ក្រសួងសុខាភិបាល ទទូចឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈអ្នកស្លាប់កើនឡើងម្នាក់ទៀត

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់ និងអ្នកស្លាប់ចំនួន៤នាក់ ។

ក្រសួងសុខាភិបាល សុំអង្វរករប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តន៍នូវ វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដែលមានប្រសិទ្ធភាពបំផុតនៅពេលនេះ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈ ថ្ងៃនេះអ្នកជំងឺម្នាក់ទៀត​បានស្លាប់ ដោយសារវីរុសនេះ ដែលធ្វើឲ្យតួលេខអ្នកស្លាប់ឡើងដល់៤នាក់ និងខ្លះទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថានភាពនៃការ ចម្លងវីរុសកូវីដ-១៩ កំពុងតែចរាចរណ៍យ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ។

លោកជំទាវ៖ «ឥឡូវសួរថាបើយើងមិនរួមគ្នា តើពេលណាយើងអាចបញ្ចប់នៅហេតុការណ៍នេះបាន ហើយសុំបងប្អូនកុំគិត ហើយកុំជឿទៅលើការផ្សព្វផ្សាយ ដែលបង្កើតឡើងដោយភាពមិនពិត មិនច្បាស់លាស់ទៅជារឿងអីផ្សេងទៅវិញ។ ដូចនេះយើងត្រូវមើលឱ្យជាក់ស្តែង ព្រោះព្រឹកនេះយើងមានអ្នកស្លាប់ទៀតហើយ ខ្ញុំមិនដឹងថាតទៅមុខទៀតមានអ្នកស្លាប់ ប៉ុន្មានអ្នកទៀតទេ។ »

លោកជំទាវវេជ្ជបណ្ឌិត អំពាវនាវកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលមានហានិភ័យខ្ពស់ បើពុំមានការចាំបាច់ និងកុំមានការជួបជុំគ្នាគឺជារឿងចាំបាច់បំផុត ដែលយើងត្រូវរួមគ្នាអនុវត្តន៍ ដើម្បីកាត់ផ្តាច់នូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតឱ្យបានជាអតិបរមា៕