ពាណិជ្ជកម្មចល័ត ជាច្រកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍអាជីវកម្ម​ក្នុងយុគ្គសម័យថ្មីនេះ

​ពាណិជ្ជកម្មចល័ត (Mobile Commerce) ស្តាប់ទៅដូចជា​ពាក្យថ្មីសម្រាប់វិស័យសហគ្រិនភាព តែវាមិនមែនជារឿងថ្មីនោះទេ សម្រាប់អ្នកដែលបានបត់បែនបានល្អ ជាមួយនឹងស្ថានភាពអាជីវកម្ម​ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា​ ពាណិជ្ជកម្មចល័តគឺជាការបញ្ជូនសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក​ដោយផ្ទាល់​ ទៅក្នុង​ដៃអ្នកប្រើប្រាស់​នៅគ្រប់ទីកន្លែង​តាមរយៈបច្ចេកវិទ្យាឥតខ្សែ។ វិធីសាស្ត្រនេះ​មានអត្ថប្រយោជន៍​ច្រើនណាស់សម្រាប់​មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម និងអ្នកប្រើប្រាស់ចុងក្រោយ។

លោកស្រីថា តាមរយៈ​ការប្រើប្រាស់អ៊ីនធើណិត​ជាមួយនឹងឧបករណ៍​ចល័តដូចជាទូរស័ព្ទ ថាបលេត (tablet) អាយផេត (i-pad) បានធ្វើឱ្យ​មនុស្សជាច្រើនជ្រើសរើស​គិតថា ពាណិជ្ជកម្មចល័ត​ជាហាងលក់ផលិតផល​មួយនៅក្នុងហោប៉ៅរបស់គេ។ នៅប្រទេស​កម្ពុជានៅឆ្នាំ២០១៩ កន្លងទៅ យោងតាមទិន្នន័យ​របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ចំនួនអ្នកប្រើប្រាស់​ទូរស័ព្ទចល័ត និងអ្នកប្រើប្រាស់អ៊ីនធឺណិតលើសពីចំនួន​ប្រជាជនសរុប​ទៀតផង ដូចនេះ​អ្នកចូលរួម​ក្នុង​ពាណិជ្ជកម្មចល័តក៏មានច្រើនដែរ។

លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ចាក់ថា៖«​ការធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ទើបតែចាបផ្តើមនា​ទសវត្សទី៩០នេះទេ។ វាគ្រាន់តែជាផ្នែកមួយនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ប៉ុណ្ណោះ តែ​មានការលូតលាស់ខ្លាំងជាង ដោយសារមានអ្នកប្រើប្រាស់ឧបករណ៍​ចល័តច្រើនជាង។ ទន្ទឹមនឹងគ្នានេះដែរ បណ្តាញសង្គម​ដូចជា Facebook, Twitter, Pinterest និង Instagram ក៏បានបង្កើតជា Appរបស់គេរៀងៗខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទិញ​ទំនិញ ឬប្រប្រាស់សេវាដោយផ្ទាល់ពីបណ្តាញសង្គមតែម្តង»។

លោកស្រីបានលើកឡើងផងដែរថា អ្នកជំនាញមួយចំនួន​បានគិតរួចជាស្រេច​ហើយថា ពាណិជ្ជកម្ម​ចល័ត​ជាដំណាក់កាលថ្មីមួយទៀត នៃការធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ​ដោយសារ​អ្នកប្រើប្រាស់​អាចទិញទំនិញ ឬ​សេវាកម្មអនឡាញ​ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា​តាមរយៈការប្រើប្រាស់ឧបករណ៍​ចល័ត​របស់គេ។ ការទាញយក​កម្មវិធី​និងការប្រើប្រាស់ទិន្នន័យ​ផ្សេងទៀត ជាការចំណាយមួយ​សម្រាប់អតិថិជន​ពាណិជ្ជកម្មចល័ត​លើសពីអតិថិជន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក៕