លោក គួច ចំរើន ចេញមុខដោះស្រាយបញ្ចប់ ទំនាស់អាជីវករលក់ពងទាម្នាក់ និងសន្ដិសុខទារភាស៊ី

ខេត្តព្រះសីហនុ៖ ក្រោយពីមានការផ្សាយក្នុងបណ្ដាញសង្គម ពីវីដេអូនៃការធ្វើឲ្យខូចខាតទំនិញ(ពងទា)របស់អាជីវករ កាលពីថ្ងៃទី២០ មីនា កន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ លើករណីនេះ។

ឯកឧត្តម បញ្ជាឱ្យនាំខ្លួនសន្តិសុខរូបនោះ ហើយធ្វើការសួរនាំឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះ កើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។

ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នា របស់គូរភាគី ដោយសារសន្តិសុខអ្នកបង្ក បានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង និងបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ៕