សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
បរិបទកូវីដ ជំងឺរាតត្បាតជាសកលដែលបានបង្កឱ្យមានផលប៉ះពាល់ទៅដល់មនុស្សគ្រប់ៗគ្នា គឺទៅលើសឹងគ្រប់ផ្នែកនៃការរស់នៅ។ នៅក្នុងនោះសកម្មភាពដើរហើរខាងក្រៅត្រូវរឹតបន្តឹង ហើយត្រូវជំនួសវិញដោយសកម្មភាពនៅផ្ទះច្រើនដូចនេះ ដំបូន្មានជាគំនិតខ្លះត្រូវបានលើកឡើងដើម្បីជាទុនច្នៃសកម្មភាពនៅផ្ទះឱ្យមានប្រយោជន៍មិនឱ្យអផ្សុក អភិវឌ្ឍខ្លួនហើយថែមទាំងជាបរិយាកាសរីករាយមិនគួរឱ្យធុញទ្រាន់ទៀតដូចជា៖
១.សៀវភៅនិងវីដេអូដែលនាំអារម្មណ៍អ្នកដូចបានដើរកម្សាន្ត
ពិតណាស់នៅផ្ទះអ្នកក៏អាចទទួលបានចំណេះដឹងនិងនាំអារម្មណ៍ដូចបានដើរកម្សាន្តតាមរយៈការអានជាចំណេះដឹងវប្បធម៌ ឬមួយទស្សនាវីដេអូ ឬភាពយន្តទាក់ទងនឹងទីកន្លែងណាមួយដែលនាំអារម្មណ៍អ្នកបានយល់ដឹងច្រើនពីទីនោះ។ ហើយនៅពេលមួយដែលអ្នកមានឱកាសបានទៅដល់ទីនោះផ្ទាល់ជាមួយចំណេះដឹងដែលបានដឹងអ្នកនឹងជួបអារម្មណ៍ពិសេស។
២.រៀនចំណេះធ្វើម្ហូបតាមចំណូលចិត្ត ឬបទពិសោធដែលធ្លាប់ជួប
នៅផ្ទះមែនតែអ្នកអាចប្រាប់ខ្លួនឯងថានេះជាឱកាសមួយអ្នកអាចអភិវឌ្ឍខ្លួនបាននូវវិជ្ជាមួយដែលជាប្រយោជន៍ដល់ខ្លួនឯងផងនិងអ្នកផ្សេងផងនោះគឺការចេះធ្វើម្ហូបញ៉ាំ។ មិនថាម្ហូបក្នុងស្រុកផ្ទាល់ដែលអ្នកញ៉ាំរាល់ថ្ងៃ ឬមួយមុខម្ហូបបរទេសដែលអ្នកធ្លាប់សាក។ ពិតមែនផ្ទះបាយមាន សៀវភៅធ្វើម្ហូបមានឬអាចខលសួរអ្នកចេះធ្វើម្ហូបដែលអ្នកស្គាល់ ឬមួយមើលតាមវីដេអូបង្រៀនក៏បាន។
៣.រៀនភាសាបរទេស
ភាសាបរទេសក៏ជាស្ពានមួយរួមចំណែកឱ្យអ្នកបានយល់ដឹងនូវផ្នត់គំនិតថ្មីៗ អាចអានឯកសារថ្មីៗបន្ថែម ហើយវាបានផ្សារភ្ជាប់អ្នកទៅនឹងវប្បធម៌ដើមរបស់ប្រទេសដែលប្រើភាសានោះ។ ម្យ៉ាងការរៀនភាសាមិនត្រឹមតែពង្រីកចំណេះដឹងពង្រឹងសមត្ថភាពខួរក្បាល ឬជាការកម្សាន្តប៉ុណ្ណោះទេពេលណាមួយដែលអ្នកអាចប្រើការវាបានច្បាស់លាស់នោះអ្នកក៏នឹងអាចពង្រីកមុខរបរ ឬសមត្ថភាពអ្នកទៀតផង។
៤.ស្រាវជ្រាវ និងសម្រួចគោលដៅ
មានពេលនៅផ្ទះជាវេលាល្អមួយដែលអ្នកអាចមានពេលពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួន។ ជាជាងការអង្គុយខ្វល់ខ្វាយអ្នកនឹងអាចយកពេលវេលាអផ្សុករបស់អ្នកទៅស្រាវជ្រាវនូវចំណុចណាខ្លះដែលអ្នកត្រូវពង្រឹង អភិវឌ្ឍ និងចំណុចណាខ្លះជាគោលដៅជីវិតរបស់ឱ្យបានប្រសើររុងរឿងនៅថ្ងៃអនាគត៕