មនុស្សម្នាក់ៗតែងតែចង់រស់នៅក្នុងជីវិតប្រកបដោយគុណតម្លៃ មានការទទួលស្គាល់ និងមានភាពរីករាយក្នុងផ្លូវវិជ្ជមាន តែអ្វីដែលពួកគេជួបប្រទះ គឺការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបញ្ហារាប់រយជំពូក។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ព្រើន សុវង្ស សាស្រ្តាចារ្យនៃសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា នៅលើពិភពលោកយើងនេះ មនុស្សរស់នៅតាមបែបបទជាច្រើនប្រភេទ ដោយក្នុងនោះអ្នកខ្លះក៏ជួបសុខហើយអ្នកខ្លះក៏ជួបសេចក្តីទុក្ខ។
ជាទូទៅ អ្នកដែលទទួលបានសេចក្តីសុខភាគច្រើនជាមនុស្សដែលទទួលបានការអប់រំត្រឹមត្រូវ ហើយការអប់រំដែលអាចធ្វើឱ្យមនុស្សរីកចម្រើនប្រកបដោយភាពរីករាយបានល្អ គឺការអប់រំតាមបែបព្រះពុទ្ធសាសនា។ លោកថា គុណតម្លៃនៃត្រៃសិក្ខា (សីល សមាធិ បញ្ញា) គឺជាគោលការណ៍គ្រឹះអប់រំមនុស្សឱ្យមានសច្ចធម៌ ដែលជាមាគ៌ាឆ្ពោះទៅរកសេចក្តីស្ងប់ និងសេចក្តីរំលត់ទុក្ខទាំងពួង ក្នុងន័យនេះការសិក្សាអប់រំទាំងឡាយណា ដែលប្រាសចាកគុណវុឌ្ឍិខាងលើ មិនមែនជាការសិក្សាអប់រំពិតប្រាកដដែលប្រកបដោយវិចារណញ្ញាណនោះឡើយ។
លោក ព្រើន សុវង្ស បានលើកឡើងថា៖ «វិស័យពុទ្ធិកសិក្សានៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយអភិសមាចារ(សុជីវធម៌ សុភាវធម៌ សីលធម៌ ចរិយាធម៌ គុណធម៌)»។
អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថា បព្វជិតនិងគ្រហស្ថដែលបានទទួលការសិក្សាអប់រំ ក្នុងវិស័យពុទ្ធិកសិក្សា បានក្លាយជាអ្នកប្រាជ្ញកវី បណ្ឌិត អ្នកនិពន្ធ ប្រកបដោយសមត្ថភាព គុណភាព និងបានបន្សល់ទុកនូវស្នាដៃនិងកេរដំណែលយ៉ាងច្រើនឥតគណនា ដែលមានកិត្យានុភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។
នៅពេលបច្ចុប្បន្ននេះ ពុទ្ធិកសិក្សានៅតែរក្សាបាននូវតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការផ្តល់នូវពុទ្ធិចរិយាវិទ្យា និងបទពិសោធន៍ដល់សមណសិស្ស សិស្ស សមណនិស្សិតនិស្សិត យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់មិនអាចកាត់ថ្លៃបានជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយគុណធម៌, លើកស្ទួយផ្សព្វផ្សាយព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនជាភិយ្យោភាពដើម្បីជាប្រយោជន៍ ដល់កិច្ចបដិបត្តិសាសនព្រហ្មចរិយធម៌ និងថែរក្សា អក្សរសាស្រ្តវប្បធម៌ ប្រពៃណី ឲ្យបានគង់វង់យូរអង្វែង។
អ្នកប្រាជ្ញ បញ្ញវន្តព្រះពុទ្ធសាសនាដែលបានទទួលការបណ្តុះបណ្តាលក្នុងវិស័យពុទ្ធិកសិក្សា បានក្លាយជាក្រុមជំនុំព្រះត្រៃបិដក ដែលបានពិនិត្យផ្ទៀងផ្ទាត់និងបកប្រែព្រះត្រៃបិដកទាំងស្រុង ពីភាសាបាលីមកជាភាសាខ្មែរ ទុកជាសម្បត្តិជាតិរហូតដល់សព្វថ្ងៃ។ស ម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត បានក្លាយជា មហាបណ្ឌិតអក្សរសាស្រ្តខ្មែរដែលបានបន្សល់ទុកនូវមរតកអមតៈ ផ្នែកអក្សរសាស្រ្តខ្មែរមានតម្លៃខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជាជាតិខ្មែរ ក៏ប្រសូតចេញពីពុទ្ធិកសិក្សានេះដែរ៕