សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ការយោគយល់ការយល់ចិត្ត ឬការយល់ពីគំនិត ឬអារម្មណ៍រវាងមនុស្សអ្នកជុំវិញខ្លួនជាផ្នែកសំខាន់មួយនៃទំនាក់ទំនងហើយជាមួយគ្នានេះ សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យ Stanford គឺលោកJamil Zaki បានឱ្យដឹងថាហេតុអ្វីបានការយល់ចិត្តគ្នានិងយោគយល់ជារឿងល្អ? ក៏ព្រោះថាវាជួយដល់ទំនាក់ទំនងទៅដល់ក្នុងសង្គមបន្ថយមិនឱ្យមានភាពយល់ច្រឡំ ឬអ្នកមានគំនិតផ្សេងៗគ្នាឱ្យយល់បានស្ថានការណ៍ការពិតនៃការពិតដែលនាំឱ្យភាពមានជម្លោះកាត់បន្ថយ។ ដើម្បីទទួលបាននូវប្រយោជន៍ទាំងនោះលោកបានលើកឡើងពីចំណុចមួយចំនួនដូចជា៖
១.ចាប់ផ្តើមពីខ្លួនអ្នកយល់ចិត្តអ្នក
លោកបានលើកឧទាហរណ៍ថាបើមានមិត្តភក្តិជិតស្និទ្ធម្នាក់មានទុក្ខ ឬជួបស្ថានភាពលំបាកណាមួយប្រាកដណាស់ អ្នកនឹងជួយដល់គេមិនថាជាលុយកាក់ឬជាកម្លាំងចិត្តនិងស្មារតី។ យ៉ាងណាមិញលោកក៏បានលើកឡើងដដែលថាប្រសិនបើស្ថានភាពលំបាកនោះកើតឡើងលើរូបអ្នកវិញភាគច្រើនអ្នកនឹងបន្ទោសឬរិះគន់ខ្លួនឯងទៅវិញ។ សរុបមក ការចេះសន្តោស និងអធ្យាស្រ័យគឺផ្តើមចេញពីខ្លួនអ្នកផ្ទាល់ ដោយចេះផ្តល់ឱកាសចេះលើកលែងឱ្យខ្លួនអ្នកដែលធ្វើឱ្យអ្នកមានអធ្យាស្រ័យល្អអត់ធ្មត់មុតមាំសម្រាប់កិច្ចការធំ។
២.ចែករំលែកក្តីស្រលាញ់ទៅអ្នកដទៃ
បើថ្ងៃមួយជួបអារម្មណ៍ស្រ្តេស អ្នកក៏អាចធ្វើរឿងតូចៗខ្លះដើម្បីបង្វែរអារម្មណ៍ម៉ួហ្មងនោះទៅជារីករាយនិងមិត្តភាពវិញបានដូចជា ជួយកិច្ចការអ្នកផ្ទះជួយទៅដល់អ្នកត្រូវការជំនួយជួយទិញម្ហូបអាហារដែលគ្រួសារអ្នកចូលចិត្ត ឬទិញនំចំណីខ្លះ ញ៉ាំជាមួយអ្នករួមការងារគឺជាការមួយប្រសើរសម្រាប់អ្នកបានទាំងបំបាត់ភាពទុក្ខព្រួយ និងបង្វែរទៅភាពស្រស់ស្រាយតាមការចែករំលែកក្តីស្រឡាញ់ទៅដល់មនុស្សជុំវិញទៀតផង។
៣.បដិសេធដោយពុំមានជម្លោះ
ឧទាហរណ៍ថាក្នុងពេលមួយបើអ្នកត្រូវជជែកជាមួយអ្នកដែលមានគំនិតផ្ទុយឬមិនស្របនឹងអ្នកអាចចេះនិយាយពីដំណើររឿង ឬហេតុដែលធ្វើឱ្យលើកចេញជាគំនិតនោះហើយក៏ត្រូវស្តាប់ពីដំណើរហេតុផលរបស់អ្នកម្ខាងទៀតផងដែរដើម្បីសំយោគយកគំនិតល្អរួមមួយដែលប្រសើរ។ ទម្លាប់បើកចិត្តនិយាយពីរឿង ឬបញ្ហាអ្វីមួយក្នុងទំនាក់ទំនងដោយពុំមានគំនិតមួយដែលយល់ច្រឡំថារាល់ពេលបដិសេធគឺការឈ្លោះ ឬជាសត្រូវជាដើម។
៤.ប្រើបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងមិនគ្រាន់តែ Likeឬ Comment
សកម្មភាពនេះគឺសម្តៅដល់ការប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យារបស់អ្នកសម្រាប់ជាការទំនាក់ទំនងដោយផ្ទាល់ដោយចំណាយពេលខ្លះផ្តល់ជាប្រយោជន៍ដល់ការទាក់ទងដូចជាខលសួរសុខទុក្ខ ឬបង្ហោះសារលើកទឹកចិត្តចែករំលែកជាចំណេះដឹងមានប្រយោជន៍លើបណ្តាញបច្ចេកវិទ្យាសង្គមជាដើម។ ទាំងនេះ មានន័យថាអ្នកមានគោលដៅចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងទិសដៅច្បាស់លាស់ និងមានប្រយោជន៍។
៥.លើកសរសើរទៅដល់អ្នកដទៃចំពោះរឿងល្អៗដែលគេបានធ្វើ
ទម្លាប់ល្អមួយដែលលោក Jamil Zaki បានលើកឡើងគឺពេលឃើញការធ្វើអំពើល្អៗ ឬសមិទ្ធិផលល្អណាមួយគួរគប្បីសាទរមិនថាមិត្តរួមក្រុមការងារ ឬមួយអ្នកជុំវិញខ្លួន។ សាស្រ្តាចារ្យចិត្តវិទ្យារូបនេះបានបន្ថែមទៀតថា ទម្លាប់ឬសកម្មភាពទាំងនេះគឺបានជម្រុញទឹកចិត្តឱ្យមានអំពើល្អ មនុស្សធម៌និងសកម្មភាពរីកចម្រើនល្អច្រើននៅក្នុងសង្គមដោយផ្តើមពីការសម្គាល់និងលើកសសើរតាំងពីអំពើល្អៗតូចៗក្នុងកន្លែងដែលអ្នករស់នៅមិនថាទីធ្វើការ សាលាឬក្រុមគ្រួសារដែលសុទ្ធសឹងជាប្រយោជន៍ដល់ទំនាក់ទំនងសាមគ្គីភាព ក្នុងសង្គម៕