ក្រសួងប្រៃសណីយ៍ សហការជាមួយ Brite Digital ដើម្បីអភិឌ្ឍន៍កម្មវិធីភាសាខ្មែររហ័ស ក្នុង Microsoft office

រាជធានីភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា នឹងជម្រុញឲ្យមានការអភិវឌ្ឍសូហ្វវែរ “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស” ។

ក្នុងព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រង ក្រុមហ៊ុន Brite Digital ដែលជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា នាថ្ងៃទី១៦មីនា។

កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ក្នុងការអភិវឌ្ឍសូហ្វវែរ “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស” (Khmer Fastype Tool) ដើម្បីសម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរ ក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ (Microsoft Office)។ 

បន្ទាប់ពីបញ្ចប់ការអភិវឌ្ឍកម្មវិធីនេះ អ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនេះ ជាអនុកម្មវិធីនៅក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទជាភាសាខ្មែរ ក្នុងកិច្ចការរដ្ឋបាលប្រចាំថ្ងៃ ឱ្យបានកាន់តែឆាប់រហ័ស ចំណេញពេលវេលាច្រើន និងបានត្រឹមត្រូវ តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដោយអាចស្នើពាក្យ ឬឃ្លាបន្ទាប់ ដែលធ្លាប់បានប្រើប្រាស់ច្រើនកន្លងមក។ 

ភាគីទាំងពីរកំពុងសិក្សា ពីលទ្ធភាពក្នុងការបញ្ចូលតួនាទីត្រួតពិនិត្យអក្ខរាវិរុទ្ធ (Spelling Check) ជាភាសាខ្មែរ ក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ ផងដែរ៕