អ្នកដែលបានដីពីរដ្ឋាភិបាល គួរបង្កើនផលរកចំណូលប្រសើរជាងយកទៅបញ្ចាំនៅធនាគារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្បទានិកដែលទទួលបានដី ពីការផ្តល់ជូនដោយរាជរដ្ឋាភិបាល គួរខិតខំស្វែងរកចំណូលបន្ថែម ដោយការបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ច គ្រួសារប្រសើរជាងការយកដីទៅលក់ឬដាក់បញ្ចាំនៅធនាគារឯកជន។ 

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ក្នុងកិច្ចចុះប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកចំនួន៤០០គ្រួសារ នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅថា អ្នកដែលដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង៤០០គ្រួសារថា មិនត្រូវយកទៅបញ្ចាំឬលក់ដូរដីនេះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «អចលនវត្ថុ ឬដីធ្លី ដែលរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ជូនប្រៀបបានទៅនឹងអាយុជីវិតរបស់បងប្អូន ហើយសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំនៅតាមធនាគារឯកជន ឬលក់ទៅឱ្យវិស័យឯកជន»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តន៍ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើង ដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពីប្រជាពលរដ្ឋឡើយ។

គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រដល់ការប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការចែកជូនដីដល់អ្នកគ្មានដីនិងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ចដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រនិងជនងាយរងគ្រោះ។ 

គម្រោងនេះគឺមានគោលបំណង ដើម្បីបែងចែកដីធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាននូវសេវាសាធារណ:និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិតភាព ជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួន ដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២  (LASED II) នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួន១,៨០លានដុល្លារសហរដ្ឋអាមេរិក។ ខេត្តគោលដៅជាអាទិភាព ដែលត្រូវបានជ្រើសរើស សម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២  (LASED II)មានចំនួន៥ ដែលក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៕