សម្រាប់បុគ្គលិក ការដឹកនាំអាចសំខាន់ជាងការងារនិងស្ថាប័ន

មុនពេលសម្រេចចិត្តដើរចូលក្រុមហ៊ុនណាមួយ មនុស្សម្នាក់ៗតែងផ្តោតសំខាន់លើប្រភេទការងារ កម្រិតរបស់ក្រុមហ៊ុន និងបរិយាកាសផ្សេងៗជុំវិញរបស់ការងារទាំងអស់នោះជាដើម។ តែជាក់ស្តែង មានពេលខ្លះមនុស្សទទួលបាន​ក្រុមហ៊ុនដែលខ្លួនពេញចិត្ត ហើយថែមទាំងស្ថិតក្នុងតួនាទី ដែលខ្លួនស្រឡាញ់ថែមទៀត បែរជាដាក់ពាក្យសុំឈប់ទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Christopher Lee អ្នកជំនាញអភិវឌ្ឍមនុស្សបានលើកឡើងថា បុគ្គលិកល្អដើរចេញពីក្រុមហ៊ុនភាគច្រើន មិនមែនពួកគាត់ស្អប់​ការងារ និងក្រុមហ៊ុនទេតែដោយសារតែពួកគាត់​មិនពេញចិត្តការដឹកនាំរបស់ថ្នាក់ដឹកនាំ។ លោកថា​ ការដឹកនាំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់​វាសនារបស់ក្រុមហ៊ុនទាំងមូល ព្រោះកាលណា​ស្ថាប័នមួយមិនមែនការដឹកនាំល្អ បុគ្គលិកច្បាស់ជាមិនទទួលបានសេចក្តីសុខនោះទេ។

អ្នកធ្វើការងារ​ទាំងអស់សុទ្ធតែចង់អភិវឌ្ឍសមត្ថភាព និងអនាគត​ជាមួយស្ថាប័នដែលមានការគ្រប់គ្រងដឹកនាំល្អ​ ហេតុនេះកាលណាគ្មានការដឹកនាំល្អ ពួកគេនឹងយល់ថា​ប្រាក់ខែខ្ពស់ និងតួនាទីល្អជាដើម ច្បាស់ជាលែងមានតម្លៃទៀតហើយ ព្រោះ​ពួកគេអាចធ្វើការងារក្នុងសម្ពាធ​ជារៀងរាល់ថ្ងៃ។ មានអ្នកខ្លះទៀត​ដោយសារតែការដឹកនាំមិនល្អ ក៏សម្រេចចិត្តឈប់ទៅវិញ ព្រោះពួកគេមើលមិនឃើញ​ភាពរីកចម្រើនទៅថ្ងៃខាងមុខ។

អ្នកជំនាញអប់រំខាងលើបានបញ្ជាក់ផងដែរថា ផ្ទុយមកវិញកាលណាមានការគ្រប់គ្រង ឬការដឹកនាំល្អ ពីអ្នកដឹកនាំស្ថាប័នទោះបីជាស្ថាប័ននោះមិនធំ ឬល្បីល្បាញក៏ដោយក៏បុគ្គលិកល្អៗជាច្រើន​ចាប់អារម្មណ៍​ចង់ចូលមកអភិវឌ្ឍជាមួយគ្នាដែរ។ ការដឹកនាំល្អអាចបង្ហាញឱ្យឃើញពីអនាគតយ៉ាងត្រចះត្រចង់ ហេតុនេះ​មនុស្សមានសមត្ថភាពស្ទើរគ្រប់គ្នា សុទ្ធតែរីករាយនឹង​ឆ្លងកាត់ដំណាក់កាលលំបាកដោយភាពជឿជាក់ខ្ពស់ថា នឹងអាចទទួលបាន​ការអភិវឌ្ឍនៅថ្ងៃអនាគត​ប្រកបដោយភាពវិជ្ជមាន។

ជារួមសម្រាប់អ្នកគ្រប់គ្រងស្ថាប័ន ទន្ទឹមនឹងយកចិត្តទុកដាក់​លើផលចំណេញការពង្រីកអាជីវកម្ម ឬការផ្តល់ឱ្យផ្សេងៗទៀតចំពោះបុគ្គលិក ចាំបាច់ត្រូវតែអភិវឌ្ឍវិធីសាស្រ្តដឹកនាំឱ្យបានល្អជាមុនសិន​ដើម្បីឱ្យបុគ្គលិកគ្រប់គ្នា​ មានភាពកក់ក្តៅនិង​មានទឹកចិត្តកាន់តែខ្លាំង ដើម្បីចូលរួមអភិវឌ្ឍទាំងអស់គ្នា៕