KOICA ផ្តល់ហិរញ្ញប្បទាន២លានដុល្លារ លើគម្រោងបង្កើតផែនការមេ នៅតំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧត្តុនិយម (MoWRAM)  និង លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានជាមួយលើគម្រោងបង្កើតផែនការមេ សម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គក្នុងប្រទេសកម្ពុជា (ROJECT OF MASTER PLAN OF EASTERN MEKONG DELTA-IWRM)។

គម្រោងនេះជាជំនួយឥតសំណងប្រមាណជា ២លានដុល្លាសហរដ្ឋអាមេរិច ដែលនឹងត្រូវបានអនុវត្តក្នុងរយៈពេល២៤ខែ (ចាប់ពីឆ្នាំ២០២១ដល់២០២៣) ក្នុងខេត្តព្រៃវែង និង ស្វាយរៀង។ ផ្នែកសំខាន់ៗរបស់គម្រោងរួមមាន ១) ការបង្កើតផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់តំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ ២) ការសិក្សាលទ្ធភាពបឋម និង ៣)ការគាំទ្រការអភិវឌ្ឍនសមត្តិភាព។

គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយផល់ប៉ះពាល់ ដែលបង្កឡើងដោយមហន្តរាយគ្រោះធម្មជាតិនានា ដូចជាគ្រោះទឹកជំនន់នៅរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំង ហើយដើម្បីបង្កើនផលិតកម្មកសិកម្មសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍនសេដ្ឋកិច្ចក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់។ 

ជាបន្ថែមទៀត គម្រោងនេះមានគោលបំណងដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាជន នៅក្នុងតំបន់គោលដៅតាមរយៈការបង្កើនប្រាក់ចំណូលរបស់កសិករ៕