នៅក្នុងចក្រវាឡយើងនេះ គ្មានអ្វីដែលអាចឋិតថេរជាអមតៈបាននោះទេ ពីព្រោះថាធម្មជាតិបានកំណត់រួចមកហើយថា គ្រប់យ៉ាងដែលកើតមកហើយ គឺត្រូវតែបាត់បង់ទៅវិញតាមទាំងអស់។ ជាមួយគ្នានេះដែរ យើងសង្កេតឃើញថា មានរបស់មួយចំនួនដែលបាត់បង់ទៅហើយ អ្នកអាចស្វែងរកនិងបង្កើតវាជាថ្មីឡើងវិញបាន។
ប៉ុន្តែក៏មានរបស់មួយចំនួនទៀត នៅពេលដែលបាត់បង់ទៅហើយ គ្មានថ្ងៃដែលអ្នកអាចធ្វើឱ្យវាកើតមានម្តងទៀតបានឡើយ បើទោះបីជាអ្នកខិតខំប្រឹងប្រែង ចំណាយប្រាក់ឬកម្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបានត្រឹមតែសោកស្តាយ និងមានវិប្បដិសារីតែប៉ុណ្ណោះ។ ដូចច្នេះគួរតែស្រឡាញ់ពេញចិត្ត និងថែរក្សានូវអ្វីដែលខ្លួនកំពុងតែមានទើបជាការល្អ។
ជាមួយគ្នានេះដែរ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញអ្នក ពីរបស់មានតម្លៃទាំង៥ ប្រសិនបើអ្នកបាត់បង់ហើយគឺមិនអាចរកមកវិញបានឡើយ។
១) ពេលវេលា
ពេលវេលាគឺជារបស់មួយដែលមិនអាចត្រឡប់វិញបាននោះទេ ពោលគឺចេះតែទៅមុខជានិច្ចដោយគ្មានថ្ងៃត្រឡប់ឡើយ។ ដូច្នេះអ្នកគួរតែចេះគ្រប់គ្រងពេលវេលារបស់ខ្លួនឯងឱ្យបានល្អ និងត្រូវប្រើប្រាស់វាឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសម្រាប់មនុស្សនៅជុំវិញខ្លួនរបស់អ្នក។ អ្នកគួរតែប្រញាប់ធ្វើអ្វីដែលខ្លួនចង់ធ្វើ ចាប់ផ្តើមសម្រេចក្តីស្រមៃរបស់ខ្លួន កុំចាំដល់ពេលដែលខ្លួនធ្វើវាលែងកើត។ ពីព្រោះថានៅពេលដែលវាកន្លងហួសទៅ គឺមានតែពាក្យថាស្តាយក្រោយតែប៉ុណ្ណោះ។ អ្នកត្រូវតែចងចាំថា “ពេលវេលាគឺជាមាសប្រាក់”។
២) ទំនុកចិត្ត
ទំនុកចិត្ត ភាពជឿជាក់ និងការផ្តល់ឪកាសគឺជាតម្លៃមួយដ៏ធំធេងមួយ ដែលមនុស្សទូទៅតែងតែប្រាថ្នាចង់បានពីមនុស្សជុំវិញខ្លួន មិនថាពីក្រុមគ្រួសារមិត្តភក្តិ ឬនៅក្នុងស្ថាប័នការងារជាដើម។ ទំនុកចិត្តនេះដែរគឺអ្នកចាំបាច់ត្រូវតែថែរក្សាឱ្យបានល្អ ពីព្រោះថាចំពោះបុគ្គលគ្រប់រូបប្រសិនបើអ្នកបានបំផ្លាញទឹកចិត្តរបស់គេហើយ គឺគ្មានថ្ងៃនឹងបុគ្គលនោះជឿជាក់មកលើអ្នកជាលើកទីពីរបាននោះឡើយ។
ដូច្នេះប្រសិនបើអ្នកបានទទួលទំនុកចិត្តពីនរណាម្នាក់ហើយ អ្នកមិនត្រូវធ្វើឱ្យបុគ្គលនោះអស់សង្ឃឹមឡើយ មិនថាជារឿងសំងាត់ផ្ទាល់ខ្លួនរបស់គាត់ ឬមួយក៏ជាកិច្ចការពិសេសណាមួយជាដើម។ អ្នកត្រូវតែខិតខំធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នកធ្វើយ៉ាងណាឱ្យសាកសមនឹងការដែលគាត់ហ៊ានទុកចិត្តមកលើអ្នក។
៣) ក្តីស្រឡាញ់
ប្រសិនបើអ្នកទទួលបានក្តីស្រឡាញ់ពីបុគ្គលណាម្នាក់ ហើយមិនថាក្នុងទំនាក់ទំនងមិត្តភាព ស្នេហា ឬក្នុងន័យអ្វីផ្សេងទៀតឡើយអ្នកត្រូវតែថែរក្សាវាឱ្យល្អ និងតបស្នងទៅកាន់ពួកគាត់វិញ ដោយការឱ្យតម្លៃការគោរពស្រឡាញ់ ក៏ដូចជាយកចិត្តទុកដាក់នឹងពួកគាត់ឱ្យបានល្អ។ ពីព្រោះថាវាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អ្នក ហើយបើកាលណាវាបាត់បង់ហើយ គឺមិនអាចនឹងកើតមានសារជាថ្មីម្តងទៀតនោះទេឬបើទោះបីជាកើតឡើងមែន ក៏មិនដូចមុននោះដែរ។
៤) ពាក្យសម្តី
ពាក្យសំដី ក៏បង្ហាញពីតម្លៃសម្រាប់បុគ្គលគ្រប់រូប ហើយវាក៏បញ្ជាក់ពីអត្តចរឹក សេចក្តីថ្លៃថ្នូរ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ។ គេអាចវាយតម្លៃបុគ្គលណាម្នាក់ តាមរយៈការនិយាយស្តីបានថា ជាមនុស្សម៉ត់ចត់ដែរឬទេ ចេះគោរពពាក្យសច្ចៈ និងជាមនុស្សចេះគិតពិចារណាឬមួយក៏មិនមែន។
រាល់ពាក្យសំដីទាំងអស់ ប្រសិនបើអ្នកនិយាយចេញមកហើយ គឺមិនអាចលុបវិញបាននោះទេ ដូចដែលពាក្យស្លោកខ្មែរមួយលើកឡើងថា “រនាបបាក់យករនាបជួស សំដីហួសគ្មានអ្វីជួសបាន”។ ដូច្នេះមុននឹងនិយាយអ្វី អ្នកត្រូវតែគិតពិចារណាឱ្យបានល្អិតល្អន់ ពោលគឺប្រសិនបើគ្មានន័យអ្វីទេកុំនិយាយចេញ ដើម្បីជៀសវាងទំនាស់ក៏ដូចជាជៀសវាងការអក់អន់ស្រពន់ចិត្តផ្សេងៗ ដែលកើតចេញពីពាក្យទាំងនោះ។
៥) មិត្តភាព
អ្នកអាចបង្កើនមិត្តភក្តិថ្មីបានជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែង ប៉ុន្តែមិត្តភាពដែលកើតចេញពីចិត្ត និងភាពស្មោះត្រង់គឺមិនងាយនឹងរកបានដោយងាយនោះទេ។ មានបុគ្គលមួយចំនួន ចូលមកស្និតស្នាលក្នុងជីវិតរបស់អ្នក គឺដើម្បីតែផលប្រយោជន៍របស់គេតែប៉ុណ្ណោះ នៅពេលអ្នកដែលលែងមានតម្លៃសម្រាប់គេ គេនឹងចាកចេញពីអ្នកជាក់ជាមិនខានឡើយ។
ដោយឡែកមិត្តភាពដែលកើតចេញពីចិត្តទៅវិញទេទើបមានតម្លៃ ពោលគឺពួកគេមិនដែលបោះចោលអ្នកនៅពេលដែលគ្មានអ្វីក្នុងខ្លួន និងមិនរត់ចោលអ្នកនៅពេលដែលមានបញ្ហាឡើយ ថែមទាំងចាំគាំទ្រអ្នកជានិច្ច។អ្នកគួរតែរក្សាចំណងមិត្តភាពប្រភេទនេះកុំឱ្យបាត់បង់ឱ្យសោះ ពីព្រោះថាប្រសិនបើវាបាត់បង់ហើយ ទោះបីជាអ្នកមានប្រាក់ច្រើនប៉ុណ្ណានិងខំព្យាយាមយ៉ាងណាក៏មិនធ្វើវាឱ្យដូចដើមបាននោះដែរ។
ជារួមមកវិញអ្នកគួរតែយកចិត្តទុកដាក់ទៅចំពោះរឿងទាំង៥ខាងលើនេះឱ្យបានល្អពីព្រោះថាគឺពិតជាមានតម្លៃនិងមានសារៈសំខាន់ជាខ្លាំងនៅក្នុងជីវិតរបស់អ្នក។ម៉្យាងវិញទៀតប្រសិនបើវាបាត់បង់ឬមួយក៏កន្លងហួសទៅហើយ គឺមិនអាចកើតឡើងម្តង ទៀតបាននោះទេ៕