ចំនួនអ្នកឆ្លងកូវីដ១៩ បន្តកើនឡើង ៨៦នាក់ និងជាសះស្បើយ ៣៤នាក់

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨មីនា នេះបានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ៨៦នាក់ និងអ្នកជាសះស្បើយ ៣៤នាក់ ។ ជាការកត់ត្រាដ៏ខ្ពស់មួយផងដែរ លើករណីឆ្លងថ្មីប្រចាំថ្ងៃ ដែលរយៈពេលជាង១ឆ្នាំមកនេះ ដែលតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺ ១៨៧នាក់ ដែលបានផ្សាយក្នុងថ្ងៃ២៧មីនាកន្លងទៅ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស បានកើនដល់ជាង ២សែននាក់ និងនៅបន្តចាក់ជាបន្តបន្ទាប់។ 

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​១០៥៤នាក់ និងអ្នកដែលបានជាសះស្បើយ ១១៦៦នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។

ក្នុងថ្ងៃនេះ ក្រសួងបានកត់ត្រាបន្ថែមពីករណីស្លាប់២នាក់ទៀត ដែលធ្វើឲ្យ ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប១០នាក់ ហើយដែលក្នុងនោះមានជនជាតិខ្មែរ ៩នាក់ និងជនជាតិចិនម្នាក់៕