ស្តង់ដាការងារ5Sរបស់ជប៉ុន ដែលខ្លីនិងងាយចាំ តែជួយអភិវឌ្ឍក្រុមការងារបានច្រើន

នៅលើពិភពលោកយើងនេះប ណ្តាប្រទេសជាច្រើន​ហាក់យកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ប្រជាជនជប៉ុន​ ដែល​ពួកគេមានទម្លាប់ល្អ មានអាជីវកម្មយូរអង្វែង រហូតដល់រាប់រយឆ្នាំ និងមាន​ទម្លាប់ល្អក្នុងការបង្កើនផលិតភាពការងារជាដើម។

មូលហេតុសំខាន់ដែលប្រជាជនជប៉ុនភាគច្រើន​ មានទម្លាប់ល្អ និងមានផលិតភាពការងារខ្ពស់ ដោយសារតែ​ពួកគេមាន​វប្បធម៌ និងផ្នត់គំនិត​សំខាន់ៗមួយចំនួន ដែលត្រូវបានគេបញ្ចូលក្នុងជីវិតរស់នៅ​តាំងពីតូចដល់ធំ។ នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមបង្ហាញពីគោលគំនិត 5S (ស៥) របស់ជប៉ុន ដើម្បីជាគំនិតសម្រាប់​ពិចារណា ឬជាគន្លឹះសម្រាប់​អនុវត្តការងារ​ឱ្យទទួលបានប្រសិទ្ធភាព​ខ្ពស់។

១. សម្រិតសម្រាំង

គ្រប់គ្នាសុទ្ធតែល្បីថា ផលិតផលផលិតនៅជប៉ុនជាផលិតផលដែលមានគុណភាពខ្ពស់ ព្រោះជាផលិតផលដែលត្រូវបានផលិតឡើង ដោយយកចិត្តទុកដាក់បំផុត។ ចំណុចទាំងអស់នេះកើតចេញពី​ផ្នត់គំនិតទី១ គឺសម្រិសម្រាំង។ គ្រប់ចង្វាក់ផលិតកម្ម និងសេវាកម្មទាំងអស់ គឺសុទ្ធតែសម្រិតសម្រាំង​ដោយផ្ចិតផ្ចង់បំផុត​មុននឹងទៅដល់ដៃអតិថិជន។

២. សណ្តាប់ធ្នាប់

ប្រជាជនជប៉ុនទៅដល់ទីណាក៏ដោយ ក៏តែងតែល្បីថា​ជាមនុស្សមានសណ្តាប់ធ្នាប់ ចេះតម្រង់ជួរ ចេះក្រែងចិត្តនិងមាន​ការរៀបចំបានល្អតាមលំដាប់លំដោយ។ ចំណុចនេះ កើតចេញពី​ផ្នត់គំនិតទី២គឺ​សណ្តាប់ធ្នាប់។

ក្រៅពីជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់ជីវិតការងារក៏ដូចគ្នា។គ្រប់ឧបករណ៍ទាំងអស់ដែលប្រជាជនជនជប៉ុនធ្វើ គឺតែងតែរៀបចំទៅតាមកន្លែងយ៉ាង​ច្បាស់លាស់បំផុត។ក្រោយពេលប្រើប្រាស់ គឺចាំបាច់ត្រូវតែទុកដាក់នៅកន្លែង ដែលវាទុកហើយគ្រប់ដំណាក់កាល គឺត្រូវតែអនុវត្តដោយមានរបៀបរៀបរយ។

៣.ស្អាត

ធ្វើឱ្យស្អាត រៀបចំឱ្យល្អមើល និងមានសោភណ្ឌភាពគ្រប់ពេល គឺជាអ្វីដែលមាននៅក្នុងការតាំងចិត្តរបស់ប្រជាជនជប៉ុន។ ហេតុនេះហើយទើបគេឃើញថានៅប្រទេសជប៉ុន សូម្បីតែទឹកលូក៏អាចចិញ្ចឹមត្រីលម្អបានដែរ។

ផ្នត់គំនិតស្អាតបានធ្វើឱ្យ​ការរស់នៅរបស់ប្រជាជន ការផ្តល់សេវាកម្មនិងផលិតផល​របស់ជប៉ុន​ទទួលបានការគាំទ្រច្រើន ពី​ប្រជាជននៅលើពិភពលោក។

៤.ស្តង់ដារ

បើនិយាយពីការវាយតម្លៃលើការងារ ឬ​ផលិតផលអ្វីមួយគេតែងនឹកគិតដល់ស្តង់ដារ​ជាចាំបាច់។ នៅជប៉ុនអ្វីៗទាំងអស់គឺ ត្រូវតែអនុវត្តតាមស្តង់ដារ​បទដ្ឋានការងារ (SOP) ជាចាំបាច់ ហើយពួកគេគោរពបំផុតទៅតាម​គោលការណ៍ដែលបានកំណត់។ ពេលខ្លះទោះបីផ្លូវកាត់ចំណេញជាង ក៏គេសុខចិត្តអនុវត្តទៅតាមស្តង់ដារដែរ ដើម្បីបង្ហាញ​ពីការតាំងចិត្ត និង​ភាពច្បាស់លាស់។

៥.ស្ថិតស្ថេរ

មិនខុសពីពាក្យខ្មែរយើងទេ ដែលនិយាយថា «ចង់ចំណេញ ក្រែងដាច់ចំណង»។ ប្រជាជនជប៉ុនក៏តែងតែគិតជានិច្ចដល់ស្ថិតស្ថេរ ឬនិរន្តរភាព (sustainable)។ ពួកគេសន្សំសំចៃ និង​ប្រើប្រាស់អ្វីគ្រប់យ៉ាង ដោយគិតពីនិរន្តរភាពនៃការរស់នៅ៕