ភាសាម្ចាស់ការ Proactive Language ប្តូរវាសនាក្រុមការងារបាន

ការងារគ្រប់គ្រង មិនមែនជារឿងងាយនោះទេ វាត្រូវការទាមទារឱ្យអ្នកដឹកនាំយល់ច្បាស់ពីផែនការសកម្មភាព ចិត្តសាស្រ្តលើកទឹកចិត្តបុគ្គលិក និង​ការប្រើប្រាស់ភាសាជាដើម។ ក្នុងចំណោម​ផ្នែកសំខាន់ៗដើម្បីសម្រេចជោគវាសនានៃការដឹកនាំ ការប្រើប្រាស់ភាសាត្រូវបានគេមើលឃើញថា ជាផ្នែកយ៉ាងសំខាន់មួយដែលអាចមិនអាចខ្វះបាន។

លោក Franklin R. Covey អ្នកនិពន្ធសៀវភៅ ទម្លាប់ល្អទាំង ៧ យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ឬ 7 Habits of Highly Effective People បានលើកឡើងថាចំណុចសំខាន់មួយ ក្នុងចំណោម​ចំណុចសំខាន់នានាដើម្បីសម្រេចជោគជ័យ​ទាំងកម្រិតបុគ្គលនិង​កម្រិតក្រុមការងារ​គឺ ការប្រើប្រាស់ភាសាម្ចាស់ការ (proactive language)។ លោកថា នៅក្នុងការរស់នៅមានមនុស្សជាច្រើនប្រភេទ តែក្នុងចំណោម​នោះភាសាដែលគេនិយមប្រើប្រាស់ មាន២ប្រភេទ គឺ​ភាសា​ម្ចាស់ការ (proactive language) និងភាសាគ្មានភាពម្ចាស់ការ (reactive language)។

សម្រាប់មនុស្សដែលចូលចិត្តប្រើភាសាគ្មានភាពម្ចាស់ការ (reactive language) ភាគច្រើនចូលចិត្តនិយាយពីបញ្ហា ឧបសគ្គ និង​អ្វីដែលធ្វើឱ្យទឹកចិត្តប្រឈមនឹងបញ្ហា។ ជាឧទាហរណ៍ ចំពោះមុខឧបសគ្គក្នុងជីវិតគេតែងតែនិយាយថា វាជារឿងលំបាក គេមិនអាចធ្វើបាន វាជារឿងដែលមិនអាចទៅរួច ឬបណ្តោយឱ្យវាប្រែប្រួលតាមព្រេងវាសនាចុះ។ ភាសាទាំងអស់នេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ តែវា​ថែមទាំងអាច​ជំរុញឱ្យ​ស្ថានការណ៍កាន់តែអាក្រក់ថែមទៀត ព្រោះជាធម្មតា​សម្តីដែលនិយាយចេញទៅដដែលៗ អាចនឹងធ្វើឱ្យ​គំនិតរបស់គេទទួលយក​ហើយជឿថាគេពិតជាមិនអាចធ្វើបាន។ ទីបំផុត ខ្លួនគេ​ក៏​ទទួលរងនូវផលអវិជ្ជមាន មនុស្សជុំវិញខ្លួនក៏នឹងធ្លាក់ទឹកចិត្តទៅតាមនោះដែរ។

ផ្ទុយមកវិញ ចំពោះមុខបញ្ហាប្រឈមឬទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន មនុស្សដែលមានភាពម្ចាស់ការតែងតែចូលចិត្ត​ប្រើប្រាស់ភាសាប្រកដោយភាពម្ចាស់ការ (proactive language)។ ភាសាដែលគេប្រើគឺសុទ្ធតែជាភាសាដែលធ្វើឱ្យយើងមានសង្ឃឹម និងមានកម្លាំងសម្រាប់ការខិតខំប្រឹងប្រែង។ ចាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ គេមិនដែលនិយាយថាគេធ្វើមិនបានទេតែគេអាចនិយាយថា គេនឹងខំអស់លទ្ធភាពដើម្បីសម្រេចវា។ បន្ថែមពីលើនេះ នៅពេលជួបឧបសគ្គជំនួសឱ្យពាក្យថាខ្ញុំអស់ផ្លូវហើយ គេអាចនឹងនិយាយថា​ពួកយើងប្រហែលជារកផ្លូវត្រូវមិនទាន់ឃើញ ហេតុនេះខំបន្តទៀតយើងអាចនឹងរកដំណោះស្រាយល្អប្រសើរជាងនេះ។

ភាសាទាំងអស់នេះ នៅពេលដែលប្រើប្រាស់វាដដែលៗនិងយូរទៅ វាអាចបង្កើតបានជាវប្បធម៌​ប្រកបដោយភាពម្ចាស់ការក្នុងក្រុមការងារ​។ នៅពេលនោះក្រុមការងារទាំងមូល នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ដែលរក្សាថាមពលបានខ្លាំងក្លារហូតគ្រប់កាលៈទេសៈ៕