ក្រោយពេលជោគជ័យនៃជីវិត ចូរកុំភ្លេចមនុស្សទាំង៥ប្រភេទនេះឱ្យសោះ

បុគ្គលគ្រប់រូបទម្រាំតែបានសម្រេចក្តីស្រមៃ និងទទួលបានជោគជ័យពេញលេញនៅក្នុងជីវិត គឺមិនមែនជារឿងដែលងាយស្រួលនោះទេ ពោលគឺលុះត្រាតែបុគ្គលនោះមានការតស៊ូ ខិតខំព្យាយាមទាំងកម្លាំងកាយចិត្ត និងបានឆ្លងកាត់ការលំបាកជាច្រើន ព្រមទាំងធ្លាប់ទទួលរងនូវភាពបរាជ័យមិនតិ​​​ច​ដង​នោះទេ​​​។ មិនត្រឹមតែប៉ុណ្ណោះវាត្រូវការពេលវេលាយូរ មិនមែនគ្រាន់តែធ្វើភ្លាមទទួលបានលទ្ធផលភ្លាមនោះទេ។

ជាមួយគ្នានេះដែរ វាក៏ទាមទារឱ្យមានចំណែកនៃការជួមជ្រោមជ្រែង ពីសំណាក់បុគ្គលមួយចំនួនដែលនៅមជ្ឈដ្ឋានជុំវិញខ្លួនរបស់អ្នកផងដែរ។ បុគ្គលទាំងអស់នោះ គឺជាផ្នែកមួយដែលញ៉ាំងឱ្យអ្នកមានកម្លាំងចិត្តក្នុងការតស៊ូសម្រេចក្តីស្រមៃ ចាំជួយទំនុកបម្រុងដល់អ្នកក៏ដូចជាមានរឿងជាច្រើនទៀត ដែលសុទ្ធសឹងមានការចូលរួមពីពួកគាត់។ 

ដូច្នេះនៅពេលដែលអ្នកទទួលបានជោគជ័យក្នុងជីវិតគឺមិនត្រូវមើលរំលងបុគ្គលទាំងនោះឡើយពោលគឺត្រូវគោរពរាប់អាន និងយកអាសារគ្នាទៅវិញទៅមកបន្តទៀត។ បុគ្គលទាំងនោះរួមមាន៖

១) បងប្អូនសាច់ញាតិ

មានបុគ្គលមួយចំនួនក្រោយពេលដែលខ្លួនរកស៊ីមានបានគឺបែរជាភ្លេចបងប្អូនដែលជាសាច់ឈាមបង្កើតរបស់ខ្លួនទៅវិញ។ វាគឺជារឿងដែលមិនគួរឱ្យកើតមាននោះទេពីព្រោះថាមុនពេលដែលអ្នកជោគជ័យ គឺបងប្អូននេះហើយដែលជាអ្នកចាំជួយជ្រោមជ្រែង ទំនុកបម្រុងនិងបានឆ្លងកាត់ភាពលំបាករាប់មិនអស់ជាមួយអ្នក។ ពេលខ្លះពួកគាត់សុខចិត្តលំបាកខ្លួនឯងដើម្បីជួយដល់អ្នក និងតែងតែចាំមើលអ្នកជោគជ័យជានិច្ច ហើយអ្វីដែលពួកគាត់ចង់បានពីអ្នកនោះ គឺនៅពេលដែលឃើញអ្នកជោគជ័យនេះឯង។ ដូច្នេះអ្នកត្រូវតែគោរព ស្រឡាញ់និងយកអាសារពួកគាត់ឱ្យបានកក់ក្តៅ​តាមអ្វីដែលអាចធ្វើទៅបាន។

២) បុគ្គលដែលបានជួយអ្នកនៅពេលដែលអ្នកគ្មានទីពឹង

បុគ្គលទាំងនេះគឺប្រៀបដូចជាបុគ្គលដែលស្រោចស្រង់ជីវិតអ្នកអញ្ចឹងដែរ ពីព្រោះថានៅពេលដែលជីវិតរបស់អ្នកធ្លាក់ដល់ចំណុចដែលអាក្រក់បំផុត បាត់បង់អស់អ្វីៗពីខ្លួននិងមិនដឹងថាត្រូវបន្តដំណើរជីវិតទៅមុខដោយរបៀបណានោះ គឺពួកគាត់នេះហើយ ដែលបានជួយស្រោចស្រង់ជីវិតរបស់អ្នកឡើងវិញ។ ម៉្យាងវិញទៀតពួកគាត់ក៏ជាបុគ្គលដែលផ្តល់ក្តីសង្ឃឹម ដែលនាំឱ្យអ្នកឈានដល់ថ្ងៃដែលអាចសម្រចក្តីស្រមៃរបស់អ្នកបានផងដែរ។ ការគោរពស្រឡាញ់និងរាប់អានពួកគាត់ គឺជារឿងដែលសាកសមបំផុតដែលអ្នកគួរតែធ្វើ។

៣) មិត្តដែលមិនរត់ចោលអ្នកក្នុងពេលលំបាក

មិត្តភក្តិដែលយល់ចិត្ត ចេះជួយយកអាសារគ្នាអ្នកនិងមិនបោះបង់ចោលអ្នក ក្នុងពេលមានគ្រាអាសន្នលំបាកទាល់ក្រគឺប្រៀបបានទៅនឹងបងប្អួនរបស់អ្នកអញ្ចឹង ពីព្រោះថាបុគ្គលទាំងនេះហ៊ានតស៊ូលំបាកអត់ឃ្លានជាមួយអ្នក ជាពិសេសនោះគឺមិនរត់ចោលអ្នកក្នុងពេលមានគ្រាអាសន្ននោះឡើយ។ មិត្តប្រភេទនេះគឺកម្រនឹងរកបានខ្លាំងណាស់ ពោលគឺប្រសិនបើអ្នកបានទទួលជោគជ័យក្នុងជីវិតហើយ កុំគិតភ្លេចពួកគាត់ឱ្យសោះ។ អ្នកគួរតែរាប់អាន គោរពស្រឡាញ់និងជួយយ៉ិតយោងគ្នាទៅវិញទៅមក។

៤) បុគ្គលដែលតែងតែផ្តល់កម្លាំងចិត្តដល់អ្នក

បុគ្គលទាំងនេះបើទោះបីជាមិនបានជួយជាកម្លាំងកាយឬហិរញ្ញវត្ថុដល់អ្នកក៏ដោយ ប៉ុន្តែកម្លាំងចិត្តដែលពួកគាត់បានផ្តល់ឱ្យអ្នកគឺពិតជាមានតម្លៃធំធេងខ្លាំងណាស់ ពីព្រោះថាកម្លាំងចិត្តដែលទទួលបានពីពួកគាត់គឺប្រៀបបានទៅនឹងថាមពលដ៏ខ្លាំងក្លាសម្រាប់អ្នកក្នុងការជំនះរាល់ឧបសគ្គទាំងឡាយ។ គ្រប់ពេលដែលអ្នកហត់នឿយខ្លាំង អស់សង្ឃឹមក្នុងការតស៊ូដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន គឺបុគ្គលទាំងអស់នេះហើយដែលចាំតែលើកទឹកចិត្ត និងជម្រុញឱ្យអ្នកខិតខំបន្តរហូតទទួលបានលទ្ធផលគួជាទីគាប់ចិត្ត។

៥) បុគ្គលដែលបង្ហាត់បង្រៀន​ និងបង្ហាញផ្លូវដល់អ្នក

ចំណេះដឹងទាំងឡាយដែលអ្នកទទួលបានពីបុគ្គលទាំងនេះ គឺជាទ្រព្យដ៏ធំធេងនិងមានតម្លៃខ្លាំងណាស់។ បុគ្គលទាំងនោះប្រៀបបានទៅនឹងគ្រូបង្រៀនដែលតែងតែបង្ហាញផ្លូវដល់អ្នកកែតម្រូវអ្នកពីខុសមកជាត្រូវ និងជួយជ្រោមជ្រែងអ្នក រហូតដល់អ្នកទទួលបានជោគជ័យ។ ប្រសិនបើគ្មានវត្តមានបុគ្គលទាំងនេះនោះទេ អ្នកប្រាកដជាជួបឧបសគ្គលំបាកៗជាច្រើន ឬមួយក៏ដើរផ្លូវខុសនិងអាចឈានដល់ការបោះបង់ក្តីស្រមៃរបស់តែម្តងក៏មានដែរ។

ជារួមមកវិញអ្នកមិនគួរភ្លេចបុគ្គលទាំង៥ប្រភេទខាងលើនេះនោះទេ មិនថាអ្វីៗបប្រែប្រួល ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ បើទោះបីជាពួកគាត់ក្លាយជាអ្នកមានឬក្រ ឬមានឋានៈតូចទាបប៉ុណ្ណាក៏ដោយ អ្នកគួរតែគោរពរាប់អាន និងយកអាសារបុគ្គលទាំង៥ប្រភេទនេះឱ្យបានល្អ។ ពីព្រោះថាពួកគាត់ធ្លាប់បានជួយជ្រោមជ្រែងអ្នក មិនបោះបង់ចោលអ្នក នៅពេលដែលអ្នកជួបការលំបាករហូតដល់មានថ្ងៃនេះ៕