សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
យើងគ្រប់គ្នាក៏បានដឹងហើយថាយើងកំពុងស្ថិតនៅខែទី៣ នៃឆ្នាំ២០២១ ដែលធ្លាប់ជាឆ្នាំថ្មីក្នុងគំនិតរបស់យើងថានឹងធ្វើសកម្មភាពថ្មីៗល្អៗ ជាការរួមចំណែកដល់គោលដៅថ្មីដែលយើងប៉ងទុក។ ជាមួយគ្នានេះសកម្មភាពខាងក្រោមអ្នកក៏អាចពិចារណាសម្រាប់ការអភិវឌ្ឍរួមចំណែកដល់គោលដៅធំៗរបស់អ្នកឱ្យទៅមុខ រីកចម្រើនព្រមទាំងបានជាប្រយោជន៍ទៅដល់សង្គមបរិស្ថានដែលអ្នករស់នៅទៀតផងដែលមានដូចជា៖
១.មានថ្ងៃខ្លះសម្រាប់តមសាច់
យើងសឹងគ្រប់គ្នាដឹងហើយថាសាច់ជាប្រភពប្រូតេអ៊ីនល្អសម្រាប់រាងកាយប៉ុន្តែបើយើងដឹងថាទទួលទានវាច្រើនពេកលើសចំណុះ ក៏គួរគិតគូរឡើងវិញគឺដើម្បីសុខភាព។ ហើយប្រាកដណាស់សុខភាពជាទ្រព្យដ៏ប្រសើរដែលនៅទ្រទ្រង់អ្នកនៅជាប់ជាមួយអ្នក នៅជួយថែទាំអ្នកដើម្បីទៅដល់គោលដៅដែលអ្នកប្រាថ្នា។ ដូចនេះ ការយកចិត្តទុកដាក់បន្តិចលើរបបអាហារក៏ជាចំណែកមួយសម្រាប់គោលដៅជីវិតអ្នកដែរ។
២.មើលថែលុយកាក់ និងវិនិយោគដោយត្រឹមត្រូវ
យើងគ្រប់គ្នាជាអ្នកដឹងនិងគ្រប់គ្រងនូវប្រភពលុយដែលត្រូវចាយលើអ្វីខ្លះហើយការចំណាយនុះក៏ត្រូវសមនឹងតម្លៃដែលត្រូវចាយ មានន័យថាគួរចំណាយលើអ្វីដែលនាំឱ្យចម្រើនជាប្រយោជន៍ ជាការវិនិយោគជាការសិក្សាមុខជំនាញថ្មី ឬជាការសន្សំសម្រាប់ជាខ្ទង់ចំណាយបន្ទាន់ពេលអាសន្នជាដើម។ ដូចនេះ ការរំលឹកខ្លួនឯងជារឿយៗលើប្រភពថវិកាក៏ជាចំណែកមួយសម្រាប់បំពេញគោលដៅអ្នកផងដែរព្រោះថាសកម្មភាពបន្តបន្ទាប់ នៃគោលដៅអ្នកគឺត្រូវការប្រភពថវិកាខ្លះសម្រាប់ទ្រទ្រង់។
៣.លើកសរសើរក្នុងពេលវេលាលំបាកនេះ
តើអ្នកធ្លាប់សម្គាល់លើចំណុចតូចៗ ឬសមិទ្ធិផលមួយចំនួនដែលមាន គឺកើតចេញពីសកម្មភាពតូចៗប្រចាំថ្ងៃដែលបានធ្វើ ឬបង្កើតវាឡើងហើយពេលខ្លះដោយការព្យាយាម និងប្រឹងប្រែងទើបជម្នះបង្កើតចេញជារូបរាង ឬដំណើរ។ ចំណុចនេះ មានន័យថាគឺកុំភ្លេចសសើរប្រាប់ខ្លួនឯងពីកិច្ចការដែលអ្នកបានខំប្រឹងប្រែងធ្វើជាប្រចាំថ្ងៃហើយក៏មិនគួរកំណាញ់ពាក្យអរគុណ ឬពាក្យសរសើរទៅដល់អ្នក ឬក្រុមការងារដែលខិតខំបំពេញការងារពិសេស ក្នុងពេលវេលាលំបាកនេះ(ការរាតត្បាតពីកូវីដ-១៩)ព្រោះថាកម្លាំងចិត្តនិងទឹកចិត្តក៏ជាផ្នែកមួយមិនអាចខ្វះបានផងដែរសម្រាប់ការបន្តដំណើរទៅរកគោលដៅ ហើយពិសេសវាក៏មានឥទ្ធិពលទាក់ទងទៅវិញទៅមក។
៤.ចែករំលែកនិងរៀនចំណេះដឹងតាមគោលការណ៍"ក្មេងមិនអាចខ្វះចាស់មិនអាចអត់"
ចំណេះដឹងមានច្រើនឥតកំណត់ពិសេសរាប់តាំងពីមនុស្សជាច្រើនដែលអ្នកបានជួបដែលពួកគេមកពីមជ្ឈដ្ឋានផ្សេងៗពីអ្នក។ ចំណុចនេះ សម្តៅដល់ការគោរពនឹងឱ្យតម្លៃលើមនុស្សគ្រប់គ្នាដែលអ្នកបានជួបមិនថាអាយុក្មេង ឬចាស់ព្រោះថា គំនិតថ្មីៗ និងបទពិសោធ រួមគ្នានឹងជម្រុញឱ្យដល់គោលដៅមួយគ្រោងទុកហើយមានប្រសិទ្ធិភាព។ តាមរយៈចំណេះដឹង និងបទពិសោធពីមនុស្សគ្រប់គ្នាដែលបានចែករំលែកដល់អ្នកដែលរំលឹកអ្នកឱ្យរៀនសូត្រជាប់ជាប្រចាំសម្រាប់សម្រេចក្តីប្រាថ្នាដែលអ្នកប៉ងទុក៕