ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ​ប្រវែងជាង១ពាន់ម៉ែត្រ ត្រូវបានបេីកឲ្យប្រជាពលរដ្ឋឆ្លងកាត់ពីថ្ងៃនេះតទៅ

ខេត្តកំពង់ចាម៖ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានសម្រេច ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ស្ពានស្តឹងត្រង់-ក្រូចឆ្មារ ចាប់ពីថ្ងៃទី ២៣មីនានេះ។

ក្នុងដំណើរចុះពិនិត្យមើលស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ឯកឧត្ដមទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយបានទទួលការអនុញ្ញាតពីសម្ដេចតេជោ នាយករដ្ឋមន្រ្ត ដើម្បីបេីកឲ្យដំណើរការជាបណ្ដោះអាសន្ននូវស្ពាននេះ សម្រាប់ឱ្យប្រជាពលរដ្នប្រើប្រាស់ សម្រួលការធ្វើដំណើរ ដឹកជញ្ជូន ពីពេលនេះតទៅ ។

ឯកឧត្ដមទេសរដ្នមន្ត្រី បានបញ្ជាក់ថា ស្ពាននេះ បានរួចរាល់មុនផែនការកំណត់ ហើយសាឡាងនៅទីតាំងនេះ ក៏នឹងត្រូវយកទៅបម្រើការនៅកំពង់ឆ្នាំ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយទីនោះមិនទាន់មានស្ពាន ឆ្លងកាត់ទន្លេនៅឡើយ។

អមដំណើរការពិនិត្យនេះ ក៏មានការចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ឯកឧត្ដម ជាម  ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផងដែរ។

សូមរំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨កន្លងទៅ ដែល «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មារ» ជាជំនួយរបស់មិត្តចិន តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង១ពាន់ម៉ែត្រមួយនេះ ថវិកាសាងសង់ជិត ៥៧លានដុល្លារ៕