សម្លឹងមើលខាងក្រោយវិញ ហើយអ្វីដែលអ្នកបានធ្វើទាំងនោះហាក់ដូចជាទាក់ទងគ្នាលើកលែងតែជម្រើសដែលអ្នកមិនបានធ្វើការជ្រើសរើស និងហានិភ័យដែលអ្នកមិនបានជួបប្រទះ។ នេះគឺជាជម្រើសទាំងដប់ដែលនឹងធ្វើឲ្យអ្នកសោកស្តាយនៅថ្ងៃណាមួយ៖
១. ការជ្រើសរើសយក ការឈឺចាប់ ដោយសារការស្តាយក្រោយនិងគ្មានវិន័យ
ពាក្យអាក្រក់បំផុត ដែលអ្នកអាចនិយាយបាននោះគឺ “ប្រសិនបើខ្ញុំបាន...”
គិតអំពីអ្វីដែលអ្នកធ្លាប់មានបំណងចង់ធ្វើប៉ុន្តែមិនបានធ្វើ ហើយអ្នកបានធ្វើអ្វីជំនួសវិញ? ប្រសិនបើអ្នកជាខ្ញុំ អ្នកមិនអាចហៅពេលវេលាឲ្យត្រឡប់ក្រោយបាននោះទេ? អ្វីដែលអ្នកដឹងនោះគឺពេលវេលាបានកន្លងហួសហើយអ្វីដែលអ្នកបានធ្វើជំនួសនោះគ្មានតម្លៃសូម្បីតែឲ្យអ្នកចងចាំ។
គិតអំពីអ្វីដែលអ្នកធ្លាប់សុបិន្តចង់ធ្វើកាលពីប្រាំឬដប់ឆ្នាំមុន ប៉ុន្តែអ្នកមិនធ្វើនិងគិតថាតើថ្ងៃនេះអ្នកនឹងមានជីវិតល្អបែបណាប្រសិនបើអ្នកបានធ្វើវានៅថ្ងៃនោះ។ គិតដល់គ្រប់ពេលវេលាទាំងអស់ដែលអ្នកបានខ្ជះខ្ជាយ និងមិនអាចយកត្រឡប់មកវិញបាន។
បន្ទាប់មក ចាប់ផ្តើមធ្វើវានៅថ្ងៃនេះជំរុញខ្លួនអ្នកឲ្យធ្វើអ្វីដែលអ្នកមានសង្ឃឹមថាអ្នកនឹងធ្វើ... ដូច្នេះប្រាំឬដប់ឆ្នាំក្រោយ អ្នកនឹងមិនក្រឡេកមើលមកអតីតកាលវិញ ដោយភាពសោកស្តាយ។ ប្រាកដណាស់វានឹងមានការលំបាក។ ប្រាកដណាស់ អ្នកនឹងឈឺចាប់។
ប៉ុន្តែវានឹងឈឺចាប់តិចជាង អារម្មណ៍ដែលអ្នកនឹងមាននៅថ្ងៃណាមួយ ដែលអ្នកក្រឡេកមើលមកកាន់អ្វីដែលអ្នកអាចធ្វើបានប៉ុន្តែអ្នកមកបានធ្វើនាពេលអតីតកាល។
២. ការជ្រើសរើសមិនធ្វើជាមនុស្សក្លាហាន
ភាពក្លាហានមិនមានន័យថា អ្នកមិនមានភាពភ័យខ្លាចនោះទេជាក់ស្តែង ភាពភ័យខ្លាចតែងតែកើតមាន។ ភាពក្លាហានដោយគ្មានការគិតពិចារណាឬគ្មានបំណង តែងតែមិនបានគិតអំពីគ្រោះថ្នាក់ដែលអាចកើតឡើង។មនុស្សក្លាហានមិនមែនមិនភ័យខ្លាចនោះទេ ប៉ុន្តែពួកគេគ្រាន់តែផ្តល់ភាពសំខាន់ ដល់វត្ថុផ្សេងទៀតច្រើនជាងភាពភ័យខ្លាច។
ប្រសិនបើអ្នកមានភាពភ័យខ្លាច ក្នុងការចាប់ផ្តើមអាជីវកម្មមួយចូរស្វែងរកមូលហេតុមួយដែលមានសារៈសំខាន់ខ្លាំងជាងនេះ៖ កសាងអនាគតដែលកាន់តែល្អប្រសើរមួយសម្រាប់ក្រុមគ្រួសារ ការមានបំណងធ្វើឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ ឬការសង្ឃឹមចង់បានផលប្រយោជន៍ច្រើនជាងនេះ និងបំពេញសេចក្តីត្រូវការនៅក្នុងជីវិត។
នៅពេលដែលអ្នករកឃើញអ្វីដែលមានសំខាន់ជាងភាពភ័យខ្លាច នោះអ្នកនឹងរកឃើញភាពក្លាហានផងដែរ។ ចូរកុំមើលឃើញភាពភ័យខ្លាចថា ជាអ្វីដែលអ្នកត្រូវរត់គេចប៉ុន្តែចូរមើលវាថា ជាអ្វីដែលអ្នកត្រូវយកឈ្នះ ពីព្រោះវាមិនមែនអ្វីផ្សេងនោះទេ។
៣. ជ្រើសរើសការមិននិយាយថា “ខ្ញុំនឹង”
នៅពេលដែលប្រធានចាត់តាំងការងារមួយ ដែលអ្នកគិតថា មិនអាចធ្វើបាន អ្នកគួរនិយាយ“បាទ ខ្ញុំនឹងព្យាយាម”។ ការព្យាយាមមិនមែនជាបញ្ហានោះទេ ដរាបណាអ្នកមិនបោះបង់ចោល អ្នកនឹងអាចបញ្ចប់វាបាន។ការព្យាយាមមិនពាក់ព័ន្ធឡើយ ការតស៊ូជំនះទើបជាបញ្ហា។
ជាញឹកញាប់ យើងតែងតែនិយាយថា “ខ្ញុំនឹងព្យាយាម” ពីព្រោះវានឹងផ្តល់ឲ្យយើងនូវច្រកចេញមួយ ហើយភាពអំនួតរបស់យើងចំពោះខ្លួនយើង នឹងមិនប្រឈមនឹងហានិភ័យឡើយ ហើយអត្តចរិករបស់យើងក៏មិនប្រឈមនឹងហានិភ័យដែរ ប៉ុន្តែនៅចុងបញ្ចប់ យើងគ្រាន់តែ“ព្យាយាម” ប៉ុណ្ណោះ។
នៅពេលដែលអ្នកនិយាយថា “ខ្ញុំនឹងធ្វើ” ទស្សនៈវិស័យរបស់អ្នកនឹងមានការផ្លាស់ប្តូរ។ អ្វីដែលកាលពីមុនធ្លាប់តែមានភាពអស្ចារ្យខ្លាំងពេក ដែលអ្នកមិនអាចធ្វើបាននោះនៅពេលនេះ វាមិនមែនជាបញ្ហានៃពេលវេលា ឬឱកាសទៀតឡើយ ប៉ុន្តែវាជាបញ្ហានៃពេលវេលាកិច្ចខិតខំប្រឹងប្រែង និងការតស៊ូជំនះ។
នៅពេលដែលអ្វីដែលអ្នកចង់ធ្វើពិតជាសំខាន់ខ្លាំងណាស់នោះ ចូរកុំនិយាយថា“ខ្ញុំនឹងព្យាយាម” ចូរនិយាយថា “ខ្ញុំនឹងធ្វើ”បន្ទាប់មកចូរធ្វើអ្វីគ្រប់យ៉ាងតាមដែលធ្វើទៅបានដើម្បីរក្សាសន្យានោះជាមួយខ្លួនរបស់អ្នក។
៤. ជ្រើសរើសមិនទទួលយកការសាកល្បង
អ្នកប្រហែលមិនធ្លាប់បង្កើតផែនការអាជីវកម្មដ៏ល្អមួយ មិនធ្លាប់រកបានដៃគូដ៏ល្អឥតខ្ចោះ ឬទីផ្សារដែលល្អឥតខ្ចោះ ឬទីតាំងដែលល្អឥតខ្ចោះឡើយ ប៉ុន្តែអ្នកអាចរកបានពេលវេលាដែលល្អឥតខ្ចោះ ដើម្បីធ្វើការចាប់ផ្តើម ហើយនោះគឺពេលនេះ។
ទេពកោសល្យ បទពិសោធន៍ និងការទំនាក់ទំនងគឺសំខាន់ ប៉ុន្តែអ្នកត្រូវដាក់គ្រប់យ៉ាងដែលអ្នកមានចូលទៅក្នុងវត្ថុថ្មីៗក្នុងចំនួនមួយដែលគ្រប់គ្រាន់ ហើយការងារមួយចំនួននឹងអាចដំណើរការទៅបាន។
លើសពីនេះទៀត បន្ទាប់ពីអ្នកបានធ្វើការសាកល្បងយ៉ាងគ្រប់គ្រាន់ យូរឬឆាប់អ្នកនឹងមានជំនាញកាន់តែច្រើន ទទួលបានបទពិសោធន៍កាន់តែច្រើន និងមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើនហើយវានឹងមានន័យថា ភាគរយក្នុងការទទួលបានជោគជ័យ ពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងមានកាន់តែច្រើន។ចូរធ្វើការសាកល្បងឲ្យគ្រប់គ្រាន់ និងធ្វើការរៀនសូត្រពីបទពិសោធន៍នីមួយៗ ហើយចុងក្រោយអ្នកនឹងមានគ្រប់ជំនាញទាំងអស់ មានចំណេះដឹងនិងទំនាក់ទំនងទាំងអស់ដែលអ្នកត្រូវការ។
ចុងក្រោយ ភាពជោគជ័យគឺជាល្បែងរាប់ចំនួន គឺជាការសាកល្បងម្តងហើយម្តងទៀតៗ។ អ្នកធ្វើការសាកល្បងកាន់តែច្រើនឱកាសដែលអ្នកនឹងទទួលជោគជ័យក៏មានកាន់តែច្រើនដែរ។ ពុំមានការធានាចំពោះភាពជោគជ័យឡើយ ប៉ុន្តែនៅពេលដែលអ្នកមិនធ្វើការសាកល្បងទាល់តែសោះ អ្នកនឹងទទួលបានការធានាថា អ្នកនឹងបរាជ័យជានិច្ច។
៥. ជ្រើសរើសមិនដើរទៅមុខ
ការស្គាល់ច្បាស់បង្កើតភាពសុខស្រួល ប៉ុន្តែភាពសុខស្រួលតែងតែជាសត្រូវនៃភាពរីកចម្រើន។ ប្រសិនបើអ្នកមានឱកាសដ៏ល្អមួយហើយវត្ថុតែមួយគត់ ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរ គឺគំនិតក្នុងការដើរទៅមុខនោះចូរដើរទៅមុខ។
ប្រសិនបើអ្នកចង់នៅក្បែរគ្រួសារ ឬមិត្តភក្តិរបស់អ្នកហើយវត្ថុតែមួយគត់ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរ គឺគំនិតចំពោះការដើរទៅមុខនោះចូរដើរទៅមុខ។ នៅពេលដែលភាពភ័យខ្លាចក្នុងការដើរទៅមុខគឺជាវត្ថុតែមួយគត់ដែលធ្វើឲ្យអ្នកមានភាពស្ទាក់ស្ទើរនោះចូរដើរទៅមុខ។
កុំបារម្ភ នៅពេលឆាប់ៗខាងមុខអ្នកនឹងរកបានកន្លែងដ៏ល្អសម្រាប់ខ្លួនអ្នក។ នៅពេលឆាប់ៗខាងមុខអ្នកនឹងបង្កើតទម្លាប់ថ្មីៗ។ នៅពេលឆាប់ៗខាងមុខ អ្នកនឹងមានមិត្តភក្តិថ្មីៗ។ ហើយអ្នកនឹងទទួលបានទស្សនៈវិស័យដ៏អស្ចារ្យ និងថ្មីស្រឡាងមួយចំពោះជីវិតរបស់អ្នក។ ប្រសិនបើបរាជ័យអ្នកអាចត្រឡប់ទៅផ្ទះវិញបាន។
៦. ការជ្រើសរើសមិនដោះលែង
ភាពជូរចត់ ការអន់ចិត្ត និងភាពច្រណែន ប្រៀបដូចជាការលេបថ្នាំពុល និងរំពឹងចង់ឲ្យអ្នកដទៃស្លាប់។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលចាញ់។
ជីវិតគឺខ្លីណាស់សម្រាប់ការអន់ចិត្តចំពោះមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់។ ចូរដោះលែងអារម្មណ៍យ៉ាប់យឺនទាំងនោះទៅ។
បន្ទាប់មកចូរចំណាយថាមពលដែលអ្នកបានសន្សំទុកទៅលើការឲ្យតម្លៃ ដល់មនុស្សដែលអ្នកស្រឡាញ់និងមនុស្សដែលស្រឡាញ់អ្នក។
៧. ការជ្រើសរើស មិននិយាយពាក្យសុំទោស
យើងទាំងអស់គ្នាសុទ្ធតែអាចធ្វើខុសដូច្នេះយើងទាំងអស់គ្នាសុទ្ធតែត្រូវសុំទោស ចំពោះរឿងអ្វីមួយ៖ ពាក្យសម្តី សកម្មភាពការខកខានមិនបានធ្វើ ការខកខានមិនបានទទួលខុសត្រូវ ការខកខានមិនបានចូលរួមការមិនបានមានវត្តមាននៅពេលដែលអ្នកដទៃត្រូវការយើង។
លេបភាពភ័យខ្លាច ឬមោទនភាពរបស់អ្នកចូលក្នុងពោះ ហើយនិយាយថា អ្នកសុំទោស។នៅពេលនោះអ្នកនឹងជួយឲ្យអ្នកដទៃលុបបំបាត់ភាពខូចខិត្ត ឬភាពជូរចត់របស់ពួកគេ។
ហើយបន្ទាប់មក អ្នកទាំងពីរនឹងបង្កើតនូវចំណុចដំបូងបង្អស់ នៃការចាប់ផ្តើមជាថ្មីម្តងទៀតរវាងអ្នកទាំងពីរនៅក្នុងពេលឆាប់ៗ ជំនួសឲ្យការចាប់ផ្តើមម្តងទៀត នៅក្នុងពេលអនាគតដ៏សែនយូរឬជំនួសឲ្យការមិនធ្លាប់ចាប់ផ្តើមឡើងវិញទាល់តែសោះ។
៨. ការជ្រើសរើស មិនច្រានចោលនូវផែនការបម្រុងរបស់អ្នក
ផែនការបម្រុងអាចជួយឲ្យគេងលក់បានកាន់តែស្រួលនៅពេលយប់។ ប៉ុន្តែផែនការបម្រុងក៏អាចបង្កើតភាពងាយស្រួលនៅក្នុងស្ថានការណ៍លំបាកផងដែរ។
អ្នកនឹងត្រូវខិតខំប្រឹងប្រែងធ្វើការកាន់តែខ្លាំងជាងនេះ និងក្នុងរយៈពេលវែងជាងនេះ ប្រសិនបើអ្នកត្រូវតែអនុវត្តផែនការចម្បងរបស់អ្នកពីព្រោះអ្នកគ្មានជម្រើស។ ការប្តេជ្ញាចិត្តទាំងស្រុង ដោយគ្មានសំណាញ់សុវត្ថិភាពនឹងធ្វើឲ្យអ្នកកាន់តែខិតខំប្រឹងប្រែងធ្វើការជាងអ្វីដែលអ្នកធ្លាប់ស្រម៉ៃថាអ្នកធ្វើបានទៅទៀត។
បន្ទាប់មកទៀត ប្រសិនបើ ដោយមូលហេតុណាមួយ ភាពអាក្រក់បំផុតបានកើតឡើងនោះ(ទោះបីជា “ភាពអាក្រក់បំផុត” មិនអាក្រក់ដូចអ្វីដែលអ្នកគិតក៏ដោយ ចូរជឿជាក់ថាអ្នកនឹងមានវិធីត្រឡប់មកកាន់សភាពដើមវិញ។
ដរាបណាអ្នកបន្តកិច្ចខិតខំប្រឹងប្រែងធ្វើការនិងបន្តរៀនសូត្ រពីកំហុសរបស់អ្នកនោះ អ្នកនឹងតែងតែអាចធ្វើបាន។
៩. ការជ្រើសរើស ប្រកបដោយអំណួតខ្លាំងពេក
ចូរកុំមានអំណួតខ្លាំងពេក ក្នុងការសារភាពថាអ្នកខុស។ ចូរកុំមានអំណួតខ្លាំងពេក ក្នុងការមានសុបិន្តដ៏ធំមួយ ឬការសើចំអកឲ្យខ្លួនអ្នកឬស្នើសុំជំនួយពីអ្នកដទៃ។
ចូរកុំខ្លាចក្នុងការឆក់យកឱកាស និងដួលយ៉ាងកំសត់...បន្ទាប់មកចូរក្រោកឈរឡើងវិញ លាងសម្អាតខ្លួនអ្នកឲ្យស្អាត ហើយចាប់ផ្តើមម្តងទៀត។ ផ្ទុយមកវិញចូរភាពអំណួត ចំពោះការពិតដែលអ្នកនឹងតែងតែក្រោកឈរឡើង ហើយចាប់ផ្តើមម្តងទៀតមិនចំពោះថាមានអ្វីកើតឡើងក៏ដោយ។
តាមវិធីនេះ អ្នកនឹងមិនធ្លាប់ចាញ់យ៉ាងពិតប្រាកដទាល់តែសោះ ហើយសុបិន្តរបស់អ្នកនឹងមិនធ្លាប់រលាយបាត់ទាល់តែសោះ។
១០. ការជ្រើសរើសយក ការមិនខ្វល់អ្វី
ការបដិសេធចំពោះភាពឈឺចាប់។ ភាពសោកសៅធ្វើឲ្យអ្នកឈឺចាប់។ ការបរាជ័យធ្វើឲ្យអ្នកឈឺចាប់ ហើយនៅពេលខ្លះ វាធ្វើឲ្យអ្នកឈឺចាប់ខ្លាំងណាស់។ដូច្នេះតើអ្នកត្រូវធ្វើដូចម្តេចខ្លះ?
អ្នករត់គេចពីភាពឈឺចាប់ ដោយការសម្រេចចិតមិនខ្វល់អំពីវាតទៅទៀត ប៉ុន្តែនៅពេលជាមួយគ្នានោះ អ្នកនឹងមិនធ្លាប់ទទួលបានភាពរីករាយនៃទំនាក់ទំនងភាពរីករាយនៃសុភមង្គល និងភាពរីករាយនៃភាពជោគជ័យទាល់តែសោះ។
ចូរជ្រើសរើសលេងល្បែងនេះបន្តទៅទៀត។ ចូរជ្រើសរើសយកការខ្វល់ខ្វាយអំពីវា។ ចូរជ្រើសរើសការធ្វើឲ្យជីវិតមានភាពរស់រវើក៕