ប៉ុន្តែភាពជាអ្នកដឹកនាំ មិនត្រឹមតែជាការអង្គុយនៅកន្លែងដែលខ្ពស់បំផុតនៃកាំជណ្តើរ និងដំណើរការការបញ្ជានោះទេ វាគឺជាមធ្យោបាយនៃការទំនាក់ទំនង ជាមួយបណ្តាញសង្គមសហគមន៍ មិត្តរួមការងារ និងនិយោជិត ដើម្បីចែករំលែកនូវចក្ខុវិស័យ និងបង្រួបបង្រួមអ្នកទាំងនោះឲ្យខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរួមមួយ។
ដូច្នេះតើការធ្វើជាអ្នកដឹកនាំល្អម្នាក់ មានអត្ថន័យយ៉ាងដូចម្តេច? នេះគឺជាទម្លាប់ចំនួន៧ របស់អ្នកដឹកនាំដែលកើតមានពីកំណើត។
១. ហ៊ានបរាជ័យ
សាស្រ្តាចារ្យនៅសាលា Harvard លោក Rosabeth បានសរសេរថា “ភាពខុសគ្នារវាងអ្នកឈ្នះ និងអ្នកចាញ់ គឺវិធីដែលពួកគេដោះស្រាយ ចំពោះការចាញ់”។
ការដឹកនាំល្អគឺជាការប្រថុយនឹងភាពបរាជ័យ ហើយភាពងាយជាសះស្បើយយ៉ាងឆាប់រហ័ស ជួយឲ្យអ្នកដឹកនាំ ងើបផុតពីភាពលំបាកនិងការអូសបន្លាយនៃភាពជោគជ័យ ដែលមិនអាចគេចផុតដែលអ្នកដឹកនាំត្រូវតែប្រឈមនឹងហានិភ័យ។
ភាពបរាជ័យ អាចដំណើរការ ដោយថាមពលនៅក្នុងផ្លូវមួយនៃផ្លូវទាំងពីរនេះ៖វាអាចជាគ្រូបង្រៀន អ្នក ជាកម្លាំងជម្រុញដ៏អស្ចារ្យបំផុត សម្រាប់ភាពជោគជ័យនាពេលអនាគតឬវាអាចធ្វើឲ្យអ្នកគេចផុតពីការជួបប្រទះនឹងហានិភ័យ ដូច្នេះ អ្នកនឹងសម្រេចបានអ្វីដែលអស្ចារ្យម្តងទៀត។ អ្នកដឹកនាំដ៏អស្ចារ្យ ដឹងអំពីចំណុចនេះយ៉ាងច្បាស់ ហើយពួកគេបានរៀនប្រើប្រាស់ភាពបរាជ័យ ដោយយកវាធ្វើជា “ដុំថ្មដើម្បីជាន់ឡើងទៅរកភាពជោគជ័យ”។
២. អនុវត្តតាមគោលបំណងរបស់ខ្លួនឯង
លោក Steve Jobs បាននិយាយថា “គុណតម្លៃស្នូលរបស់ Apple គឺយើងជឿជាក់ថា មនុស្សដែលមានចំណង់ អាចផ្លាស់ប្តូរពិភពលោកបាន ហើយមនុស្សដែលឆ្កួតក្នុងការគិតថា ពួកគេអាចផ្លាស់ប្តូរពិភពលោកបានគឺជាអ្នកដែលអាចធ្វើវាបានយ៉ាងពិតប្រាកដ”។
ការមើលរបៀបដែល លោក Jobs លើកឡើងអំពីនិយោជិតរបស់គាត់វាមិនអាចទៅរួចឡើយ ដែលយើងមិនមានអារម្មណ៍ដឹងអំពីចំណង់និងគោលបំណងយ៉ាងមុតមាំរបស់គាត់។ នៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រវត្តិសាស្រ្តនេះ ដែលបានសម្តែងចេញនូវកម្លាំងជំរុញនិងចំណង់ដូចគ្នានោះ Jobs បាននិយាយថា “យុទ្ធនាការនោះ ជះឥទ្ធិពលយ៉ាងខ្លាំងចំពោះក្រុមហ៊ុន”។
គោលបំណងជំរុញឲ្យអ្នកដឹកនាំអស្ចារ្យជាងគេបំផុតដូចជា លោក Jobs បង្កើតផលិតផលដែលពោរពេញដោយអត្ថន័យឬសម្រេចគោលដៅដែលលើសពីប្រាក់ចំណេញរបស់ក្រុមហ៊ុនហើយគិតថាក្រុមហ៊ុនមិនមែនតែជាការចំណេញប្រាក់ ឬការខាតបង់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជា “ដួងព្រលឹង” មួយថែមទៀតផង”។ ដើម្បីធ្វើដូច្នេះបាន ពួកគេបំផុសទឹកចិត្តនិយោជិតឲ្យធ្វើការងារឲ្យដល់ចំណុចសក្តានុពលខ្លាំងបំផុត ដែលពួកគេមាន ដើម្បីបំពេញតាមទស្សនៈវិស័យដែលកាន់តែធំ។
៣. ចេះផ្តល់ឲ្យ
យោងតាមចិត្តវិទូនៃអង្គភាពមួយគឺ Adam Grant នៅលើពិភពលោកនេះ មានមនុស្សបីប្រភេទ៖អ្នកផ្តល់ឲ្យ (បុគ្គលដែលផ្តល់អាទិភាពលើការជួយអ្នកដទៃ) អ្នកទទួលយក (បុគ្គលដែលជួយខ្លួនឯង)និងអ្នកផ្តល់និងទទួលយក (បុគ្គលដែលស្វែងរកអត្ថប្រយោជន៍ស្មើៗគ្នា សម្រាប់ខ្លួនឯង និងអ្នកដទៃ)។បន្ទាប់ពីធ្វើការអង្កេតតម្លៃនៃការសិក្សាផ្នែកចិត្តសាស្រ្ត អស់រយៈពេលជាច្រើនឆ្នាំព្រមទាំងបានធ្វើការស្រាវជ្រាវដោយខ្លួនឯង លោក Grant បានសន្និដ្ឋានថាអ្នកផ្តល់ឲ្យគឺ ជាបុគ្គលដែលជោគជ័យជាងគេបំផុត។
Grant បាននិយាយថា“អ្នកចេះផ្តល់ឲ្យ តែងតែមើលឃើញមនុស្សនៅជុំវិញខ្លួន ថាជាត្បូងពេជ្រនៅក្នុងភក់ជ្រាំ ការវិនិយោគដោយវិធីនេះនឹងអាចធ្វើមនុស្សទាំងនេះសម្រេចបាននូវសក្តានុពល ដែលអស្ចារ្យជាងអ្វីដែលពួកគេគិតថាអាចទៅរួច”។
៤. ប្រើពេលសម្រាក
អ្នកដឹកនាំអស្ចារ្យមានគោលដៅដែលមានមហិច្ឆិតាហើយពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ប៉ុន្តែពួកគេក៏បានដឹងផងដែរថាភាពងប់ងុលនឹងការងារ និងភាពអស់កម្លាំងចិត្ត និងកាយមិនអាចធ្វើឲ្យពួកគេធ្វើដំណើរទៅបាន កាន់តែឆ្ងាយនោះទេ ដូច្នេះពួកគេឆ្លៀតពេលសម្រាកនិងបញ្ចូលថាមពលវិញ ដើម្បីបង្កើនគំនិតច្នៃប្រឌិត និងភាពឆ្លាតវៃរបស់ពួកគេ។ ចូរចំណាយពេលទៀងទាត់សម្រាប់ខ្លួនឯង មិនថាជាការធ្វើយូហ្គា (Yuga)ជារៀងរាល់ថ្ងៃ ការមិនប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច រៀងរាល់ថ្ងៃសៅរ៍ឬវិស្សមកាលពីរដងក្នុងមួយឆ្នាំ អាចធ្វើឲ្យអ្នកដឹកនាំ មានភាពស្រឡះក្នុងខួរក្បាលនិងត្រៀមខ្លួនជាស្រេច សម្រាប់ប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗទៀត។
សម្រាប់អ្នកដឹកនាំមួយចំនួនដូចជា Virgin Group CEO RichardBranson វិស្សមកាលថែមទាំងអាចផ្តល់ឲ្យគាត់នូវប្រភពនៃការបំផុសគំនិតផ្នែកអាជីវកម្មដែលមិនបានរំពឹងទុកជាមុខទៀតផង។
Branson បានប្រាប់សហគ្រិនថា“នៅពេលដែលអ្នកធ្វើវិស្សមកាល ទម្លាប់របស់អ្នកនឹងរងការរំខាន កន្លែងដែលអ្នកនៅនិងមនុស្សថ្មីដែលអ្នកជួប អាចបំផុសគំនិត ដោយវិធីណាមួយដែលមិនបានរំពឹងទុកជាមុន”។“ក្នុងនាមជាសហគ្រិន ឬអ្នកដឹកនាំអាជីវកម្ម នៅពេលដែលអ្នកត្រឡប់មកពីវិស្សមកាលវិញ ប្រសិនបើអ្នកមិនបាននាំមកជាមួយនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងវិធីកែប្រែអាជីវកម្មរបស់អ្នកឲ្យកាន់តែល្អឡើងទេនោះវាដល់ពេលហើយដែលអ្នកត្រូវពិចារណាធ្វើការផ្លាស់ប្តូរមួយចំនួន”។
៥. ស្តាប់ច្រើន
លោក Bill Clinton មានការសម្ងាត់ដ៏សាមញ្ញនិងគួរឲ្យភ្ញាក់ផ្អើលក្នុងការសម្រេចជោគជ័យ៖ អតីតប្រធានាធិបតី ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើមនុស្សគ្រប់រូប។សាច់រឿងខ្លីៗស្តីអំពីលោក Clinton ច្រើនរាប់មិនអស់បានណែនាំថា សមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃដ៏ល្បីល្បាញរបស់គាត់បានមកពីការផ្តោតការយកចិត្តទុកដាក់ ចំពោះមនុស្សគ្រប់រូបដែលគាត់បានជួបហើយវាបានធ្វើឲ្យគាត់ក្លាយជាអ្នកទំនាក់ទំនង ផ្នែកនយោបាយដ៏ល្អបំផុតម្នាក់នៅក្នុងប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ។
ក្នុងរយៈពេលដំបូងនៃអាជីពរបស់គាត់Clinton ត្រូវបានទទួលស្គាល់ចំពោះផ្នែកទំនាក់ទំនងជាមួយអ្នកដែលស្ថិតនៅក្រោមការដឹកនាំរបស់គាត់ដោយសម្លឹងមើលពួកគេនៅក្នុងខ្សែភ្នែក និងស្តាប់អ្វីដែលពួកគេបាននិយាយ។គាត់បានសម្តែងចេញមកនូវបុគ្គលិកលក្ខណៈដែលអ្នកដឹកនាំល្អមានពីធម្មជាតិ៖ពួកគេពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយទោះបីជាពួកគេរវល់យ៉ាងណាក៏ដោយពួកគេតែងតែចំណាយពេលវេលាឲ្យអ្នកដទៃ។
Clinton បានសរសេរនៅក្នុងសៀវភៅប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ជីវិតរបស់ខ្ញុំ ថា “ពេលមួយជីវិតរបស់ខ្ញុំខ្ញុំចាប់អារម្មណ៍ចំពោះរឿងរ៉ាវរបស់អ្នកដទៃ” “ខ្ញុំចង់ស្គាល់ពួកគេ យល់អំពីពួកគេ និងយល់ពីអារម្មណ៍ដែលពួកគេមាន”។
៦. ស្វែងរកបទពិសោធន៍និងវិធីសាស្រ្តក្នុងការគិតថ្មីៗ
នៅក្នុងពិភពលោកដែលពោរពេញដោយភាពប្រកួតប្រជែង និងមានការប្រែប្រួលយ៉ាងលឿន គំនិត ច្នៃប្រឌិត គឺកាន់តែសំខាន់ចំពោះអ្នកដឹកនាំ ក្នុងការអភិវឌ្ឍខ្លួនដើម្បីធ្វើឲ្យអាជីវកម្ម បន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ។ អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិត គឺជាអ្នកដឹកនាំ ដែលបើកចិត្តយ៉ាងទូលាយ។
បើកចំហរចំពោះបទពិសោធន៍ជាបុគ្គលិកលក្ខណៈ ដែលមានឥទ្ធិពលមួយក្នុងចំណោមបុគ្គលិកលក្ខណៈ ដែលមានឥទ្ធិពលទាំងប្រាំនៃចិត្តវិទ្យា ជាបុគ្គលិកលក្ខណៈមួយដែលកំណត់ដោយភាពចង់ដឹងចង់ឮផ្នែកបញ្ញា និងការដឹកនាំយ៉ាងខ្លាំង ទៅរកការរុករកផ្នែកចិត្តគំនិត គឺជាបុគ្គលិកលក្ខណៈមួយដែលទាក់ទងខ្លាំងបំផុតនឹងស្នាដៃផ្នែកគំនិតច្នៃប្រឌិត។
អ្នកដឹកនាំត្រូវមានចិត្តគំនិតដែលអាចបត់បែនបាននិងងាយប្រែប្រួល ដើម្បីសម្របទៅនឹងការប្រែប្រួល និងបញ្ហាប្រឈមថ្មីៗដែលត្រូវបានជំរុញ តាមរយៈការបើកចំហរទទួលយកទស្សនៈថ្មីនិងវិធីសាស្រ្តក្នុងការចាត់ចែងការងារថ្មីៗ។
៧. យល់អំពីអារម្មណ៍របស់អ្នកដទៃ
អ្នកដឹកនាំដែលមានចិត្តល្អនិងយល់ចិត្តរបស់អ្នកដទៃ ដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះអ្នកដែលធ្វើការឲ្យពួកគេនោះគឺជាអ្នកគ្រប់គ្រងម្នាក់ ក្នុងចំណោមអ្នកគ្រប់គ្រងដែលជោគជ័យបំផុតដែលពួកគេបំផុសគំនិតរបស់អ្នកដទៃ និងធ្វើឲ្យអ្នកដទៃឈរនៅខាងពួកគេដោយខ្លួនឯង។អ្នកដឹកនាំដែលបង្ហាញការយល់ចិត្ត អាចទំនាក់ទំនងជាមួយអ្នកដទៃនិងយល់អំពីទស្សនៈរបស់អ្នកដទៃបានច្រើនជាងអ្នកដឹកនាំផ្សេងទៀត។ ត្រឡប់មកវិញពួកគេអាចប្រើប្រាស់ទំនាក់ទំនងទាំងនេះ ដើម្បីគាំទ្រពួកគេនៅពេលដែលពួកគេ ត្រូវការការគាំទ្រទាំងនោះ។
បុគ្គលដែលជោគជ័យ មិនធ្វើការតែម្នាក់ឯងឡើយពួកយើងម្នាក់ៗត្រូវការការគាំទ្រពីអ្នកដទៃដើម្បី សម្រេចបាននូវលទ្ធផលវិជ្ជមាន ដែលជំរុញពួកយើងឆ្ពោះទៅកាន់គោលដៅរបស់ពួកយើង។ ការយល់ចិត្តយ៉ាងពិតប្រាកដ រួមបញ្ចូលគ្នា រវាងការយល់អំពីភាពសមហេតុផលផ្នែកអារម្មណ៍ និងការផ្អែកលើភាពជាក់ស្តែង ដែលមាននៅក្នុងការសម្រេចចិត្តនីមួយៗ៕
Inside HR