អ្នកជំនាញ៖ តំបន់ភ្នំពេញថ្មី មានហេដ្ឋារចនាសម្ព័ន្ធល្អជួយជំរុញកំណើនវិស័យអចលនទ្រព្យ

ភ្នំពេញ៖ តំបន់ភ្នំពេញនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ជាមួយគ្នានេះបណ្តាញហេដ្ឋារចនាសម្ព័ន្ធក៏សម្បូរបែប ដែលជំរុញឱ្យតំបន់នេះ មានការរីកចំរើនលើវិស័យអចលនទ្រព្យស្ទើរតែគ្រប់ប្រភេទ ។

លោក ឡុង គីមសួគ៌ អគ្គនាយក្រុមហ៊ុន Century21 Advance បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តំបន់ភ្នំពេញថ្មីនាពេលនេះ ខុសពីពេលមុន  គឺមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែង ទាំងការពង្រីកផ្លូវក៏មានច្រើនថែមទៀត។ ទាំងអស់នេះ វានឹងជួយរុញឱ្យមានកំណើននៃគម្រោងអភិវឌ្ឍន៍ទៅមុនបន្ថែមទៀត។

លោកបានបន្ថែមថា «នៅពេលមានផ្លូវច្រើន វានឹងបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ មិនថាផ្នែកលំនៅឋាន ការប្រកបអាជីវកម្ម ឬការអភិវឌ្ឍគម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យផ្សេងៗទៀតនោះទេ ព្រោះវាមានភាពងាយស្រួលក្នុងការរស់នៅ និងធ្វើចរាចរណ៍»។ 

បើតាម លោក គីមសួគ៌ បានឱ្តដឹងថា តំបន់នេះជាតំបន់ថ្មី កាលពីមុនគ្រាន់ជាតំបន់វាលស្រែ លិចទឹក ឬជាចំការស្វាយប៉ុណ្នោះ ប៉ុន្តែបច្ចុប្បន្ននេះ វាមានការរីកចំរើន ហើយបាននឹងកំពុងក្លាយទៅជាទីប្រជុំជនរបស់ទីក្រុងភ្នំពេញ។ ប៉ុន្តែ បើនិយាយពីទីផ្សារដីធ្លីនៅតំបន់នេះ គឺនៅមានតម្លៃទាបនៅឡើយទេ បើធៀបជាមួយនឹងតំបន់ផ្សេង។ ដីនៅតំបន់នេះមានតម្លៃចាប់ពី១០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េឡើងទៅអាស្រ័យលើទីតាំងសក្តានុពលសេដ្ឋកិច្ចនីមួយៗ។

លោកបន្ថែមថាក្រៅពីនេះ យើងឃើញមានសំណង់ថ្មីៗជាច្រើនបាននឹងកំពុងសាងសង់នៅទីនេះ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយទៅមុខទៀត វានឹងកាន់តែមានការអភិវឌ្ឍន៍ និងរីកចំរើនទៅមុខ អាចនឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មមិនខាងឡើយ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានថ្លែងថា ទោះជាកាលៈទេសៈណាក៏ដោយ តំបន់ភ្នំពេញថ្មី នៅតែមានចរន្តនៃការទិញលក់ធម្មតា និងមានការអភិវឌ្ឍន៍ទៅមុខ ព្រោះតំបន់នេះនៅតែមានសក្តានុពល។

លោកស្រីបន្ថែមថា តំបន់ភ្នំពេញថ្មី លែងជាតំបន់ជាយយក្រុងទៀតហើយ គឺស្ថិតនៅក្នុងតំបន់ក្រុង និងជាតំបន់ដែលមានការអភិវឌ្ឍន៍រីកចំរើនលឿនបើធៀបជាមួយនឹងតំបន់ផ្សេងៗទៀត ហើយតម្រូវការដីធ្លីនៅទីនេះក៏នៅតែមានច្រើនសម្រាប់យកទៅសាងសង់ជាឃ្លាំង វីឡា ឬក៏ធ្វើទីកន្លែអាជីវកម្មផ្សេងៗ ៕