មួយរយៈពេលនេះ មានមតិប្រទាញប្រទង់គ្នាមួយចំនួនជុំវិញបញ្ហាអប់រំកូន ដោយប្រើហិង្សានិងមិនប្រើហិង្សា។ បញ្ហានេះត្រូវបានអាណាព្យាបាលខ្លះយល់ស្របថា គួរតែប្រើហិង្សាទើបអាចអប់រំបានល្អ ព្រោះនេះជាទម្លាប់ចាស់ដែលអាចអប់រំបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈអ្នកខ្លះទៀតយល់ថា ទម្លាប់នេះអាចប៉ះពាល់ដល់ស្មារតីក្មេងហើយគួរតែកុំប្រើហិង្សាទើបល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការយល់ឃើញថា៖ «ខ្ញុំសូមនិយាយតាមត្រង់ ថាខ្ញុំបានប្រើរំពាត់ទុកនៅក្បែរខ្លួន នៅពេលកូនខ្ញុំទាំងបីនាក់ រៀនអនឡាញជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ខ្ញុំកម្របានវាយពួកគេណាស់។ ខ្ញុំបានវាយម្តងដល់កូនពៅ ដែលមានចរិតកុហកឈ្ងុយតាំងពីកំណើត រហូតដល់ខ្ញុំបាននិយាយកំប្លែងលេងជាមួយមិត្តភ័ក្ដិថា នាងគួរធំឡើងធ្វើជាអ្នកនយោបាយ។
មូលហេតុដែលលោកវាយកាលនោះ គឺដោយសារតែនាងបានកុហកម្តងជាពីរដង នៅពេលរៀនអនឡាញ ដោយបានចូលមើលរឿងតុក្កតា មិនឆ្លងឆ្លើយនឹងគ្រូ រហូតដល់គ្រូផ្តាច់ចេញពី Zoom ហើយប្រាប់មកឪពុកម្ដាយ។
បណ្ឌិត ចាន់ សុផល បានបញ្ជាក់ផងដែរថា៖ «ខ្ញុំបានព្រមានពីរបីដងហើយប៉ុន្តែនាងនៅតែខិលខូច។ ពេលដែលត្រូវរំពាត់ហើយ ក៏រៀងចាល និងខិតខំរៀនជាងមុន។ សង្ឃឹមថា ខ្ញុំវាយនាងស្រាលៗត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយជីវិតនាង។ ក៏ប៉ុន្តែសូមញាតិមិត្តជិតឆ្ងាយ កុំប្រាប់នាងជាមុនអី»។
លោកបណ្ឌិតបានបន្ថែមទៀតថា «ខ្ញុំជាមនុស្សស្អប់ខ្ពើមអំពើហិង្សា ចូលចិត្តការនិយាយបែបត្រជាក់ជាមួយកូន អប់រំកូនដោយតែងតែលើកពីហេតុផល។ ចុះហេតុអ្វីក៏ខ្ញុំធ្វើដូច្នេះមិនបានជាប់លាប់ ១០០%? ជួនកាល ខ្ញុំក៏ស្រដីធ្ងន់ និងគំហគដាក់កូនដែរ។ ខ្ញុំយល់ថា មកពីខ្ញុំខ្វះពេលវេលាអប់រំ ខ្វះភាពអត់ធ្មត់ ខ្វះចំណេះដឹង និងទេពកោសល្យអប់រំកូន។កាន់តែពិបាកទ្រាំ នៅពេលដែលខ្ញុំរវល់ខ្លាំង ដោយប្រឈមនឹងការងារបន្ទាន់ជាច្រើន។ ទោះបីជាយ៉ាងណា ខ្ញុំស្រឡាញ់កូនខ្លាំង និងមានការទទួលខុសត្រូវខ្ពស់ ចំពោះអនាគតរបស់កូនខ្ញុំ។ ហើយខ្ញុំជឿជាក់ថា កូនខ្ញុំទាំងអស់ នឹងក្លាយជាពលរដ្ឋល្អ មានវិន័យ និងមានការទទួលខុសត្រូវ។
ហេតុអ្វីបានជានៅប្រទេសជឿនលឿនគេធ្វើបាន ដោយជៀសវាងការដាក់ទណ្ឌកម្មផ្លូវកាយ? ខ្ញុំយល់ថាមកពីគេមានការអប់រំបានល្អ និងមានមធ្យោបាយប្រសើរជាង។ គេមានការយល់ដឹងច្រើនពីរបៀបអប់រំកូន។ អ្នកខ្លះថា បានអានសៀវភៅឱ្យកូនស្តាប់តាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ។ ពេលកើតមកមិនទាន់ចេះនិយាយផង គេអានសៀវភៅឱ្យស្តាប់មុនពេលចូលគេងនៅម៉ោង៧ឬ៨យប់។ ខ្ញុំទម្លាប់បានល្អ ឱ្យកូនចូលគេងនៅម៉ោង ៧:៣០ ដោយគ្មានការមេីលទូរស័ព្ទ ឬទូរទស្សន៍លើសពីម៉ោងនេះទេ។ ប៉ុន្តែខ្ញុំមិនបានអានសៀវភៅឱ្យកូនស្តាប់មុនពេលគេងលក់ទេ ដែលជាចំណុចខ្វះខាតមួយ។
នៅប្រទេសជឿនលឿន គេច្រើនតែមានកូន ១ឬ២នាក់ ប៉ុណ្ណោះ។ប្រទេសខ្លះ ផ្តល់ប្រាក់បៀវត្សគ្រប់គ្រាន់ ឱ្យម្តាយបានឈប់ធ្វើការដើម្បីមើលថែទាំកូនដល់ទៅ ៦ខែ។ ទោះបីជាយ៉ាងណា ជាទូទៅ គេមានចំណូលនិងចំណេះដឹងខ្ពស់ជាងប្រជាជននៅប្រទេសក្រីក្រ ហើយគេមានលទ្ធភាពប្រសើរជាង ដូចជាគេមានប្រភេទកុំព្យូទ័រ ដែលមិនអាចឱ្យកុមារចូលលេងហ្គេមឬមើលអ្វីផ្សេងក្រៅពីការសិក្សាបាន។
ខ្ញុំយល់ឃើញថា ការកំណត់យកវិធីសាស្ត្រ ឬស្តង់ដារតាមប្រទេសអ្នកមានមកអនុវត្តនៅប្រទេសក្រីក្រ ដោយខុសបុរេលក្ខខណ្ឌ អាចនាំឱ្យមានបញ្ហា។ សិទ្ធិនិងសេរីភាព ងាយក្លាយជាភាពសេរីជ្រុល អនាធិបតេយ្យ គ្មានវិន័យ និងកង្វះការទទួលខុសត្រូវ»៕