ្វីខុសក្នុងខ្លួន ហើយបដិសេធមិនទទួលស្គាល់ខ្លួនឯង។អ្នកអាចនឹងទទួលមតិ ឬយោបល់ផ្សេងៗថា របៀបឬសកម្មភាពរបស់អ្នកមិនគួរជាទីប្រសើរនោះទេដូចជាការស្លៀកពាក់ឥរិយាបថដេក ដើរ ឈរ អង្គុយដែលត្រូវសម្របសម្រួលចូលក្នុងចំណោមគេឯង។មែនហើយស្ថានភាពខ្លះគឺគប្បីត្រូវចេះសម្របសម្រួលតាមកាលៈទេសៈ ក្នុងចំណោមគេឯងហើយមួយវិញទៀតអ្នកក៏មិនត្រូវភ្លេចពីភាពជាខ្លួនឯងដែរដែលមានន័យថាអ្នកមិនភ្លេចពីតម្លៃខ្លួនឯងផង និងចេះសម្របខ្លួនតាមកាលៈទេសៈផងជាតុល្យភាពមួយមិនអាចខ្វះបានសម្រាប់ការឱ្យតម្លៃខ្លួនអ្នក។
៣.មានពេលស្តាប់និងជួយខ្លួនឯង
នៅពេលជីវិតជួបរឿងលំបាកៗច្រើនព្រមៗគ្នាធ្វើឱ្យអ្នករិះគន់ខ្លួនហើយពេលខ្លះសឹងតែធ្វើឱ្យអ្នកបោះបង់ខ្លួនឯងចោលដែលរឹតនាំឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅវិញ។ ប៉ុន្តែជាអ្នកក៏ត្រូវចាំថាមនុស្សម្នាក់ដែលនៅក្បែរអ្នកជានិច្ចគឺរូបអ្នក ហើយអ្នកដែលរឹងមាំត្រូវឆ្លងកាត់ការលំបាកនោះក៏ជាខ្លួននេះដែរ។ ដូចនេះ នៅពេលជួបរឿងលំបាកនានាអ្នកអាចប្រាប់ខ្លួនអ្នកថាអ្នកនៅទីនេះ ដើម្បីជួយខ្លួនអ្នកហើយអ្នកអាចឆ្លងកាត់ការលំបាកនោះបាន។
៤.នឹករលឹកដល់បុគ្គលដែលជាគំរូល្អរបស់អ្នក
ពេលខ្លះអ្នកក៏មានអារម្មណ៍ឯកាឆ្ងាយពីគេដោយសារអ្នកធ្វើខុសពីគេបន្តិច ឬមួយកំហុសឆ្គងខ្លះដែលកើតមានឡើង។ យ៉ាងណាមិញ ការជួបពេលវេលាលំបាកទាំងនេះអ្នកក៏រកជំនួយបានពោលគឺបុគ្គលដែលជាគំរូអ្នកអ្នកដែលជារៀមច្បងនិងធ្លាប់បង្រៀនអ្នកដោយក្តីមេត្តា ឬអ្នកដែលតែងជួយអ្នកនិងប្រាប់នូវចំណុចខ្វះខាតត្រូវកែលម្អ។ នេះក៏ព្រោះថាអ្នកទាំងនោះយល់ពីតម្លៃរបស់អ្នកហើយប្រាប់ណែនាំអ្នកឱ្យបានចម្រើនទៅមុខ និងតែងជួយគាំទ្រអ្នកក្នុងការអភិវឌ្ឍខ្លួនជានិច្ច៕