សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
នៅពេលអ្នកមានបញ្ហាជាប់គាំង មន្ទិល ឬមិនទៅមុខលើរឿងសម្រេចអ្វីមួយដោយសារជម្រើសច្រើនពេក គំនិតច្រើនពេក ព័ត៌មានច្រើនពេក អ្នកត្រូវមានគំនិតខ្លះៗជាជំនួយស្មារតីក្នុងការដោះស្រាយបានដែរ។ ចំណុចខ្លះៗខាងក្រោមអាចឱ្យអ្នកពិចារណា និងគិតគូរបានបន្ថែមសម្រាប់ការសម្រេចលើអ្វីមួយ៖
១.ស្រមៃមើលពីអ្វីជាចំណូលចិត្ត
ស្វែងរកមើលអ្វីទៅជាចំណង់ចំណូលចិត្តរបស់អ្នក មានន័យថាអ្នកស្រលាញ់នឹងរីករាយនឹងវាមិនចេះធុញមិនជិនណាយ។ ម្យ៉ាងទៀតអ្នកក៏គួរហ៊ានសាកល្បងធ្វើឱ្យអស់ពីចិត្តពីថ្លើមទៅលើរឿងនោះព្រោះថាការយកចិត្តទុកដាក់អនុវត្តលើកិច្ចការនោះជារឿយៗ អ្នកនឹងឃើញពីលទ្ធផលផ្លែផ្កាពីការខិតខំប្រឹងប្រែង និងការព្យាយាមរបស់អ្នកផ្ទាល់។
២.ម្នាក់ៗមានភាពសម្គាល់រៀងៗខ្លួន(ភាពខុសប្លែកគ្នា)
ប្រាកដណាស់មនុស្សយើងម្នាក់ៗមានការមើលឃើញយល់ឃើញខុសប្លែកគ្នា ហើយរបៀបនៃការបង្ហាញក៏ផ្សេងៗគ្នា។ ដូច្នេះអ្នកគឺជាអ្នកផ្តើមគំនិតរបស់ខ្លួនផ្ទាល់ដោយចេះផ្តើម ហើយក៏គប្បីត្រូវចេះទទួលខុសត្រូវលើការសម្រេចនូវភាពជាអ្នកនោះ។ ប្រសិនបើអ្នកថ្លឹងថ្លែងឃើញថាសកម្មភាពអ្នក ឬគំនិតអ្នកមិនជាប្រសើរអ្នកក៏គួរកែប្រែឱ្យបានប្រសើរឡើងវិញ។ ចំណុចនេះក៏សម្តៅន័យដែរថាអ្នកនឹងមានពេលគ្រប់គ្រាន់ផ្តោតលើអ្វីមួយដែលអ្នកពេញចិត្តជាជាងការនៅសង្ស័យឬស្ទាក់ស្ទើរ។
៣.មនុស្សគ្រប់ៗគ្នាមានរបស់ពិសេសមួយហើយការសម្រេចធ្វើ ឬមិនធ្វើគឺអាស្រ័យលើបុគ្គលម្នាក់ៗនោះ
យើងសឹងគ្រប់គ្នាប្រាកដជាដឹងហើយថារបស់ពិសេសនោះគឺជាខួរក្បាល មានន័យថាសកម្មភាព ឬលទ្ធផលនៅលើពិភពលោកនេះគឺបានមកពីគំនិតការគិតផ្ទាល់ របស់បុគ្គលម្នាក់ៗដែលមានខួរក្បាលជាសមាសភាពសំខាន់មិនអាចខ្វះបានក្នុងការគិតពិចារណានោះ។ ម្យ៉ាងទៀត លទ្ធផលជាផ្លែផ្កានោះក៏កើតឡើងបានដោយសារសកម្មភាពជាហេតុផងដែរ ទើបគំនិតនោះកើតមានជារូបរាងឡើង ជាឧទាហរណ៍តូចមួយថាអ្នកមានហ្គីតានៅក្នុងដៃ ហើយការសម្រេចថាខំរៀនលេងវា ឬមិនធ្វើអ្វីសោះ ដើម្បីបានឮសម្លេងពិរោះគឺជារឿងរបស់យើងផ្ទាល់។
សម្រាប់ចំណុចខាងលើនេះសរុបជារួមក៏សំដៅទៅលើន័យដែលថាគឺអ្វីៗចាប់ផ្តើមពីសកម្មភាពអ្នកទៅធ្វើ ពុំមែនត្រឹមតែគិតរួចមិនមានសកម្មភាពអ្វីសោះនោះឡើយ។ ចាប់ផ្តើមធ្វើអ្នកនៅតែអាចស្វែងយល់ពីអ្វីទៅដែលជាចំណូលចិត្តរបស់អ្នកផ្តោតលើការយកចិត្តទុកដាក់អ្វីមួយឱ្យប្រាកដ និងជឿជាក់លើអ្វីដែលអ្នកជ្រើសយកហើយត្រូវមានសកម្មភាពចាប់ផ្តើមទោះត្រូវប្រឈមនឹងឧបសគ្គខ្លះដែលជាការវាស់ស្ទង់ភាពក្លាហាន និងជឿជាក់របស់អ្នក៕