បច្ចុប្បន្ននេះ ដោយសារតែសាកលភាវូបនីយកម្មនិងរបត់បច្ចេកវិទ្យា ប្រជាជនខ្មែរជាច្រើន ហាក់យកចិត្តទុកដាក់ខ្លាំងលើភាសាបរទេស ជាពិសេសភាសាអង់គ្លេស ជាងភាសាជាតិរបស់ខ្លូនឯង។ បញ្ហានេះបានប៉ះពាល់យ៉ាងច្រើនដល់ការរស់នៅ អត្តសញ្ញាណជាតិ ការប្រាស្រ័យទាក់ទង និងសង្គមទាំងមូល។
ឧកញ៉ា គួច ម៉េងលី សហគ្រិន និងជាម្ចាស់គ្រឹះស្ថានអប់រំឯកជនមួយនៅកម្ពុជា បានលើកឡើងថា ក្រោមហេតុផលរត់គេចចេញពីភ្លើងសង្គ្រាមនៃរបប ប៉ុល ពត លោកបានចាកចេញពីស្រុកខ្មែរតាំងពីអាយុ១០ឆ្នាំម្ល៉េះ ម្ល៉ោះហើយ ធ្វើឱ្យលោករៀនសូត្រភាសាខ្មែរតិចតួចបំផុត។ គាត់បញ្ជាក់ថា គាត់ពិតជាសោកស្ដាយខ្លាំងណាស់ ហើយពេលខ្លះក៏នឹកខ្មាសខ្លួនឯងណាស់ដែរ ដែលក្នុងនាមជាកូនខ្មែរមួយរូបរស់នៅលើទឹកដីខ្មែរ តែបែរជាចេះភាសាខ្មែរតិចតួចបែបនេះ។
ឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ «នៅឆ្នាំ២០០២ពេលខ្ញុំត្រឡប់មកស្រុកខ្មែរដំបូង ខ្ញុំត្រូវបានគេបោកផង ធ្វើទុក្ខបុកម្នេញផងនិងត្រូវបានគេរករឿងគ្រប់កន្លែងផង ដ្បិតពេលនោះ ខ្ញុំអត់សូវចេះភាសាខ្មែរនិងពុំសូវដឹងពីច្បាប់ទម្លាប់ស្រុកខ្មែរ។ ដោយសារឈឺចាប់នឹងទង្វើទាំងនោះ ខ្ញុំបានប្ដេជ្ញានឹងខ្លួនឯងថាខ្ញុំត្រូវតែរៀនភាសាខ្មែរឱ្យចេះនិយាយស្ទាត់ និងនិយាយបានល្អជាងមនុស្សមួយចំនួន។ ដោយចិញ្ចឹមចិត្តមិនបោះបង់ ពេលនេះខ្ញុំអាចនិយាយភាសាខ្មែរបានច្រើន និងស្ទាត់ជាងមុនប៉ុន្តែគួរឱ្យសោកស្តាយណាស់ដែរ ដែលខ្ញុំបានត្រឹមតែចេះនិយាយ តែការអាននិងការសរសេរនៅខ្សោយ»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ចំពោះក្មួយៗដែលមានឱកាសបានរៀនសូត្រ សូមប្រឹងរៀនសូត្រឱ្យមែនទែន ជាពិសេសភាសាជាតិ។ ក្មួយៗត្រូវរៀនភាសាខ្មែរឱ្យឆ្អិនរៀនឱ្យច្បាស់លាស់ រៀនឱ្យអាចប្រើការបាន។ កុំរៀនចប់ថ្នាក់ទី១២ឬរៀនចប់ថ្នាក់មហាវិទ្យាល័យ តែបែរជាសរសេរអក្សរខ្មែរមិនកើត ហើយទៅនិយមឬជោរសរសេរអក្សរបរទេស ឬយកអក្សរបរទេសមកកត់ត្រាសូរឬពាក្យខ្មែរនោះ។ បែបនេះមិនល្អទេ វាធ្វើឱ្យភាសានិងអក្សរខ្មែរអស់តម្លៃ ឬយូរបន្តិចអាចនឹងក្លាយជាភាសាស្លាប់ក៏ថាបាន។
ឧកញ៉ា បានបញ្ជាក់ថា៖ «ក្មួយៗ!ពុំមែនខ្ញុំហាមមិនឱ្យក្មួយៗរៀនភាសាបរទេសនោះទេ។ ខ្ញុំគ្រាន់តែចង់ឱ្យក្មួយៗចេះភាសាជាតិខ្លួនច្បាស់ និងអាចប្រើប្រាស់ជាផ្លូវការបានប៉ុណ្ណោះ។ សម័យសកលភាវូបនីយកម្មនេះ ក្មួយៗអាចរៀនភាសាបរទេសបាន តែត្រូវរៀនក្នុងនាមជាភាសាទី២។ពោលក្មួយៗត្រូវរៀនភាសាខ្មែរចំណេះទូទៅជាគ្រឹះសិន សឹមរៀនភាសាបរទេសតាមក្រោយ។ ភាសាខ្មែរអាចធ្វើឱ្យក្មួយៗបានឈ្វេងយល់ពីក្បួនច្បាប់ សង្គមសាស្ត្រ មនុស្សសាស្ត្រសេដ្ឋកិច្ច និងនយោបាយ។ មិនតែប៉ុណ្ណោះធ្វើឱ្យក្មួយៗបានស្គាល់វប្បធម៌ និងប្រវត្តិសាស្រ្តយើងបានច្រើននិងធ្វើឱ្យក្មួយៗដឹងពីខ្លួនឯង ដែលនាំឱ្យអារម្មណ៍ស្នេហាជាតិផុសផុលឡើង»។
លោកបានសង្កត់ធ្ងន់ផងដែរថា ភាសានិងអក្សរខ្មែរគឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ។ ប្រសិនបើយុវជនឬកូនចៅខ្មែរមិនឱ្យតម្លៃទៅលើភាសា និងអក្សររបស់ជាតិសាសន៍ខ្លួនតើនរណាជាអ្នកឱ្យតម្លៃទៅ? ក្មួយៗយុវជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូប គួរតែអាសូរដល់ព្រលឹងបុព្វបុរសខ្មែរដែលខំលះបង់ជីវិតក្នុងបុព្វហេតុថែរក្សាភាសា និងអក្សរខ្មែរខ្លះផង។ បុព្វបុរសខ្មែរយើងហ៊ានលះបង់ជីវិតខ្លួនដើម្បីភាសា និងអក្សរខ្មែររស់ ចុះហេតុអ្វីគ្រាន់តែរៀននិងប្រើប្រាស់ភាសារបស់ខ្លួនលើទឹកដីកំណើតក៏យុវជនខ្មែរយើងមួយចំនួន ពិបាកធ្វើដល់ថ្នាក់នេះ?៕